ភ្នំពេញ៖ ទន្ទឹមនឹងពេលដែលការរីករាលដាលជំងឺកូវីដ ១៩ បានទប់ស្កាត់ គេហទំព័រអាជីវកម្មអនឡាញថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដើម្បីបម្រើប្រជាជនក្នុងអំឡុងពេលវេលាដ៏តានតឹងនេះ។ គេហទំព័រ Drinks on Wheels ត្រូវបានដាក់ឲ្យដំណើរការរយៈពេល ២ សប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុនភាគច្រើនបំផុតនៅភ្នំពេញបានចាប់ផ្ដើមបំបែកពេលម៉ោងដែលធ្វើការងារពីផ្ទះ ឬបិទដោយមិនមានពេលវេលាកំណត់។
លោក David Ghani ស្ថាបនិកគេហទំព័រ Drinks on Wheels ដែលមានប្រវត្តិចែកចាយស្រា មិនគ្រាន់តែមានរយៈពេលជាង ១៥ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំាងនៅប្រទេសជាច្រើនផងដែរ រួមមានចិន និងថៃ បង្កើតគេហទំព័រផ្សារទំនើបអនឡាញ ដើម្បីបម្រើសហគមន៍ទាំងក្នុងស្រុក និងបរទេសនៅទីក្រុងភ្នំពេញ។ លោកបានផ្តល់បទសម្ភាសដល់លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចកាសែតភ្នំពេញប៉ុស្ដិ៍ ដើម្បីពិភាក្សាអំពីអាជីវកម្មនេះ និងថា តើសហគមន៍អាជីវកម្មមានសភាពដូចម្ដេចដែរ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។
តើលោកអាចប្រាប់ខ្ញុំអំពីអាជីវកម្មរបស់លោកបានដែរឬទេ? ហេតុអ្វីបានជាលោកសម្រេចចិត្តចាប់យកអាជីវកម្មប្រភេទនេះ?
គេហទំព័រ Drinks on Wheels ត្រូវបានដាក់ឲ្យដំណើរការរយៈពេល ៣ សប្ដាហ៍មកហើយ បន្ទាប់ពីក្រុមហ៊ុនភាគច្រើននៅទីក្រុងភ្នំពេញបានចាប់ផ្ដើមផ្លាស់ប្តូរម៉ោងការងារ ដោយធ្វើការងារពីផ្ទះ ឬបិទដោយគ្មានពេលវេលាកំណត់។ ដោយមានការជំរុញពីគេហទំព័រផ្សារទំនើបអនឡាញនៅក្នុងប្រទេសកម្ពុជា ខ្ញុំបានមើលឃើញឱកាសនេះ និងបានបង្កើតគេហទំព័រ Drinks on Wheels ដើម្បីបម្រើសហគមន៍ក្នុងស្រុក និងជនបរទេសនៅទីក្រុងភ្នំពេញ។
យើងជាគេហទំព័រចែកចាយស្រាលើកដំបូងនៅកម្ពុជា ដែលមានស្ដុកជាង ៤០០ ផលិតផល។ ទិសដៅរបស់យើង គឺធ្វើឲ្យទីផ្សារភេសជ្ជៈអាចរកបាននៅកម្ពុជាតាមរយៈគេហទំព័រនេះ ព្រមទាំងលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវ និងការអប់រំជាទូទៅពីផលប៉ះពាល់ដោយសារតែការផឹកស្រា។
តើសេវារបស់ Drinks on Wheels មានទំហំយ៉ាងណា?
Drinks on Wheels កំពុងរៀបចំផែនការមិនគ្រាន់តែក្លាយជាសេវាចែកចាយភេសជ្ជៈនៅភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា ផងដែរ ជាមួយនឹងការដាក់ចេញផែនការធ្វើឲ្យបាននៅមុនដំណាច់ឆ្នាំនេះ។
តើលោកសង្កេតឃើញបែបណាអំពីផលប៉ះពាល់ដោយសារកូវីដ ១៩ ដល់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា?
ជំងឺកូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មជាច្រើននៅកម្ពុជា ជាពិសេសឧស្សាហកម្មអាហារ និងភេសជ្ជៈ។ មានការបិទភោជនីយដា្ឋនតូចៗ និងរង្គសាលជាច្រើននៅទូទាំងប្រទេស ដោយសារមិនមានអតិថិជន ឬតាមសារាចររបស់រដ្ឋាភិបាល។ វាគឺជាពេលវេលាដ៏ពិបាកខ្លាំងបំផុត សម្រាប់ឧស្សាហកម្មរបស់យើង ហើយវាទំនងជានឹងត្រូវការរយៈពេលជាយូរទៅមុខទៀត មុនពេលវាត្រឡប់ទៅរកស្ថានការណ៍មុនជំងឺកូវីដ ១៩ វិញ ប្រសិនវាកើតឡើងជាថ្មី។
តើលោកមើលឃើញនិន្នាការទីផ្សារក្នុងអំឡុងពេលវេលាដ៏ពិបាកនេះដូចម្ដេចដែរ?
យោងទៅតាមការវាស់វែង ដោយ Kantar ដែលជាក្រុមហ៊ុនឈានមុខផ្នែកទិន្នន័យ មានការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនដោយសារតែការបិទរង្គសាល ក្លិបកម្សាន្ត និងខារ៉ាអូខេ។
ការផឹកស្រាភាគច្រើននៅពេលនេះ គឺនៅតាមភោជនីយដ្ឋាន ឬតាមផ្ទះ ដូច្នេះប្រជាជនខ្មែរបច្ចុប្បន្នប្រើប្រាស់ផ្សារទំនើប និងម៉ាត ជាទៀងទាត់បំផុត ដើម្បីទិញភេសជ្ជៈ។
តើលោកនឹងបន្តអាជីវកម្មនេះដូចម្ដេចនៅពេលជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រង?
ពាណិជ្ជកម្មតាមអេឡិចត្រូនិក គឺជាអនាគតនៃអាជីវកម្មនៅទូទាំងពិភពលោក។ វាត្រូវបានបង្កើនល្បឿនដោយសារតែស្ថានការណ៍ជំងឺកូវីដ ១៩ និងបានជំរុញឲ្យអាជីវកម្មជាច្រើនចូលទៅក្នុងទីផ្សារអនឡាញ ដែលប្រហែលជាមិនបានផ្តោតការយកចិត្តទុកដាក់លើការងារនេះពីមុនមកទេ។ អាជីវកម្មរបស់យើងនឹងមិនមានការប្រែប្រួលនោះទេ ប៉ុន្តែយើងនឹងបន្តខិតខំអភិវឌ្ឍអាជីវកម្មអនឡាញរបស់យើងនៅពេលដែលជំងឺកូវីដ ១៩ នេះរលត់បាត់ទៅវិញឲ្យបានកាន់តែខ្លាំង៕LA