ហ្វ្រេងហ្វឺតៈ ការអង្កេត​របស់​ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ទទួល​បាន​ឥណទាន​កាន់តែ​ងាយស្រួល​នៅ​ត្រីមាស​ទី​ ១ ដោយសារ​តែ​ធនាគារ​ជាច្រើន​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​របស់​ពួកគេ​សម្រាប់​ការផ្ដល់​កម្ចី​ដល់​ក្រុមហ៊ុន និង​គ្រួសារ​។

ធនាគារ​ជាច្រើន​បាន​ប្រាប់ ECB ថា ស្ដង់ដារ​ឥណទាន​ជា​លក្ខណវិនិច្ឆ័យ​ដែល​ធនាគារ​ប្រើប្រាស់​ក្នុង​ការ​កំណត់​ថា​តើ​ត្រូវ​ផ្ដល់​កម្ចី​ដល់​បុគ្គល ឬ​ក្រុមហ៊ុន ត្រូវ​បាន​បន្ធូរបន្ថយ «​យ៉ាង​ខ្លាំង​» នៅ​ត្រីមាស​ទី​ ១ ​ទាំង​សម្រាប់​គ្រួសារ​ដែល​ស្វែងរក​កម្ចី​ទិញ​ផ្ទះ និង​សម្រាប់​ក្រុមហ៊ុន​ជាមួយ​នឹង​ការបន្ធូរបន្ថយ​បន្តិចបន្តួច​ក្នុង​កម្ចី​សម្រាប់​ការចំណាយ​របស់​អតិថិជន​។

ធនាគារ​ទាំង​នោះ​បន្ត​ថា​៖ «​ទន្ទឹម​នឹង​នេះ​រយៈពេល និង​លក្ខខណ្ឌ​លើ​ការសង​កម្ចី​នៅ​ពេល​ពួកគេ​ត្រូវ​បាន​ផ្ដល់​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុង​ប្រភេទ​ទាំងអស់​ ៣ ​។

ECB បាន​រកឃើញ​ថា​ធនាគារ​ជាច្រើន​បាន​រាយការណ៍​កំណើន​ជា​បន្ត​លើ​តម្រូវការ​ពី​អ្នក​ខ្ចី​នៅ​ត្រីមាស​ទី​ ១​។

ក្រុមហ៊ុន​បាន​ស្វែងរក​សាច់​ប្រាក់​នៅក្នុង​អត្រា​ការប្រាក់​ទាប ភាគច្រើន​សម្រាប់​ការវិនិយោគ ការច្របាច់​បញ្ចូល​គ្នា និង​ការទិញ​ភាគហ៊ុន​ក្រុមហ៊ុន ខណៈ​អ្នក​ទិញ​ផ្ទះ​បាន​ទាក់ទាញ​ដោយ​អត្រា​ការប្រាក់​ទាប​ផង​ដែរ​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ច ហើយ​សង្ឃឹម​ថា​នឹង​បាន​ប្រាក់​ចំណេញ​ពី​កំណើន​ទីផ្សារ​លំនៅឋាន​។

ECB បាន​កំណត់​អត្រា​ការប្រាក់​ក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ដ្រ និង​បាន​ចាក់​បញ្ចូល​សាច់ប្រាក់​ជិត ២,៤ ​ពាន់​ពាន់​លាន​អឺរ៉ូ (២,៩ ​ពាន់​ពាន់​ដុល្លារ​) នៅក្នុង​សេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​តាមរយៈ​កម្មវិធី «​ការចាក់​បញ្ចូល​សាច់ប្រាក់​ក្នុង​ទីផ្សារ (QE)» របស់​ខ្លួន ឬ​ការទិញ​មូលបត្រ​បំណុល​។

គោលបំណង​របស់​ខ្លួន​នឹង​ចាក់​បញ្ចូល​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​នៅ​ក្នុង​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន និង​អតិថិជន​ដែល​ជំរុញ​កំណើន និង​ការបង្កើន​អតិផរណា​ឆ្ពោះ​ទៅ​រក​ទិសដៅ​កំណត់​របស់​ខ្លួន​ក្រោម​ ២ ​ភាគរយ​។

ធនាគារ​ទាំង​នោះ​បាន​ប្រាប់ ECB ថា​ផែនការ QE និង​អត្រា​ការប្រាក់​ទាប​បាន​ជំរុញ​ការបន្ធូរបន្ថយ​រយៈពេល និង​លក្ខខណ្ឌ​សម្រាប់​ការសង​កម្ចី និង​ផ្ដល់​ឥទ្ធិពល​ដល់​ពួកគេ​ដើម្បី​ខ្ចីប្រាក់​កាន់តែ​ច្រើន​។

ប្រធាន​ធនាគារ​ត្រូវ​បាន​រំពឹង​ថា នឹង​រក្សា​គោលនយោបាយ​ទាំង​ ២ ​នៅ​ដដែល​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សង្ឃឹម​ថា​គោលនយោបាយ​ទាំង​នោះ​នឹង​ជួយ​ការពារ​តំបន់​ចាយប្រាក់​អឺរ៉ូ​ពី​ការជួយ​ឧបសគ្គ​សេដ្ឋកិច្ច​នៅពេល​ខាង​មុខ​ដូចជា​ការគំរាម​កំហែង​ការគាំពារ​និយម និង​ហានិភ័យ​ដោយសារ​ជម្លោះ​។ ការអង្កេត​នៅ​ខែ​មេសា​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​ ១៥ ខែ​មីនា និង​ថ្ងៃទី​ ៣ ខែ​មេសា​ដោយ​មាន​ការឆ្លើយតប​ពី​ធនាគារ​ចំនួន​ ១៤៩៕ LA