ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តោត​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើងវិញ ជាជាង​ការផលិត​ថាមពល​វារីអគ្គិសនី​។ នេះ​បើ​តាម​អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC)​។

វិស័យ​ឯកជន​បាន​សាទរ និង​ចាត់ទុក​ការវិនិយោគ​លើ​ថាមពល​សូឡា​ថា​នឹង​ធ្វើឲ្យ​វិស័យ​ផលិត​របស់​កម្ពុជា​មាន​ភាពប្រកួតប្រជែង​កាន់តែ​ខ្លាំង​។

ថ្លែង​ក្នុង​បទបង្ហាញ​ស្តីពី​ចក្ខុវិស័យ​ថាមពល​ឆ្នាំ​ ២០២០ របស់​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​ពង្រីក​គម្រោង​វិនិយោគ​លើ​ថាមពល​សូឡា​ឲ្យ​បាន​ ១២ ភាគរយ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ និង​ ២០ ភាគរយ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​បន្ទាប់​ទៀត​។

លោក​ថ្លែង​ថា​ការទាញ​យក​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន​ដល់​ ២០ ​ភាគរយ​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ហើយ​ថា​នឹង​មិន​មាន​ការសាងសង់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​ទេ​។

លោក​បន្ត​ថា​៖ «​យើង​ចង់​បង្កើត​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ឲ្យ​បាន​ច្រើន​កន្លែង យើង​ជឿ​ថា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នឹង​ផ្តល់​តម្លៃ​ទាប​។ EDC មិន​ចង់ឃើញ​មាន​ការសាងសង់​វារីអគ្គិសនី​នៅ​តាម​ទន្លេមេគង្គ​សម្រាប់​ផលិត​អគ្គិសនី​ទេ​»​។

លោក​បន្ថែម​ថា​៖ «​ជា​អគ្គនាយក EDC ខ្ញុំ​មិន​ចង់​ឃើញ​ទន្លេ​មេគង្គ​ជា​ផ្នែក​ណាមួយ​នៃ​ការបង្កើត​វារីអគ្គិសនី​ទេ​»​។

តាម​លោក​ កែវ រតនៈ នៅ​ឆ្នាំ​ ២០២០ កម្ពុជា​នឹង​អាច​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​បាន ៧០ ​ម៉ាហ្គាវ៉ាត់​ក្នុង​នោះ ១០ ​មេហ្គាវ៉ាត់​ពី​រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​ស្វាយរៀង និង​ ៦០ មេហ្គាវ៉ាត់​ទៀត​ពី​រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក មូ សារិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​នឹង​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​សម្រាប់​ការពង្រីក​ផលិតកម្ម​នាំចេញ​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ល្អ​សម្រាប់​វិស័យ​រោង​ម៉ាស៊ីន​កិនស្រូវ​តម្លៃ​ដើម​ក្នុង​ការផលិត​កែច្នៃ​នាំចេញ​វា​ទាប​ជាង​មុន​នាំឲ្យ​សក្តានុពល​របស់​យើង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​គេ វា​អាច​ជួយ​ជំរុញ​ការនាំ​ចេញ​ឲ្យ​កើនឡើង​»​។

តម្លៃ​អគ្គិសនី​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​មាន​តម្លៃ​ចន្លោះ​ពី ៦០០ ​រៀល​ទៅ ៨០០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។ លោក មូ សារិទ្ធ បន្ថែម​ថា​វិស័យ​ឯកជន​ចង់​ឲ្យ​តម្លៃ​ធ្លាក់​មក​នៅ ៤០០ ​រៀល​ទៅ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។ លោក​បន្ត​ថា​រោង​ម៉ាស៊ីន​កិនស្រូវ​ធំៗ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​ត្រូវ​ចំណាយ​ថ្លៃ​អគ្គិសនី​​ជា​មធ្យម​ចន្លោះ​ពី ៥០ ០០០ ដុល្លារ ទៅ ១៥០ ០០០ ដុល្លារ​ក្នុង ​១ ​ខែ​។

ថ្មីៗ​នេះ​រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ថាមពល​សូឡា​ចំនួន​ ២ ដែល​អាច​ផលិត​ថាមពល​សរុប ១២០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០២០ និង ឆ្នាំ ២០២១​។ រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស្នេ ថេក រីញូវេប៊ល វិនិយោគ​ដំឡើង​ផ្ទាំង​សូឡា​ ២០ ​មេហ្គាវ៉ាត់​បន្ថែម​លើ​រោងចក្រ​ថាមពល​ដែល​មាន​ស្រាប់​ ៦០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ដែល​គ្រោង​ដំណើរការ​ខែ​ធ្នូ ឆ្នាំ ២០១៩​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា​ប្រសិន​បើ EDC អាច​ពង្រីក​រោងចក្រ​ផលិត​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​វា​នឹង​អាច​ជួយ​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស និង​បង្កើត​ផលិតកម្ម​ដល់​វិស័យ​ឧស្សាហកម្ម​នានា​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់ថា​វា​ជា​រឿង​ល្អ អគ្គិសនី​កាន់​ថោក វា​កាន់តែ​ល្អ សព្វ​ថ្ងៃ​បញ្ហា​ធំ​អគ្គិសនី​មាន​តម្លៃ​ខ្ពស់​ពេក ធ្វើ​ប៉ះពាល់​ការផលិត ប្រសិន​បើ​បាន​ថ្លៃ​ភ្លើង​ថោក វា​កាន់តែ​ជំរុញ​លើក​ទឹកចិត្ត​ការវិនិយោគ​មក​ដែរ​។ មួយ​ទៀត​បើ​ភ្លើង​មាន​តម្លៃ​ទាប វា​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម​ច្រើន​ដោយសារ​ថ្លៃដើម​ផលិត​វា​ទាប​»៕LA