ភ្នំពេញៈ អគ្គិសនី​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​អនុ​ស្ថានីយ​អគ្គិសនី​ថ្មី​មួយ និង​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ ​គីឡូវ៉ុល ​នៅ​ខេត្ត​ត្បូងឃ្មុំ ដែលជា​ការខំប្រឹងប្រែង​មួយ​របស់​រដ្ឋាភិបាល​នៅក្នុង​ការលើកកម្ពស់​ស្ថិរភាព​ថាមពល​អគ្គិសនី​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​មុន​ថា ការដាក់​ឱ្យ​ដំណើរការ​អនុស្ថានីយ​ថ្មី​នេះ គឺ​បន្ទាប់ពី​ EDC បានបញ្ចប់​ការធ្វើ​តេស្ត​សាកល្បង​ដោយ​ជោគជ័យ​នា​ថ្ងៃទី​ ១៤ ខែ​មករា​។ លោក​បានឱ្យ​ដឹងថា អនុស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន TBEA Co., Ltd មកពី​ប្រទេស​ចិន និង​ត្រួតពិនិត្យ​ដោយ​វិស្វករ​អគ្គិសនី​កម្ពុជា ដែល​ផ្តល់​ជំនួយ​ពី​ទីប្រឹក្សាបច្ចេកទេស​នៃ​អគ្គិសនី​បារាំង (EDF)​។

លោក​ថ្លែងថា​៖ «​អនុស្ថានីយ​អគ្គិសនី​នេះ គឺជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហការ​គ្នា​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD)»​។

លោក​បន្ថែមថា ចំណែក​ខ្សែបញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ ​គីឡូវ៉ុល គឺជា​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ចិន​ក្នុង​គោលដៅ​រួមគ្នា​អភិវឌ្ឍ​វិស័យ​អគ្គិសនី​។ អនុស្ថានីយ​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន CHMC​។

លោក​ប្រាប់ថា​៖ «​នេះ​ជា​អនុស្ថានីយ​អគ្គិសនី​ទី១ បានដាក់​ដំណើរការ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ កាលពីមុន​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ខេត្ត​នេះ​ ​ត្រូវបាន​ទាញ​ថាមពល​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​នាំចូល​ពី​វៀតណាម​»​។

អនុស្ថានីយ​នេះ​នឹង​ផ្គត់ផ្គង់​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ព្រមទាំង​ចែកចាយ​ទៅ​ខេត្តព្រៃវែង​តាម​ខ្សែ​បញ្ជូន ២៣០ គីឡូវ៉ុល​នេះ​ដែល​នឹង​ដំណើរការ​ដំណាក់កាល​ដំបូង​ ១១៥ ​គីឡូវ៉ុល ហើយ​​ខ្សែ​បញ្ជូន​នេះ​នឹង​តភ្ជាប់​ទៅ​ខេត្ត​ស្វាយរៀង​ផងដែរ តាមរយៈ​ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥ ​គីឡូវ៉ុល ​ដែលមាន​ស្រាប់​។ នេះ​បើតាម​លោក រតនៈ​។

លោក​បញ្ជាក់ថា​៖ «​អនុស្ថានីយ​នេះ​នឹង​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​កាន់តែ​មាន​ស្ថិរភាព និង​គុណភាព​ជាង​មុន​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូនា បាន​និយាយថា អនុ​ស្ថានីយ​ថ្មី​នេះ​ត្រូវបាន​ទាញ​ថាមពល​ពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ទាំងអស់​ពី​ខេត្ត​ព្រះសីហនុ​។ រហូតមកទល់​ពេលនេះ រដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​អនុ​ស្ថានីយ​ចំនួន​ ៣៤ នៅ​ទូទាំង​​ប្រទេស (​រួមទាំង​អនុស្ថានីយ​នៅ​ត្បូងឃ្មុំ​នេះ​)​។

លោក​ប្រាប់ថា​៖ «​អនុស្ថានីយ​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​ខ្សែបណ្តាញ​បញ្ជូន​ជាតិ​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​ដែល​វា​នឹង​រួមចំណែក​លើកកម្ពស់​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ថាមពល​ជូន​ប្រជាពលរដ្ឋ អ្នក​ក្នុង​ឧស្សាហកម្ម និង​សេវាកម្ម​»​។

កាលពី​ចុងឆ្នាំ ២០២០​ ​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ​តម្លៃ ៣៨០ ​លាន​ដុល្លារ​ អនុភាព ៤០០ ​មេហ្គាវ៉ាត់​ នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល បានបញ្ចប់​ការសាងសង់​ហើយដោយ​ត្រៀម​នឹង​បញ្ចេញ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ពេល​មាន​តម្រូវការ​ខ្ពស់​។

ការប្រើប្រាស់​អគ្គិសនី​ឆ្នាំមុន​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ១០ ទៅ ១២ ​ភាគរយ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បង្ក​ផលប៉ះពាល់​ដល់​ផលិតកម្ម​កាត់ដេរ​។ លោក​បន្តថា ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​ការប្រើប្រាស់​នៅក្នុង​ផលិតកម្ម​កាត់ដេរ​មាន​ចំនួន​ជាង ៤០ ​ភាគរយ​នៃ​ការប្រើប្រាស់​សរុប​។ ​នេះ​បើតាម​លោក ហ្សូនា​៕ LA