ភ្នំពេញៈ ក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះការដេញថ្លៃផ្គត់ផ្គង់ក្នុងតម្លៃទាបបំផុតសម្រាប់គម្រោងសូឡា ៦០ មេហ្គាវ៉ាត់ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្តាហ៍មុន។
សេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយកាលពីថ្ងៃទី ៥ កញ្ញា បង្ហាញថាការដេញថ្លៃសម្រាប់ថាមពលសូឡា ៦០ មេហ្គាវ៉ាត់នេះ ត្រូវបានធ្វើឡើងដោយអគ្គិសនីកម្ពុជា (EDC) ដើម្បីទទួលបានក្រុមហ៊ុនផ្គត់ផ្គង់ក្នុងតម្លៃទាបមួយ។ ហើយលទ្ធផលក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះការដេញថ្លៃក្នុងតម្លៃ ៣,៨៧៧ សេន (ដុល្លារអាមេរិក) ក្នុង ១ គីឡូវ៉ាត់ម៉ោង។
គម្រោងថាមពលសូឡា ៦០ មេហ្គាវ៉ាត់នេះ គឺជាផ្នែកមួយនៃសួនសូឡាជាតិ ១០០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំងដែលត្រូវបានធ្វើឡើងភាពជាដៃគូសាធារណៈឯកជន។
កាលពីខែកុម្ភៈ EDC បានដាក់ដេញថ្លៃសម្រាប់សិទ្ធិសាងសង់គម្រោងសូឡា ៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំងលើមូលដ្ឋានសាងសង់ គ្រប់គ្រងប្រតិបត្តិការ។
គម្រោងដែលគាំទ្រដោយ ADB នេះបានទាក់ទាញក្រុមហ៊ុនដេញថ្លៃ ២៦ ដែលរួមទាំងក្រុមហ៊ុនលំដាប់ពិភពលោកមួយចំនួនផងដែរ និងសម្រេចបានតម្លៃទាបបំផុតនៅក្នុងអាស៊ីអាគ្នេយ៍បើគិតមកដល់នឹងពេលនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Siddharta Shah នាយកការិយាល័យភាពជាដៃគូសាធារណៈឯកជនរបស់ ADB បានឲ្យដឹងថា តម្លៃដ៏ទាបនេះបង្ហាញពីភាពប្រកួតប្រជែងក្នុងវិស័យថាមពល ហើយនេះជាសម័យថ្មីមួយសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា និងតំបន់ ហើយជាពិសេសសម្រាប់ការផលិតថាមពលសូឡា។
លោក Siddharta Shah បានឲ្យដឹងថា នេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់ EDC និងប្រជាជនកម្ពុជា។ លោកថ្លែងថា៖ «យើងជឿជាក់ថា រដ្ឋាភិបាលកាន់តែច្រើននៅក្នុងតំបន់នេះនឹងអនុម័តការដេញថ្លៃជាយុទ្ធសាស្ដ្រមួយដើម្បីទទួលបានសមត្ថភាពផលិតថាមពលកកើតឡើងវិញ ហើយរចនាសម្ព័ន្ធ និងតម្លៃនេះនឹងបម្រើជាតម្លៃគោលសម្រាប់គម្រោងនៅពេលអនាគត»។
ការងាររៀបចំគម្រោងនេះត្រូវបានអនុវត្តដោយ ADB ដោយមានការគាំទ្រពីរដ្ឋាភិបាលកាណាដា និងសិង្ហបុរី។
លោក Pradeep Tharakan អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុនៅ ADB បានថ្លែងថា ADB កំពុងធ្វើការងារឆ្ពោះទៅការអភិវឌ្ឍរយៈពេលវែងនៃវិស័យថាមពលនៅក្នុងប្រទេស កម្ពុជា។
លោកថ្លែងថា៖ «ការពង្រីកការផលិតសូឡាស្របគ្នានឹងទិសដៅរបស់ខ្លួននៃការបង្កើនលទ្ធភាពទទួលបានប្រភពអគ្គិសនីមានតម្លៃទាប និងទុកចិត្តបាន»។
ការគាំទ្រគម្រោងផ្សេងទៀតរបស់ ADB ក្នុងវិស័យថាមពលរបស់កម្ពុជា រួមមានការផ្ដល់ហិរញ្ញប្បទានសម្រាប់ការពង្រីក និងការពង្រឹងអគ្គិសនីជាតិ ការអភិវឌ្ឍផែនការអភិវឌ្ឍន៍ថាមពលដ៏ទូលំទូលាយរហូតដល់ឆ្នាំ ២០៤០ និងការសាកល្បងបច្ចេកវិទ្យានវានុវត្តន៍ដែលរួមទាំងប្រព័ន្ធស្ដុកថាមពលផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
នៅពេលទំនាក់ទំនងតាមបណ្តាញ WhatApp កាលពីម្សិលមិញលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បដិសេធធ្វើអត្ថាធិប្បាយ។
ប៉ុន្តែលោកបានឲ្យដឹងកាលពីខែកក្កដាថា រដ្ឋាភិបាលនឹងផ្ដល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញជាជាងវារីអគ្គិសនី។ លោកឲ្យដឹងថា កម្ពុជានឹងពង្រីកការវិនិយោគថាមពលសូឡារបស់ខ្លួនឲ្យបាន ១២ ភាគរយ ត្រឹមចុងឆ្នាំ ២០២០ និងបង្កើនរហូតដល់ ២០ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ទៀត៕LA