ភ្នំពេញៈ ​អគ្គិសនី​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន ​២ ​​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ ​(HFO) និង​​ឧស្ម័ន ​(LNG) ​តម្លៃ​ ៣៨០ ​លាន​ដុល្លារ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​អះអាង​ថា ​ទីក្រុង​​ភ្នំពេញ​នឹង​មិន​ងាយ​មាន​កង្វះ​ខាត​ថាមពល​អគ្គិសនី​​ទៀត​ទេ​ចាប់​ពី​ឆ្នាំ ​២០២០ តទៅ។

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​សាងសង់​រោងចក្រ​អគ្គិសនី​ដែល​មាន​​​ថាមពល​ ៤០០ ​មេហ្គាវ៉ាត់​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​រវាង​អគ្គិសនី​កម្ពុជា (EDC) ជា​មួយ​ក្រុមហ៊ុន​​ចិន ​CGGC-Un Power Co., Ltd ​និង​ក្រុមហ៊ុន​ China National Heavy ​Machiner​y​ Corporation​។​

រោងចក្រ​នេះ​នឹង​ត្រូវ​សាងសង់​​ឡើង​ក្នុង​ឃុំ​កោះរះ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ ដែល​នឹង​​ប្រើប្រាស់​ពេល ១០ ​ខែ។ ​នេះ​បើ​​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

កិច្ច​ព្រមព្រៀង​សាងសង់​រោងចក្រ​អគ្គិសនី​នេះ​ស្ថិត​ក្រោម​​រូបភាព​ម៉ៅការ​ធ្វើ​វិស្វកម្ម​ ផ្គត់ផ្គង់​បរិក្ខារ និង​សាងសង់ ដែល​​ត្រូវ​​ចែក​ជា ​២ ​ទី១​ រោងចក្រ​ផលិត​អគ្គិសនី​ ២០០ ​មេហ្គាវ៉ាត់ ​ប្រើប្រាស់​ម៉ាស៊ីន ​WARTSILA ​របស់​ប្រទេស ​ហ្វាំងឡង់​ សាងសង់​ដោយ​ក្រុមហ៊ុន CGGC-Un Power Co.​, Ltd ​និង​ទី២ សាងសង់​ដោយ​ក្រុមហ៊ុន​ China National Heavy Machinery Corporation ​ដោយ​ប្រើ​ម៉ាស៊ីន​ MAN របស់​អាល្លឺម៉ង់​។

គម្រោង​ទាំង​មូល​នឹង​ចំណាយ​​ថវិកា​សរុប ​៣៨០ ​លាន​ដុល្លារ ​ដែល​ជា​មូលនិធិ​របស់​រដ្ឋាភិបាល ​(៣០០ លាន​ដុល្លារ​) និង​អគ្គិសនី​កម្ពុជា​ ក្នុង​នោះ​ ៣៥៥ ​លាន​​ដុល្លារ ​សម្រាប់​ការ​សាងសង់​​រោងចក្រ ​និង ​២៥ ​លាន​ដុល្លារ ​​សម្រាប់​ការ​សាងសង់​ហេដ្ឋា​​រចនា​សម្ព័ន្ធ​នានា​។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក ​កែវ​ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ដែល​បាន​​ចូលរួម​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​​នោះ បាន​និយាយ​ថា ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​​នេះ​ គឺ​​ជា​ការ​ចូលរួម​ចំណែក​របស់​អគ្គិសនី​កម្ពុជា ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​កង្វះ​ថាមពល។ លោក​​ថ្លែង​​ថា៖ ​«​ការ​​ដំឡើង​ម៉ាស៊ីន​​នេះ ជា​​យុទ្ធសាស្រ្ត​មួយ​ដ៏​ចាំបាច់​​»​។​​

តាម​លោក ​កែវ រតនៈ ​អគ្គិសនី​​កម្ពុជា​ត្រូវ​បង្កើន​ការ​ស្វែង​រក​ថាមពល​ថ្មី​បន្ថែម​ឲ្យ​បាន​ជាង​ ១ ០០០ ​មេហ្គាវ៉ាត់ ​នៅ​​មុន​ដំណាច់​ឆ្នាំ ​២០២០។​ លោក​បន្ត​​ថា៖ «​បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​​កំពុង​ខិតខំ​​​ស្វែងរក​​​ថាមពល​​អគ្គិសនី​ តាម​វិធី​ជា​​ច្រើន​ដូច​​ជា សាងសង់​រោងចក្រ​អគ្គិសនី​ដោយ​​ថាមពល​ធ្យូង​ថ្ម ពន្លឺ​ព្រះអាទិត្យ និង​ការ​ទិញ​ពី​ប្រភព​ដែល​មាន​តម្លៃ​ថោក ​(ប្រទេស ​ឡាវ) ដើម្បី​​ធ្វើ​​​ឲ្យ​វា​មាន​ភាព​​ប្រសើរ​ជាង​មុន​»​។​

តាម​លោក​ កែវ​ រតនៈ ថា ​រោងចក្រ​អគ្គិសនី​នេះ​អាច​​ដំណើរការ​បាន​ទាំង​​​ប្រេង​ខ្មៅ ​(HFO) និង​​ឧស្ម័ន (LNG)។ ​លោក​​ថ្លែង​ថា៖​ «ខ្ញុំ​ជឿ​ថា រដូវ​ប្រាំង​ឆ្នាំ​ក្រោយ​​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​នេះ»។

លោក ទី ​នរិន្ទ​ រដ្ឋលេខាធិការ​នៃ​​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ការងារ​​កំពុង​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​មួយ​​ចំនួន​នៅ​ទីតាំង​សាងសង់​ ដើម្បី​​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​សាងសង់​​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​​​បន្ត​ថា ​រោងចក្រ​អគ្គិសនី​មួយ​នេះ​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ក្នុង​ខែ​មីនា ឬ​មេសា ​ឆ្នាំ ​២០២០​។​​

របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ២ ​៨៧០,៦៥ ​មេហ្គាវ៉ាត់ ​នៅ​ឆ្នាំ ​២០១៩ ​កើន​​ឡើង​ពី​ ២ ៦៥០,​២៦ ​​មេហ្គាវ៉ាត់ ​​ក្នុង​ឆ្នាំ ​២០១៨​​។

របាយការណ៍​នេះ​បង្ហាញ​ថា​ កម្ពុជា​គ្រោង​នឹង​នាំចូល​ថាមពល​ក្នុង​បរិមាណ​ដូច​គ្នា​នឹង​ឆ្នាំ ​២០១៨​ និង ២០១៧​ ពី​បណ្ដា​​ប្រទេស​ជិត​ខាង គឺ​​ ៤៤២,៥ ​មេហ្គា​វ៉ាត់​។

អគ្គិសនី​កម្ពុជា​កាល​ពី​ខែ​មីនា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​​​​ប្រទេស​​ ឡាវ​ ដើម្បី​ទិញ​ថាមពល​អគ្គិសនី​​បន្ថែម​ ២០០ ​មេហ្គា​វ៉ាត់​ ដែល​ចាប់​​ផ្ដើម​​ផ្គត់ផ្គង់​ពី​ឆ្នាំ​ ២០២១ ទៅ​៕ LA