ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា (EDC) នឹងតភ្ជាប់បណ្តាញអគ្គិសនីពីក្រុងតាខ្មៅទៅក្រុងបាវិតនៃខេត្តស្វាយរៀងដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៨៤,៥ លានដុល្លារដើម្បីផ្តល់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសវៀតណាម។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទឹកប្រាក់នេះជាកម្ចីពីរដ្ឋាភិបាលចិន ហើយគម្រោងនេះនឹងប្រើពេលពីរឆ្នាំកន្លះដើម្បីបញ្ចប់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានខ្មែរដែលីកាលពីសៅរិ៍។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថាការចាប់ផ្តើមដំឡើងបណ្តាញនេះនឹងត្រូវចាប់ផ្តើមនៅពេលណានោះទេ។
អគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់លើការតភ្ជាប់បណ្តាញនេះ។ លោកបន្តឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចលើគម្រោងនេះរួចហើយ ដើម្បីទ្រទ្រង់ដល់សណ្ឋាគារ ឧស្សាហកម្ម និងផលិតកម្មដែលកំពុងដំណើរការនៅក្រុងបាវិត ដែលបច្ចុប្បន្នកំពុងពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសវៀតណាម។ ខេត្តស្វាយរៀងកំពុងទិញអគ្គិសនីពីប្រទេសវៀតណាមរហូតដល់ ២០ មេហ្គាវ៉ាត់ក្នុងមួយម៉ោងដែលមានតម្លៃ ៩០០ រៀលក្នុងមួយគីឡូវ៉ាត់។
លោក រតនៈ បានឲ្យដឹងថា តាមរយៈការតភ្ជាប់បណ្តាញនេះ រដ្ឋាភិបាលរំពឹងថានឹងអាចធានាបានការផ្គត់ផ្គងអគ្គិសនីសម្រាប់ខេត្តដែលមានសក្តានុពលផ្នែកឧស្សាហកម្មមួយនេះហើយក៏នឹងអាចជំរុញសេដ្ឋកិច្ចខេត្តផងដែរ។
បណ្តាញអគ្គិសនីដែលនឹងត្រូវដំឡើងនាពេលខាងមុននេះនឹងអាចបញ្ជូនថាមពលអគ្គិសនីចំនួន ១១៣គីឡូវ៉ុល ហើយថ្លៃអគ្គិសនីនឹងត្រូវបញ្ចុះពី៩០០រៀលមកត្រឹម៦៥០រៀលក្នុងមួយគីឡូវ៉ាត់។ នេះបើតាមការឲ្យដឹងរបស់លោករតនៈ។
រដ្ឋាភិបាលមិនត្រឹមតែមានគម្រោងតភ្ជាប់បណ្តាញសម្រាប់ក្រុងបាវិតប៉ុណ្ណោះទេ គម្រោងតភ្ជាប់បណ្តាញនេះនឹងត្រូវអនុវត្តទូទាំងប្រទេសដើម្បីសម្រេចតាមគោលដៅនៅឆ្នាំ២០២០ ដែលថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងអាចទទួលបានអគ្គិសនីប្រើប្រាស់។ នេះបើតាមប្រសាសន៍របស់ ទី ថានី ប្រធានហិរញ្ញវត្ថុនៃអាជ្ញាធរអគ្គិសនីកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញ។
លោកលើកឡើងថា៖ «បណ្តាញអគ្គិសនីនេះបន្ទាប់ពីការដំឡើងហើយ នឹងបម្រើមិនត្រឹមតែដល់ប្រជាជនដែលរស់នៅក្បែរបណ្ដាញ និងឧស្សាហកម្មនៅក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងអនុញ្ញាតឲ្យប្រទេសកម្ពុជាលក់ថាមពលលើសតម្រូវការត្រឡប់ទៅប្រទេសវៀតណាម និងថៃបានទៀតផង»។
លោកបានបន្តថា៖ «វាមិនគ្រាន់តែសម្រាប់ប្រជាជនក្នុងការទទួលបានថាមពលក្នុងតម្លៃសមរម្យបានទេ ប៉ុន្តែថែមទាំងដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានទៀតផង។ នៅពេលទំនប់វារីអគ្គិសនីមិនអាចផ្ដល់បានគ្រប់គ្រាន់ យើងអាចទិញពីប្រទេសវៀតណាម និងថៃបាន ប៉ុន្តែ នៅពេលយើងមានផលិតផលលើសបានពីទំនប់វារីអគ្គិសនីនេះ យើងអាចលក់ឲ្យវៀតណាម និងថៃវិញ ខណៈដែលប្រទេសទាំងពីរនេះនៅពេលនេះកំពុងខ្វះខាតធនធានថាមពលមានតម្លៃទាប»។
លោកបន្ត ថាមពលអគ្គិសនីនឹងអនុញ្ញាតឲ្យមានការតភ្ជាប់ថាមពលបានកាន់តែល្អប្រសើរ និងការផ្លាស់ប្តូររវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាងរបស់ខ្លួន។
អ្នកស្រី កែវ យ៉ានី ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលអគ្គិសនីតភ្ជាប់ពីសហគ្រាសឯកជនពីខេត្តព្រៃវែងថ្លែងថា ការផ្គត់ផ្គង់អគ្គិសនីដែលមិនស្ថិតស្ថេរបានបង្កឲ្យម៉ាស៊ីនកិនស្រូវរបស់អ្នកស្រីជួបញ្ហាច្រើន។
អ្នកស្រីថា៖ «ពេលនេះម៉ាស៊ីនកិនស្រូវខ្ញុំទិញថាមពលពីគេតម្លៃក្រោម៦០០រៀលប៉ុណ្ណោះ តែត្រូវចុះកិច្ចសន្យាទិញក្នុងទំហំធំទើបបានតម្លៃប៉ុណ្ណេះ។ បើបានអគ្គិសនីពីរដ្ឋ ការផ្គត់ផ្គង់ស្ថិតស្ថេរ និងមានតម្លៃក្រោម៥០០រៀលនោះជាការល្អ ព្រោះផលិតកម្មនេះត្រូវការប្រើអគ្គិសនីច្រើនដែរក្នុងការផលិត»។
លោក កែវ រតនៈ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
កាលពីឆ្នាំ២០១៤ កម្ពុជាសល់ថាមពលចំនួន ១០០ មេហ្គាវ៉ាត់ ពីការប្រើប្រាស់ ដែលថាមពលនេះបានពីទំនប់វារីអគ្គិសនីផ្សេងៗនៅក្នុងប្រទេសក្នុងអំឡុងរដូវវស្សា។ ថាមពលអគ្គិសនីដែលសេសសល់នេះត្រូវបានគេរំពឹងថានឹងត្រូវបានលក់ទៅឲ្យប្រទេសវៀតណាម ខណៈ បណ្តាញអគ្គិសនីរវាងប្រទេសទាំងពីរត្រូវបានភ្ជាប់រួចហើយ។ នេះបើតាមការឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានប្រាប់អ្នកយកសារព័ត៌មានបន្ទាប់ពីការសួរសំណួរ និងចម្លើយពីគណបក្សប្រឆាំងទាក់ទងនឹងទំនប់វារីអគ្គិសនីសេសាន ២ កាលពីខែមិថុនាឆ្នាំមុន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមឆ្នាំ ២០១៣ បណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ត្រូវបានដំឡើងនៅតាមខេត្តនិងក្រុងចំនួន១៣ ដែលរួមមាន កែប កណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពត និងរាជធានីភ្នំពេញ៕