ភ្នំពេញៈ អគ្គិសនីកម្ពុជា (EDC) បានដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីពោធិ៍ចិនតុង ដើម្បីចែកចាយថាមពលតង់ស្យុងខ្ពស់ និងត្រៀមផ្គត់ផ្គង់អគ្គិសនីដែលមាននិន្នាការប្រើប្រាស់កើនឡើងនៅតំបន់ជុំវិញនោះស្របតាមការវិវត្តនៃគម្រោង វិនិយោគធំៗដែលនឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខ។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា អនុស្ថានីយអគ្គិសនីពោធិ៍ចិនតុងស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តភ្ជាប់ពីអនុស្ថានីយអគ្គិសនីទី៣ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខសម្រាប់ផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងផ្នែកខ្លះៗក្នុងខណ្ឌសែនសុខ។
លោកបន្ថែមថា ការដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល កម្លាំង ៧៥ មេហ្គាវ៉ុលអំពែរ ដែលមានទីតាំងស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានការពារអាកាស និងខ្សែបញ្ជូនអគ្គិសនីអាកាស និងកប់ដីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលបែកខ្នែងពីផ្លូវ Northbridge ប្រវែង ២ គីឡូមែត្រ។
លោកនិយាយ៖ «ការដាក់ឱ្យដំណើរការគឺជាពេលវេលាល្អព្រោះវាស្ថិតក្នុងរដូវប្រាំងដែលមានកំណើននៃការប្រើប្រាស់ខ្លាំងក្នុងតំបន់នេះ ហើយវានឹងជួយសម្រាលការប្រើប្រាស់ចេញពីអនុស្ថានីយជុំវិញដែលកំពុងលើសបន្ទុក ហើយក៏វានឹងជួយបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ»។
លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អនុស្ថានីយនានានៅទីក្រុងភ្នំពេញគឺទទួលបានថាមពលអគ្គិសនីពីប្រភពចម្រុះរបស់រោងចក្រថាមពលធ្យូងថ្ម វារីអគ្គិសនីនៅតាមបណ្តាខេត្តមួយចំនួនដើម្បីចែកចាយដល់អ្នកប្រើប្រាស់។
លោកថ្លែងថា៖ «ថាមពលពីអនុស្ថានីយនេះនឹងជួយដល់ការផ្គត់ផ្គង់ថាមពលនៅក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យដែលនឹងលើកស្ទួយស្ថិរភាព និងសន្តិសុខក្នុងការផ្គត់ផ្គង់ថាមពលនៅទីក្រុង»។
បើតាមលោក ហ្សូនា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯងក្នុងឆ្នាំនេះ ដោយបច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបាន ៣ ០០០ មេហ្គាវ៉ាត់នៅរដូវវស្សា និង ២ ២០០ មេហ្គាវ៉ាត់នៅរដូវប្រាំង។
លោក រតនៈ ថា អនុស្ថានីយនេះសាងសង់លើផ្ទៃដី ៣ ៣៧៥ ម៉ែត្រការ៉េ ដែលជាថវិការបស់រដ្ឋទទួលបានពីកម្ចីឥណទានសម្បទាននៃគម្រោងពង្រីកខ្សែបញ្ជូន និងចែកចាយចាប់ពីឆ្នាំ ២០២០-២០២១។
លោកបញ្ជាក់៖ «ការប្រើប្រាស់ថាមពលក្នុងតំបន់ដែលមានសកម្មភាពអភិវឌ្ឍន៍រីកដុះដាលច្រើនរបស់ប្រជាពលរដ្ឋ ក៏ដូចជា អគារពាណិជ្ជកម្មប៊ូយ៉ុងថោន អគារអ៊ែតវូត អគារពាណិជ្ជកម្ម ផ្សារទំនើប ជាដើម ពិសេស ត្រៀមបំពេញតម្រូវការប្រើប្រាស់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ ១៩ បានធូរស្រាល»។
បើតាមលោក កែវ រតនៈ បច្ចុប្បន្នអនុស្ថានីយនេះបានបំពាក់ត្រង់ស្វូម៉ាទ័រកម្លាំង ៧៥ មេហ្កាវ៉ុលអំពែរ ហើយនៅពេលអនាគត អគ្គិសនីកម្ពុជានឹងបន្ថែមត្រង់ស្វូម៉ាទ័រ ៧៥ មេហ្គាវ៉ុលអំពែរមួយទៀត ដើម្បីបង្កើនកម្លាំងសរុប ១៥០ មេហ្គាវ៉ុលអំពែរ សម្រាប់ធានាវិសាលភាពនៃការផ្គត់ផ្គង់៕ LA