ភ្នំពេញ: ក្រុមហ៊ុន Emerald Resources NL ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ត្រាលី​បាន​ចុះកិច្ចសន្យា​ក្នុងតម្លៃ ២៣០ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Mining and Civil Australia (MACA) ​លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​នៅ​កម្ពុជា​។

ក្រុមហ៊ុន Emerald Resources ដែលជា​ក្រុមហ៊ុនមេ​របស់ Renaissance Minerals (Cambodia) Ltd គ្រោង​នឹង​ទាញយក​រ៉ែ​មាស​លើ​គម្រោង​អូរ​ខ្វាវ​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន កិច្ចសន្យា​នេះ​មាន​រយៈពេល​ជាង​ ៧ ​ឆ្នាំ រួមមាន​ការផ្គត់ផ្គង់​ឧបករណ៍​ធ្វើ​រ៉ែ និង​សេវាកម្ម​លើ​គម្រោង​រ៉ែ​មាស​នៅ​កម្ពុជា​។ វិសាលភាព​ការងារ​នៃ​កិច្ចសន្យា​នេះ​នឹង​គ្របដណ្តប់​លើ​សេវា​ដឹកជញ្ជូន ការទាញយក​រ៉ែ ខួង និង​ការ​បំផ្ទុះ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការរៀបចំ​ឧបករណ៍​គម្រោង​អូរខ្វាវ​ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ខែសីហា ហើយ​គ្រោង​នឹង​ប្រតិបត្តិការ​នៅ​ខែតុលា​។

លោក Morgan Hart នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Emerald Resources បាន​ឲ្យ​ដឹងថា ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានដំណើរ​ការ​យ៉ាង​ល្អិតល្អន់ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំង​ ២ ​ក្នុងការ​បញ្ចប់​ការវិភាគ​រុករក​រ៉ែ​នៃ​ការអភិវឌ្ឍ និង​ប្រតិបត្តិការ​របស់​គម្រោង​រ៉ែ​មាស​អូរខ្វាវ​។ លោក​ថ្លែងថា​៖ «​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​រ៉ែ​ជា​ការផ្តល់​ទំនុកចិត្ត​កាន់តែខ្លាំង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​ជា​អ្នក​ផលិត​មាស​ខ្នាត​ធំ​ដ៏ទំនើប​ដំបូង​គេ​នៅ​កម្ពុជា​ដែល​នឹង​ទាញយក​រ៉ែ​មាស​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​២០២១»​។

ក្រុមហ៊ុន​នេះ​បានចេញ​ផ្សាយ​ការសិក្សា​លទ្ធភាព​ច្បាស់លាស់​របស់​ខ្លួន​កាលពី​ខែឧសភា ឆ្នាំ ២០១៧ ដែល​បង្ហាញថា គម្រោង​រ៉ែ​មាស​អូរខ្វាវ​អាច​ផលិត​បាន​មាស ១០៦ ០០០ អោនស៍​ក្នុង​ ១ ​ឆ្នាំ​ជា​មធ្យម​។

ក្រុមហ៊ុន​បាន​ប៉ាន់ប្រមាណ​ថា ការទាញយក​រ៉ែ​ដំបូង​នឹងមាន​សកម្មភាព​រយៈពេល​ ៧ ​ឆ្នាំ​ជាមួយ​នឹង​ទុនវិនិយោគ​មាន​ចំនួន ៩៨ ​លាន​ដុល្លារ​អូស្ត្រាលី​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឲ្យ​ក្រុមហ៊ុន​នេះ​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៨ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ១១,៥ គីឡូម៉ែត្រ​ការ៉េ​លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ក្នុងស្រុក​មណ្ឌលសីម៉ា ខេត្តមណ្ឌលគិរី​។

លោក​បាន​បន្តថា អាជ្ញាប័ណ្ណ​នេះ​នឹង​មាន​រយៈពេល ១៥ ឆ្នាំ​ហើយ​អាច​នឹង​បន្ត​ជាថ្មី​បាន​ ២ ​ដង​ទៀត ដែល​មាន​រយៈពេល​ ១០ ​ឆ្នាំ​ម្តង​។ បច្ចុប្បន្ន​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រមាណ ៣៧ កំពុង​រុករក​នៅ​ខេត្ត​សំខាន់ៗ ចំនួន​ ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​។

លោក Geoff Baker នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន MACA បាន​ប្រាប់​សារព័ត៌មាន NS Energy ថា៖ «​ក្រុមហ៊ុន​ទន្ទឹងរង់ចាំ​បន្ត​នូវ​ទំនាក់ទំនង​ការងារ​រឹងមាំ​ដែល​យើង​បាន​អភិវឌ្ឍ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​សម្រេច​បាន​គម្រោង​ជោគជ័យ​ប្រកប​ដោយ​គុណភាព​ជាច្រើន​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Emerald Resources»​។

លោក​បន្តថា​៖ «​ការសម្រេច​បាន​កិច្ចសន្យា​​រ៉ែ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន MACA ទទួល​បាន​បទពិសោធ​ក្រៅ​ប្រទេស​ដែល​នៅ​ប្រទេស​ប្រេស៊ីល​ហើយ​បាន​បន្ថែម​លើ​ការងារ​របស់​ក្រុមហ៊ុន MACA ក្នុង​វិស័យ​មាស​»៕