ភ្នំពេញៈ Emerald Resources NL ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​សម្រេចបាន​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​តម្លៃ ៦០ ​លាន​ដុល្លារ​លើ​គម្រោង​អូរខ្វាវ​ដែល​បានផ្ដល់​ដោយ​ក្រុមហ៊ុន Sprott Private Resource Lending II L.P.(Sprott)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​នេះ គឺជា​លទ្ធផល​នៃ​ការបំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ដែល​រួមមាន​ការបន្ត​វិធានការ​ត្រួតពិនិត្យ​ល្អិតល្អន់​ផ្នែក​បច្ចេកទេស​ផ្នែក​ច្បាប់ និង​សុវត្ថិភាព​ល្អ​បំផុត​។

ការប្រើប្រាស់​ហិរញ្ញប្បទាន​នៃ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​តម្លៃ ៦០ ​លាន​ដុល្លារ​អាច​ធ្វើ​បាន​ភ្លាមៗ​ដើម្បី​ឆ្លើយតប​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​គម្រោង​ទាន់ពេលវេលា​ជាមួយ​នឹង​ទឹកប្រាក់ ១០ ​លាន​ដុល្លារ​លើកដំបូង​។

ការលក់​ភាគហ៊ុន​ឲ្យ​ក្រុមហ៊ុន Sprott ដែល​ត្រូវបាន​យល់ព្រម​ដោយ​ភាគ​ទុនិក​កាលពី​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ២០២០ ក៏បានផ្ដល់​លទ្ធភាព​ក្នុង​ការបាន​ទទួល​ទឹកប្រាក់​ពី​ការទិញ​ចំនួន ១០០ ​លាន​ដុល្លារ​ផងដែរ​។

លោក Morgan Hart នាយក​គ្រប់គ្រង​ក្រុមហ៊ុន Emerald Resources NL បាន​ថ្លែងថា​៖ «​យើង​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការសម្រេច​បាន​គោលដៅ​ដ៏សំខាន់​ផ្សេងទៀត​ស្រប​ជាមួយ​ដំណើរ​ផ្លូវ​អភិវឌ្ឍន៍​សម្រាប់​គម្រោង​រ៉ែ​មាស​អូរខ្វាវ បន្ទាប់ពី​ការអនុវត្ត​ការរៀបចំ​ឯកសារ​គម្រោង​ទាំងអស់ និង​ការទទួល​បាន​នូវ​សុវត្ថិភាព​ដ៏ល្អ​បំផុត​សម្រាប់​គម្រោង​អូរខ្វាវ​»​។

លោក​លើកឡើង​ថា​៖ «​លើសពី​នេះ​ទៅ​ទៀត​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Sprott រួម​ជាមួយ​នឹង​ភាគ​ទុនិក​របស់ខ្លួន​គឺ​ដើម្បី​ពង្រឹង​បន្ថែមទៀត​តួនាទី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នៅក្នុង​អំឡុង​ពេល​ដែល​លក្ខខណ្ឌ​ទីផ្សារ​ពិភពលោក​ប្រែប្រួល​នៅពេល​បច្ចុប្បន្ន​ជាប់​ទាក់ទង​នឹង​បញ្ហា​វីរុស​កូរ៉ូណា​កាន់តែខ្លាំង​ឡើងៗ​»​។

លោក​បាន​បន្ថែមថា​៖ «​សំខាន់​ជាង​នេះ​ទៅ​ទៀត​នៅពេល​ក្រុមហ៊ុន Emerald បាន​ចាប់ផ្ដើម​បង្កើត​មូលនិធិ​ពេញលេញ​របស់ខ្លួន​ដែល​គ្រប់គ្រង​ ១០០ ​ភាគរយ​លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ ហើយ​រំពឹងថា​នឹង​សម្រេចបាន​ការទាញ​យក​រ៉ែ​មាស​លើកដំបូង​ពី​គម្រោង​នេះ​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១»​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ក្រសួង​រ៉ែ និង​ថាមពល​» ​កាលពី​សប្តាហ៍​មុន​ថា សកម្មភាព​អភិវឌ្ឍន៍​លើ​គម្រោង​រ៉ែ​មាស​នៅ​អូរ​ខ្វាវ​កំពុង​ដំណើរការ​យ៉ាង​រលូន បើទោះបី​ជា​កំពុង​មាន​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា ក្រុមហ៊ុន​នេះ​បាន​សាងសង់​ផ្លូវ​ចូល​ទៅ​កាន់​គម្រោង​រួចរាល់​ហើយ ខណៈ​ក្រុមហ៊ុន​កំពុង​ធ្វើការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​មាស ដើម្បី​ឈាន​ទៅ​ដល់​ការទាញ​យក​រ៉ែ​មាស​ជា​លើកដំបូង​ទៅតាម​ផែនការ​។

លោក​ថ្លែងថា​៖ «​យើង​ប៉ាន់ប្រមាណ​ថា គម្រោង​នេះ​នឹង​អាច​ចម្រាញ់​មាស​ក្នុង​បរិមាណ​សរុប ១ ​លាន​អោន ឬ​ជិត​ ១ ​លាន​តម្លឹង​»​។ លោក​បន្តថា​៖ «​ក្រសួង​នឹង​ជំរុញ​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​មាស​បន្ថែម​ទៀត​នៅក្នុង​តំបន់​ជុំវិញ​គម្រោង​អូរខ្វាវ​នេះ ដើម្បី​បង្កើន​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​»​។

បើ​យោងតាម​លោក យស មុនីរ៉ាត់ បច្ចុប្បន្ន​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន ៤០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក មុនីរ៉ាត់ បាន​ឲ្យ​ដឹងថា កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ប្រមាណ ២១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ២០ ​លាន​ដុល្លារ​៕LA