ភ្នំពេញៈ ក្រុម​ហ៊ុន​ Emerald Resources ដែល​​ទទួល​សិទ្ធិ​អភិ​វឌ្ឍន៍​អណ្តូង​រ៉ែ​មាស​​អូរ​ខ្វាវ​​ ​នៅ​​ខេត្ត​ មណ្ឌល​គិរី​ អាច​​នឹង​​ចាប់​ផ្តើម​ដំ​ណើរ​ការ​ទាញ​យក​​មាស​លើ​ទឹក​ដី​កម្ពុជា​​​ជា​លើក​​ដំ​បូង​នៅ​ដើម​ឆ្នាំ ​២០២០ ​បន្ទាប់​​ពី​បាន​​​ទទួល​អា​ជ្ញា​ប័ណ្ណ​ធ្វើ​អា​ជីវ​កម្ម​រ៉ែ​មាស​កាល​ពី​ខែ​កក្កដា។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រ​សួង​រ៉ែ និង​ថាម​ពល។

ក្រុម​ហ៊ុន​ Emerald Resource ដែល​ចុះ​បញ្ជី​​ក្នុង​ផ្សារ​ភាគ​ហ៊ុន​អូ​ស្រ្តា​លី​បាន​ចេញ​​​សេច​ក្តីជូន​​ដំ​ណឹង​មួយ​កាល​​ពី​ចុង​សប្តាហ៍​មុន​ ដោយ​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​ទើប​សម្រេច​កៀរ​គរ​ដើម​ទុន​បាន​ ២៧ លាន​ដុ​ល្លារ​អូ​ស្ត្រា​លី​ (១៩,៥ ​លាន​ដុ​ល្លារ​អា​មេ​រិក) តាម​រយៈ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ ​ដើ​ម្បី​ជា​ប្រ​ភព​ទុន​ក្នុង​ការ​អភិវឌ្ឍ​​អណ្តូង​រ៉ែ​មាស​​នៅ​អូរ​ខ្វាវ​ របស់​កម្ពុជា​នេះ​។​​

លោក​ យស​​ មុនី​រ៉ាត់​ អ្នក​នាំ​​ពាក្យ​ក្រ​សួង​រ៉ែ និង​ថាម​ពល​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​​ Emerald Resources បាន​ទទួល​អា​ជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​​កាល​ពី​ខែ​កក្កដា ហើយ​បន្ទាប់​ពី​នោះ​មក ក្រុម​ហ៊ុន​នេះ​កំ​ពុង​​ប្រ​មូល​​មូល​​និ​ធិ​យ៉ាង​សកម្ម​ ដើ​ម្បី​អភិ​វឌ្ឍ​​ហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​​​​របស់​ខ្លួន​។ លោក​បន្ថែម​ថា ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​រំ​ពឹង​ថា នឹង​ចាប់​ផ្តើម​​ផលិត​មាស​ជា​លើក​ដំ​បូង​នៅ​ដើម​ឆ្នាំ ​២០២០​។​

លោក​ មុនី​រ៉ាត់ ​មិន​អាច​ផ្ដល់​ការ​ប៉ាន់​ប្រ​មាណ​​ពី​ប្រាក់​ចំ​ណូល​ដែល​រដ្ឋា​ភិ​បាល​នឹង​ទទួល​បាន​ពី​ការ​អភិ​វឌ្ឍ​នេះ​នៅ​​ឡើយ​ទេ​ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា នៅ​ពេល​​គម្រោង​នេះ​ចាប់​ផ្ដើម​ប្រតិ​បត្តិ​ការ​ វា​នឹង​បង្កើត​ប្រាក់​ចំ​ណូល​ដល់​រដ្ឋា​ភិបាល​ ផ្ដល់​ការ​ងារ​ និង​បង្កើត​សកម្ម​ភាព​សេដ្ឋ​កិច្ច​របស់​កម្ពុជា​។​ ​

លោក​​ថ្លែង​ថា​៖ «​សម្រាប់​ប្រាក់​ចំ​ណូល​ផ្ទាល់ ​យើង​នឹង​ទទួល​បាន​​​ពី​សួយ​សារ​ ពន្ធ​ និង​តម្លៃ​ជួល​ពី​​ការ​ជួល​ដី ​សម្រាប់​គម្រោង​នេះ​»​។​

លោក​បាន​​បន្ត​ថា Emerald Resources គឺ​​ជា​ក្រុម​ហ៊ុន​ធំ​​ដំ​បូង ​ដែល​ទទួល​បាន​អា​ជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​​​ពី​ក្រ​សួង​​។

រហូត​មក​ដល់​ពេល​នេះ​​លោក​​​បាន​​ឲ្យ​ដឹង​ថា ​ក្រ​សួង​បាន​ផ្ដល់​អា​ជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ចំ​នួន​ ៥០។​​

ក្រុម​ហ៊ុន​ Emerald​ Resources ​បាន​ចេញ​ផ្សាយ​​ការ​សិក្សា​លទ្ធ​ភាព​ច្បាស់​លាស់ (DFS)​ របស់​ខ្លួន​ កាល​ពី​ខែ​​ឧស​ភា ឆ្នាំ ២០១៧ និង​បាន​បង្ហាញ​ថា​ គម្រោង​មាស​អូរ​ខ្វាវ ​អាច​ផលិត​មាស​បាន​ ១០៦ ​០០០​ អោន​ស៍​ ក្នុង​​មួយ​ឆ្នាំ​ជា​មធ្យម​។ ​

ក្រុម​ហ៊ុន​នេះ​ប៉ាន់​ប្រ​មាណ​ថា ​​ប្រតិ​បត្តិ​ការ​​ទាញ​យក​រ៉ែ​នឹង​មាន​រយៈ​ពេល​ ៧ ​ឆ្នាំ​ ដោយ​ប្រើ​ទុន​វិ​និ​យោគ​​ ៩៨​ លាន​ដុ​ល្លារ​។​

លោក Morgan Hart នា​យក​គ្រប់​គ្រង​​នៅ​ក្រុម​ហ៊ុន Emerald បាន​ឲ្យ​ដឹង​​នៅ​ក្នុង​ឯក​សារ​នេះ​ថា មូល​និ​ធិ​ ២​៧ ​លាន​ដុ​ល្លារ​អូ​ស្ដ្រា​លី​ ដែល​រក​បាន​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​មួយ​ផ្នែក​​​ក្នុង​ការ​ចាប់​ផ្ដើម​​សកម្ម​ភាព​អភិ​វឌ្ឍន៍​នៅ​អូរ​ខ្វាវ​។ ​

លោក​​បាន​ថ្លែង​ថា៖ «​យើង​សប្បាយ​រីក​រាយ​ដោយ​មាន​ការ​គាំ​ទ្រ​ទទួល​បាន​ពី​ភាគ​ទុ​និក​បច្ចុ​ប្បន្ន ​និង​ភាគ​ទុ​និក​ស្ថា​ប័ន​​ថ្មី​របស់​យើង​។ ​ការ​គាំ​ទ្រ​នេះ​បង្ហាញ​ពី​លក្ខណៈ​ដ៏​រឹង​មាំ​នៃ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​ និង​ការ​គាំ​ទ្រ​យុទ្ធ​​សាស្ដ្រ​របស់​ក្រុម​ហ៊ុន​នៃ​ការ​ក្លាយ​ជា​​ក្រុម​ហ៊ុន​ផលិត​មាស​​កម្ពុជា​ទ្រង់​ទ្រាយ​ធំ​ដ៏​ទំ​នើប​ដំ​បូង​គេ​»​។​

លោក ​ប៉ិច​ ពិសី ​នា​យក​​កម្ម​វិ​ធី​ជាន់​ខ្ពស់​នៅ​​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា វា​ជា​វិ​ធាន​ការ​ល្អ​មួយ​សម្រាប់​​​កម្ពុជា​ក្នុង​ការ​មាន​​ក្រុម​ហ៊ុន​ផលិត​មាស​ ខណៈ​​លោក​​បាន​ថ្លែង​ថា វា​នឹង​ជួយ​​បង្កើន​ប្រាក់​ចំ​ណូល​​រដ្ឋា​ភិបាល​។​

ប៉ុន្តែ ​លោក​ ពិសី ​បាន​ឲ្យ​ដឹង​ថា ការ​ធា​នា​តម្លា​ភាព​លើ​ការ​គ្រប់​គ្រង​ប្រាក់​ចំ​ណូល​​បាន​ពី​ប្រភព​រុក​រក​រ៉ែ​នេះ ​មាន​សារៈ​​សំ​ខាន់​ណាស់​ ហើយ​សា​ធារ​​ណ​​ជន ​តែង​តែ​​លើក​ឡើង​ពី​ការ​បារម្ភ​របស់​​ពួក​គេ​​លើ​បញ្ហា​នេះ​ ខណៈ​ក្រ​សួង​​​មិន​បាន​ចេញ​ផ្សាយ​ព័ត៌​មាន​គ្រប់​គ្រាន់​អំពី​សក្ដានុ​ពល​របស់​គម្រោង​នេះ​។​

​​លោក​បន្ត​ថា ទោះ​បី​ជា​​ព័ត៌​មាន​អំ​ពី​​ការ​អភិ​វឌ្ឍ​ការ​រុក​រក​រ៉ែ​​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​គ្រប់​គ្រាន់​ក៏​ដោយ​ ក៏​អ្នក​សង្កេត​​ការណ៍​​បាន​ពឹង​ផ្អែក​លើ​​សេច​ក្ដី​ប្រកាស​​ពី​ក្រុម​ហ៊ុន ជា​ពិ​សេស​​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​​នៅ​ផ្សារ​​ហ៊ុន​បរ​ទេស​។​

​លោក​ថា​៖ «​យើង​ជំរុញ​​ឲ្យ​រដ្ឋា​ភិ​បាល​ធា​នា​ថា ​ក្រុម​ហ៊ុន​ទាំង​នោះ​ នឹង​បង្ហាញ​ប្រាក់​ចំ​ណូល​​ពិត​ប្រា​កដ​​​បាន​ពី​​អា​ជី​វ​កម្ម​​របស់​ពួក​គេ​ទាំង​អាជីវ​កម្ម​រ៉ែ​មាស ​និង​ប្រេង​កាត​​»​។

យោង​តាម​លោក​ ប៉ិច ​ពិសី ​​​តម្រូវ​ឲ្យ​មាន​​យន្ត​ការ​ដើ​ម្បី​តាម​ដាន​​ការ​អភិ​វឌ្ឍ​ពិត​ប្រាក​ដ​របស់​ក្រុម​ហ៊ុន​។

លោក​បាន​លើក​ឡើង​ថា​​៖ «​ក្រ​សួង​ខ្លួន​ឯង​ គួរ​តែ​ត្រួត​ពិ​និត្យ​ប្រ​ព័ន្ធ​​គ្រប់​គ្រង​​ហិ​រញ្ញ​វត្ថុ​ផ្ទាល់​របស់​ខ្លួន​ ដើ​ម្បី​គេច​ផុត​ពី​អំ​ពើ​ពុក​រលួយ​​ណា​មួយ ​នៅ​ពេល​​ប្រ​មូល​​ចំ​ណូល​ពី​ក្រុម​ហ៊ុន​»​៕​LA