ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែអូស្ដ្រាលី Emerald Resources និង Renaissance Minerals បានយល់ព្រមច្របាច់បញ្ចូលគ្នានៅក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ដើម្បីធ្វើការងាររួមគ្នាក្នុងការអភិវឌ្ឍគម្រោងរ៉ែមាសនៅភាគឦសានប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីថ្ងៃអង្គារ។
ការច្របាច់បញ្ចូលគ្នានេះនឹងបង្កើតក្រុមហ៊ុនរួមមួយជាមួយទុនទីផ្សារប្រហែល ៩៥ លានដុល្លារអូស្ត្រាលី (៧១ លានដុល្លារអាមេរិក) និងទុនជាសាច់ប្រាក់ប្រហែល ២០ លានដុល្លារអូស្រ្តាលី (១៥ លានដុល្លារអាមេរិក)។
ក្រុមហ៊ុននេះបានឲ្យដឹងនៅក្នុងឯកសាររួមមួយផ្ញើទៅផ្សារហ៊ុនអូស្ត្រាលី (ASX) ថា៖ «ការច្របាច់បញ្ជូលគ្នានេះនឹងបង្កើតជាក្រុមហ៊ុនផ្តល់មូលនិធិអភិវឌ្ឍរុករករ៉ែមាសដែលជាកន្លែងដ៏ល្អមួយក្នុងការអភិវឌ្ឍទ្រព្យសកម្មរបស់ខ្លួន»។
កិច្ចព្រមព្រៀងនេះត្រូវបានផ្ដោតលើអាជ្ញាប័ណ្ណរុករករ៉ែនៅអូរខ្វាវ និងអូរឈុងរបស់ក្រុមហ៊ុន Renaissance ដែលមានទំហំគ្របដណ្ដប់ប្រហែលជាង ៤០០ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តមណ្ឌលគិរី។
ការអង្កេតដ៏ទូលំទូលាយនៃគម្រោងអូរខ្វាវបានកំណត់ធនធានរ៉ែមាស ១,១៣ លានអោនស៍ (ក្នុងមួយតោនអាចចម្រាញ់បានមាស ២,២ ក្រាម)។
ការសិក្សាលទ្ធភាពជាមុនបានបញ្ចប់កាលពីខែកក្កដាដែលបានប៉ាន់ប្រមាណថាប្រើទុនវិនិយោគ ១២០ លានដុល្លារដែលផលិតរ៉ែមាសបានប្រហែល ៩១ ៥០០ អោនស៍ក្នុងរយៈពេល ៨ ឆ្នាំ។
ក្រុមហ៊ុន Emerald គ្រប់គ្រងភាគហ៊ុន ១០ ភាគរយរួចហើយនៅក្នុងក្រុមហ៊ុន Renaissance ដែលបានទិញក្នុងតម្លៃពាក់កណ្ដាលក្នុងចំណោមទុន ៣២,៤ លានដុល្លារដែលរកបានកាលពីដើមឆ្នាំនេះ។
ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Perth ប្រទេសអូស្ដ្រាលីមួយនេះដែលកាលពីមុនបានផ្ដោតលើការរុករកប្រេង និងឧស្ម័ននៅអាមេរិកបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះកាលពីខែកុម្ភៈផងដែរ ដែលខ្លួននឹងអាចរកបានប្រយោជន៍ ៥១ ភាគរយនៅក្នុងគម្រោងអូខ្វាវតាមរយៈការធ្វើសិក្សាលទ្ធភាពយ៉ាងច្បាស់លាស់ និងការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងកម្មវិធីរុករករ៉ែរយៈពេល ២ ឆ្នាំមានតម្លៃ ៣ លានដុល្លារ។
លោក Hamish Halliday ប្រធានក្រុមហ៊ុន Renaissance បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ការបង្កើតភាពជាដៃគូដ៏ខ្លាំងជាមួយក្រុមហ៊ុន Emerald បន្ទាប់ពីការវិនិយោគរួមទទួលបានជោគជ័យរបស់គម្រោងរ៉ែមាសកម្ពុជាការច្របាច់បញ្ចូលគ្នានេះបង្ហាញពីការរីកចម្រើនសម្រាប់ក្រុមហ៊ុនទាំងពីរសម្រាប់ការអភិវឌ្ឍអណ្ដូងរ៉ែមាសអូខ្វាវ»។
លោកបន្តថា៖ «ការច្របាច់បញ្ចូលគ្នាដោយជោគជ័យនឹងបង្កើតក្រុមហ៊ុនផលិតរ៉ែមាសដែលរីកចម្រើនជាមួយក្រុមគ្រប់គ្រងដ៏មានទំនុកចិត្តខ្ពស់ តារាងតុល្យការរឹងមាំ និងជាក្រុមហ៊ុនមួយដែលមានស្ថានភាពដ៏ល្អក្នុងការផ្ដល់កំណើនសម្រាប់ភាគទុនិកទាំងអស់»។
លោក Richard Stanger ប្រធានសមាគមក្រុមហ៊ុនរុករករ៉ែកម្ពុជា (CAMEC) បានថ្លែងថាការប្រកាសអំពីការច្របាច់បញ្ចូលគ្នាមិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទេលោកបានលើកឡើងថា៖ «វាកើតឡើងយ៉ាងត្រឹមត្រូវ។ ក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នានេះនឹងមានការចំណាយកាន់តែតិចហើយរចនាសម្ព័ន្ធកាន់តែងាយស្រួលក្នុងការប្រតិបត្តិការ»។
សំខាន់ជាងនេះទៅទៀតក្រុមហ៊ុនច្របាច់បញ្ចូលគ្នាដែលនឹងមានសាច់ប្រាក់ ១៥ លានដុល្លារ និងគ្មានបំណុលកំពុងស្ថិតក្នុងស្ថានភាពជម្រើសមួយដើម្បីឆ្ពោះទៅមុខជាមួយនឹងការអភិវឌ្ឍនៃការបង្ហាញធនធានរ៉ែមាស។ លោកបន្តថា៖ «វាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ល្អ»។
លោកបន្ថែមថា ថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍នឹងពិតជារកបានប្រាក់ចំណេញលើឱកាសនេះ៕ LA