ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​ដែល​បាន​ប្រតិបត្តិការ​ជើង​ហោះហើរ​ភ្នំពេញ-ទីក្រុង​ឌូបៃ​រយៈពេល​មួយ​ឆ្នាំ​មក​នេះ​កំពុង​បង្ហាញ​តម្រូវការ​ខ្លាំង​ពី​ទីផ្សារ​ដ៏តូច​មួយ​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Emirates Cambodia​។

ការលើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅក្នុង​ការ​រំឭក​ខួប​ ១ ​ឆ្នាំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ម្សិលមិញ​។

តាម​ទិន្នន័យ​ក្រុមហ៊ុន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​ដំណើរការ​នៅ​ទីផ្សារ​នេះ Emirates បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​ចេញ​ពី​កម្ពុជា​ទៅ​ទីក្រុង​ឌូបៃ​បាន​ជាង ៧០ ០០០ នាក់​។

លោក Abdulla Adnan អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​នៅក្នុង​សណ្ឋាគារ Rosewood Hotel ក្នុង​អំឡុង​ខួប​ ១ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ថា​ឧស្សាហកម្ម​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​បង្ហាញ​កំណើន​ដ៏រឹងមាំ​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​រីកចម្រើន​រហ័ស​បំផុត​លើ​ពិភពលោក​។ ​នៅ​ពេល​នេះ​យើង​មាន​មោទនភាព​ដោយសារ​បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ចាប់ផ្តើម​ចូល​មក​ទីផ្សារ​កម្ពុជា​ក្នុង​ការផ្តល់​សេវា​ហោះហើរ​ទិសដៅ​ភ្នំពេញ​ទៅ​ឌូបៃ​កាលពី​ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០១៧ ដែល​បាន​ធ្វើឲ្យ​ទិសដៅ​បណ្ដាញ​ពិភពលោក​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​ដល់ ១៥៧ កន្លែង​។ នេះ​បើ​យោង​តាម​លោក Abdulla Adnan​។

លោក​ថ្លែង​ថា​ជើង​ហោះហើរ​ប្រចាំថ្ងៃ​តភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ឌូបៃ​តាមរយៈ​ការឈប់​សំចត​នៅ​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ប្រើប្រាស់​យន្តហោះ Boeing 777-300 ER​។

នៅ​ឆ្នាំ​នេះ​គេ​រំពឹងថា​នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ ៣ បើក​ដំណើរការ​នៅ​កម្ពុជា​ដែល​ធ្វើឲ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​នឹង​កើនឡើង​ដល់​ ១០ ​ក្រុមហ៊ុន​។

វិស័យ​អាកាសចរណ៍​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំណើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ ពី​ក្រុមហ៊ុន​អាកាសចរណ៍​ ២ ដែល​មាន​យន្តហោះ​ ៧ ​គ្រឿង​កាលពី​ឆ្នាំ ២០១៣ ដល់​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​ ៧ នៅ​បច្ចុប្បន្ន​ដែល​មាន​យន្តហោះ ៣០ ​គ្រឿង​។

មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ព្យាករ​ថា​នឹង​មាន​យន្តហោះ ៤៥ គ្រឿង​ដែល​ហោះហើរ​ទៅ និង​មក​កម្ពុជា​ត្រឹម​ចុង​ឆ្នាំ​នេះ​។

បច្ចុប្បន្ន Emirates Airlines ក៏​កំពុង​បម្រើ​សេវា​ដឹក​ទំនិញ​តាម​អាកាស​ពី​កម្ពុជា​ផងដែរ​។

ក្រុមហ៊ុន Emirates SkyCargo កំពុង​ប្រតិបតិ្តការ​សេវា​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ ដែល​បាន​ដឹកទំនិញ​នាំចេញ នាំចូល បាន ១១ ០០០ តោន ខណៈ​កម្ពុជា​គឺជា​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ជាមួយ​នឹង​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​។

លោក Abdulla Adnan ថ្លែង​ថា​៖ «​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា ហើយ​នឹង​បន្ត​ក្នុង​ការ​ស្វែងរក​ឱកាស​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ការតភ្ជាប់​ការធ្វើ​ដំណើរ​រវាង​កម្ពុជា និង​ពិភពលោក​តាមរយៈ​មជ្ឈមណ្ឌល​ក្រុមហ៊ុន​អាកាសចរណ៍ Emirates នៅ​ទីក្រុង​ឌូបៃ​»៕LA