ភ្នំពេញ: សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញប្បទាន​ជាង ១០០ ​លាន​ដុល្លារ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​ក្នុង​វិស័យ​ជលផល​។ នេះ​បើ​តាម​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក ហ៊ុន សែន ថ្លែង​ថា​ក្នុង​ជំនួប​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជិត​ផុត​អាណត្តិ​កាលពី​ថ្ងៃ​ម្សិលមិញ EU បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​នេះ​សម្រាប់​ជួយ​ដល់​វិស័យ​ជលផល​នៅ​កម្ពុជា​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា EU បាន​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​លើ​គម្រោង​ចំនួន​ ២ គឺ ទី១ កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​នៃ​វារីវប្បកម្ម​ដែលមាន​ទឹកប្រាក់​ជិត ៣៩ ​លាន​ដុល្លារ​ក្នុង​នោះ​ប្រមាណ ៥,៥ លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD)​។ គម្រោង​នេះ​មាន​រយៈពេល​ ៦ ​ឆ្នាំ​ នឹង​ចាប់ផ្តើម​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ ២០២៣ និង​គម្រោង​ទី​២ គឺ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន សមាសភាគ​ការនេសាទ​ក្នុង​ទឹកប្រាក់​ជាង ៩៦,៦ លាន​ដុល្លារ​ ដែល​មាន​រយៈពេល ៥ ​ឆ្នាំ​ចាប់ពី ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣​។

លោក​ថ្លែង​ថា​៖ «​ជំនួយ​ឥតសំណង​ទាំងនោះ​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការចិញ្ចឹម​ត្រី​ឲ្យ​មានការ​រីកលូតលាស់​ឡើង​រួមទាំង​ជួយ​ដល់​បច្ចេកទេស បច្ចេកវិទ្យា និង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​នៅក្នុង​វិស័យ​ផលិតកម្ម​វារីវប្បកម្ម​»​។

លោក​បន្តថា​៖ «​គម្រោង​ទី​២ ទាក់ទង​នឹង​ការអភិរក្ស​ក្នុង​វិស័យ​ជលផល​ទាំងមូល​ដែល​ធ្វើយ៉ាងណា​ឲ្យ​ធនធាន​មច្ចាជាតិ​យើង​ទាំង​ទឹកសាប និង​ទឹកប្រៃ​មាន​និរន្តរភាព ដូច្នេះ​យើង​សូម​អរគុណ​ដល់​សហភាព​អឺរ៉ុប​ជួយ​យើង​លើ​ផ្នែក​នេះ​»​។

លោក ឱម សាវ៉ាត់ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​បាន​ប្រាប់ថា ជំនួយ EU នេះ​នឹង​ជួយ​រួមចំណែក​ការពារ​ធនធាន​ជលផល​នៅ​កម្ពុជា ពិសេស​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា​ជំនួយ​នេះ​ជួយ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មាន​លទ្ធភាព​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​ការពារ និង​អភិរក្ស​ធនធាន​ជលផល​»​។

លោក​បន្តថា​កម្ពុជា​មាន​លទ្ធភាព​តិចតួច​នៅឡើយ​ក្នុង​វិស័យ​វារីវប្បកម្ម ព្រោះ​កម្ពុជា​ពឹងផ្អែក​តែ​លើ​ត្រី​ធម្មជាតិ ដូច្នេះ​ជំនួយ​នឹង​ជួយ​ឲ្យ​កាន់តែ​ប្រសើរ​។

លោក​បាន​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ការ​បង្ក្រាប​លើ​បទល្មើស​នេសាទ​យ៉ាងសកម្ម ប៉ុន្តែ​ការអនុវត្ត​ច្បាប់​នៅ​មានកម្រិត​នៅឡើយ​។

លោក​បន្ត​ទៀត​ថា​៖ «​យើង​ឃើញ​ថា អាជ្ញាធរ​មាន​ការសហការ​ល្អ​ជាមួយ​សហគមន៍​ក្នុង​ការល្បាត​ក្នុង​តំបន់​ការពារ មាន​ភាពប្រសើរ តែ​ការអនុវត្ត​ច្បាប់​យើង​នៅ​ធូររលុង​»​។

គម្រោង​ជំនួយ​ឥតសំណង​នេះ​នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ពុធ ទី​ ២១ ខែ​ សីហា ឆ្នាំ​ ២០១៩៕ LA