ភ្នំពេញ: សហភាព​អឺរ៉ុប និង​ក្រសួង​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សហព័ន្ធ​អាល្លឺម៉ង់​ (BMZ) ​ប្តេជ្ញា​ជួយ​ពង្រឹង​ដល់​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ជាមួយ​សមាជិក​អាស៊ាន ដោយ​បាន​ផ្តល់​ហិរញ្ញប្បទាន​ ៩,៣៥ លាន​អឺរ៉ូ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​នៅក្នុង​តំបន់​។

ក្រោម​គម្រោងការ​គាំទ្រ​សមាហរណកម្ម​អាស៊ាន​បូក​កម្ពុជា (ARISES Plus Cambodia) ការប្តេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងអំឡុង​ពេលធ្វើ​សិក្ខាសាលា​ស្តីពី​ការបើក​ដំណើរការ​គម្រោង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​។

គម្រោង​នេះ​ជា​ការផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​ពី​សហភាព​អឺរ៉ុប និង​ BMZ ដែល​អនុវត្ត​ដោយ GIZ របស់​អាល្លឺម៉ង់​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

គម្រោង ARISE plus Cambodia នឹង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​​ពន្ធគយ ការសម្រួល​ពាណិជ្ជកម្ម និង​ស្តង់ដា និង​ការពង្រឹង​គុណភាព​ស្ថាប័ន ការអនុវត្ត​បទប្បញ្ញត្តិ រួមទាំង​បង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន​តាមរយៈ​សមាគម​សេដ្ឋកិច្ច​អាស៊ាន AEC ផងដែរ​។

លោក George Edgar ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ចុងខែ​សីហា​នេះ​បាន​ថ្លែង​នៅ​សិក្ខាសាលា​កាលពី​ថ្ងៃ​សុក្រ​ថា ជំនួយ​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​ពាណិជ្ជកម្ម​បាន​ជួយផ្តល់​ភាពស្រួល​ដល់​នីតិវិធី​ការនាំចេញ និង​នាំ​ចូលមក​ប្រទេស​កម្ពុជា​ក៏ដូចជា ពន្ធគយ​នាពេល​កន្លងមក​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​សមាសភាគ​ជាតិ​នៃ​គម្រោង​ ARISE Plus ​បាន​ដំណើរការ​ថ្ងៃនេះ​នឹង​ក្លាយ​ជា​គន្លឹះ​សំខាន់​សម្រាប់​កម្ពុជា​ ដើម្បី​បំពេញ​ការប្តេជ្ញាចិត្ត សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​តំបន់​»​។

គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ក្រសួង​ពាណិជ្ជកម្ម​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក៏​ដូចជា​ធ្វើការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​។

លោក Sascha Reebs លេខាធិការ​ទី​ ១ និង​អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​របស់ BMZ បាន​ឲ្យ​ដឹងថា គម្រោង​នេះ​បានរួម​ចំណែក​ជួយ​គាំទ្រ​ឆ្ពោះ​ទៅ​មាគ៌ា​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។

លោក​បន្ថែម​ថា​អាស៊ាន​នឹង​ក្លាយ​ជា​ចំណុច​អន្តរជាតិ​កណ្តាល​មួយ​គ្រប់​វិស័យ​ទាំងអស់ ប្រសិន​បើ​មាន​ការគ្រប់គ្រង ដើម្បី​កំណើន​សេដ្ឋកិច្ច និង​នយោបាយ​រួម​។ លោក​ថ្លែងថា​៖ «​ពួកគេ​ចែករំលែក​តម្លៃ និង​ផលប្រយោជន៍​រួម​គ្នា​លើ​ពាណិជ្ជកម្ម​សេរី ការប្រែប្រួល​អាកាសធាតុ និង​ច្បាប់​អន្តរជាតិ​»​។

យោង​តាម​សហភាព​អឺរ៉ុប​ប្រហែល​តែ​ ១ ​ភាគ​ ៥ នៃ​ទំនិញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ត្រូវបាន​លក់​ទៅក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែល​តួលេខ​ពាណិជ្ជកម្ម និង​វិនិយោគ​មាន​កម្រិត​ទាប​ជាងគេ​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​។

លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​នេះ​ជា​គម្រោង​បច្ចេកទេស​ដែល​នឹង​ជួយ​ជំរុញ​ការផ្សាភ្ជាប់​ទំនាក់ទំនង​កម្ពុជា​ទៅនឹង​សមាហរណកម្ម​សហគមន៍​អាស៊ាន​។ លោក​ថ្លែង​ថា​៖ «​យើង​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ដែល​នឹង​ផ្តល់​ឲ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​»​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Mekong Oryza Trading បាន​ឲ្យ​ដឹងថា សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​កង្វះ​ចំណេះដឹង​ទាក់ទង​នឹង​ការសម្រួល​ពាណិជ្ជកម្ម​។ លោក​ថ្លែង​ថា​៖ «​គម្រោង​នេះ​នឹង​ជួយ​វិស័យ​ឯកជន​ដើម្បី​ពង្រីក​ចង្វាក់​ផលិតកម្ម​នៅពេល​ផលិតផល​ពួកគេ​មាន​ស្តង់ដា​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ឲ្យ​ប្រសើរ​ផ្នែក​ពន្ធគយ និង​ស្តង់ដា​។ យើង​កង្វះ​ព័ត៌មាន​អំពី​ពន្ធ​ត្រួតស៊ីគ្នា​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការនាំចេញ​កម្ពុជា​ទៅក្នុង​តំបន់​នៅ​តែ​មាន​កម្រិត​ទាប​ក្នុង​ចំណោម​សមាជិក​អាស៊ាន​។ លោក​ថ្លែង​ថា​៖ «​យើង​ភាគច្រើន​នាំចេញ​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​មួយ​ចំនួន​ទៅ​ប្រទេស​វៀតណាម និង​ថៃ​»​។

បើ​តាម​លោក លឹម ហេង ការនាំ​ចេញ​កម្ពុជា​ទៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រហែល ២០ ​ភាគរយ និង​ការ​នាំចូល​មក​វិញ​សរុប​ប្រមាណ ៨០ ​ភាគរយ​ដែល​ភាគច្រើន​ពី​វៀតណាម និង​ថៃ​៕