ភ្នំពេញៈ ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham​)​​ ​បាន​ចេញ​​ផ្សាយ​សៀវភៅ ​«ស»​ ​លើក​ទី​៣ ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ​២០១៩ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​វិស័យ​ធុរកិច្ច​របស់​កម្ពុជា​ក្នុង​​ចំណោម​វិនិយោគិន​អឺរ៉ុប​ ​ខណៈ​​ក៏​មាន​ការ​​បារម្ភ​ការ​ព្យួរ ​EBA​​ ផង​ដែរ​។

សៀវភៅ ​«ស» ​ដែល​ជា​កម្រង​​អនុសាសន៍​ស្តីពី​គោល​នយោបាយ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ ត្រូវ​បាន​​​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​​កម្ពុជា​ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ លើ​ឧបសគ្គ​ផ្នែក​បទប្បញ្ញត្តិ ​និង​រចនា​​សម្ព័ន្ធ​ ដែល​ជួប​ប្រទះ​នៅ​​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

លោក ​អារណូ ​ដាក ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​សៀវភៅ «ស»​ នឹង​ជួយ​ធ្វើ​ឲ្យ​បរិយាកាស​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​។

លោក​ថា៖ ​«យើង​រំពឹង​​ទុក​ថា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​​មុខ ​កំណែ​ទម្រង់​ដែល​យើង​​ចង​ក្រង​តាមរយៈ​សៀវភៅ​​នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​បរិយាកាស ​ធុរកិច្ច​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ឡើង​»​។ ​លោក​បន្ត​ថា៖ ​«សៀវភៅ​នេះ​នឹង​ជួយ​ជំរុញ​កំណើន​វិនិយោគ​កាន់​តែ​ច្រើន​​ថែម​ទៀត​មក​ពី​តំបន់​ទ្វីប​អឺរ៉ុប​ និង​តំបន់​ផ្សេង​ទៀត»​។

នេះ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​​លើក​​ទី៣​ នៃ​សៀវភៅ «ស» ​ក្រោម​​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ឯកទេស​នៃ​គណៈកម្មាធិការ​​វិស័យ​​ចំនួន ​១០។​​ វិស័យ​ទាំង​នោះ​រួមមាន ​វិស័យ​ការពារ​ការ​វិនិយោគ​ ធនធាន​មនុស្ស ​យានយន្ត​គយ ​ការ​ដឹក​ជញ្ជូន ​និង ​ភ័ស្តុភារ ​ធុរកិច្ច ​បចេ្ចកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន ​ធុរកិច្ច​បៃតង់ ​សុខាភិបាល ​អចលនទ្រព្យ ​និង​សំណង់​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក ​អារណូ ​ដាក ​ក៏​បាន​ដាក់​ក្តី​​ព្រួយ​​បារម្ភ​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​​តែ​អាវុធ (EBA) ​របស់​សហភាព​អឺរ៉ុប​ផង​ដែរ​។​ លោក​បន្ត​ថា ​ប្រសិន​បើ ​EBA ត្រូវ​បាន​​ព្យួរ​ពី​កម្ពុជា នឹង​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច​។ ​លោក​ថ្លែង​ថា៖ ​«​ការ​ព្យួរ ​EBA វា​នឹង​កម្រិត​ការ​នាំចេញ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប មាន​សម្ភារ​កីឡា ​កង់ ​និង​វិស័យ​វាយនភណ្ឌ»។​ ​

លោក​បន្ត​ទៀត​ថា ​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ប្រភព​ហិរញ្ញវត្ថុ​​ពី​​​ចិន​អាច​បង្ក​ហានិភ័យ​ទៅ​ថ្ងៃ​មុខ។ លោក​ថ្លែង​ថា៖ ​«​ជា​​​ហានិភ័យ​ដល់​កម្ពុជា​ដែល​អាស្រ័យ​លើ​លំហូរ​ហិរញ្ញវត្ថុ​ ពី​ទេសចរ​ចិន​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា»​។​

ចិន​ជា​ប្រទេស​ផ្តល់​កម្ចី​ធំ​បំផុត​​របស់​កម្ពុជា​ ដែល​គិត​ត្រឹម​​ពាក់​កណ្តាល​ឆ្នាំ ​២០១៨ បំណុល​ចិន​មាន​ជិត​ពាក់​កណ្តាល​​នៃ​បំណុល​ពី​ខាង​ក្រៅ​សរុប​​របស់​កម្ពុជា​ ដែល​មាន​រហូត​​ដល់ ​៤៨,៤ ​ភាគរយ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​។​ បច្ចុប្បន្ន​ចិន​ក៏​ជា​វិនិយោគិន​ឈាន​មុខ​គេ​របស់​កម្ពុជា​ផង​ដែរ។

លោក ​សុក​ ចិន្តាសោភា ​​​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) ​ថ្លែង​ថា ​កម្ពុជា​បើក​ចំហ​អ្នក​វិនិយោគ​​ទូទាំង​ពិភព​លោក​មិន​ចំពោះ​តែ​អ្នក​វិនិយោគិន​ចិន​ទេ​។

លោក​បាន​​​បញ្ជាក់​ទៀត​ថា៖ «​ប្រសិន​បើ​គ្មាន​​ចិន​តើ​នរណា​អ្នក​សាងសង់​ផ្លូវ​ល្បឿន​​លឿន​ពី​ព្រះសីហនុ​ភ្នំពេញ​ តើ​លោក​មាន​បញ្ហា​ដែល​ក្រុមហ៊ុន​ចិន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ព្រះសីហនុ-​ភ្នំពេញ​ ខ្ញុំ​មិន​​និយាយ ​[ជំនួស] រដ្ឋាភិបាល​ចិន​ទេ ខ្ញុំ​ជា​អ្នក​ការ​ទូត»។

ក្រុមហ៊ុន​ចិន​ Cambodian PPSHV Expressway Co Ltd គ្រោង​ចំណាយ​ទុន​វិនិយោគ​ជិត​ ២ ពាន់​លាន​ដុល្លារ​ ក្នុង​​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​​មាន​ប្រវែង​ ១៩០​ គីឡូ​ម៉ែត្រ ​ដែល​គម្រោង​​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៣​៕LA