ភ្នំពេញ: ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត Ezecom បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ភាព​ជា​អ្នកដឹកនាំ និង​អភិវឌ្ឍ​វិជ្ជាជីវៈ​ (CLPD) នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (AUPP) ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ស្ថាប័ន​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោកស្រី Lee Yuni អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Ezecom បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ MoU នេះ​ថា ការផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ល្បឿន​លឿន​ប្រកប​ដោយ​គុណភាព និង​ការការពារ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រឹះស្ថាន​អប់រំ​នៃ​សាកលវិទ្យាល័យ AUPP ក្នុង​ការពង្រីក​សក្តានុពល​របស់ខ្លួន ព្រមទាំង​ការផ្តល់​កម្មវិធីសិក្សា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ទៅដល់​មនុស្ស​កាន់តែ​ច្រើន​នៅក្រៅ​ថ្នាក់រៀន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោកស្រី​និយាយថា​៖ «​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ថ្ងៃនេះ​នឹង​បើក​ឱកាស​សហការ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រុមហ៊ុន Ezecom និង​មជ្ឈមណ្ឌល CLPD ក្នុង​កិច្ចការ​អប់រំ​បណ្តុះបណ្តាល​បុគ្គលិក និង​ការអភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​។ ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​កិច្ចសហការ​នេះ​»​។

លោក Alan Wark នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល CLPD បាន​ប្រាប់ថា ភាព​ជា​ដៃគូ​រវាង​សាកលវិទ្យាល័យ AUPP និង​ក្រុមហ៊ុន Ezecom គឺជា​ឱកាស​សម្រាប់​ភាគី ២ ​ទទួល​បាន​អត្ថប្រយោជន៍​ទៅវិញទៅមក និង​ជួយ​ឲ្យ​ក្រុមហ៊ុន​អាច​ពង្រឹង​ឯកទេស​របស់ខ្លួន​បាន​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សម្តែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ចសហការ​នេះ ហើយ​នៅពេល​អនាគត​យើង​រំពឹងថា នឹង​រៀបចំ​នូវ​គំនិត​ផ្តួចផ្តើម​សម្រាប់​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជាច្រើន ក្រោម​កិច្ចសហការ​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​នឹង​មាន​វេទិកា​ជាច្រើន​ដែល​ភាគី​ទាំង​ ២ អាច​សហការ​គ្នា​មាន​ដូចជា ការបណ្តុះបណ្តាល ឱកាស​អាហារូបករណ៍ ការធ្វើ​កម្មសិក្សា និង​សកម្មភាព​ដទៃទៀត​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង​ ២ ផង​ដែរ​៕ LA