ភ្នំពេញៈ EZECOM ដែលជា​ក្រុមហ៊ុន​មួយ​ក្នុង​សម្ព័ន្ធ​រ៉ូយ៉ាល់គ្រុប​ (Royal Group) មាន​ផែនការ​ក្នុង​ការបង្កើត​គម្រោង​តំបន់​ពាណិជ្ជកម្ម​សេរី​ឌីជីថល (Digital Free Trade Zone-DFTZ) ​ដែល​ជា​គម្រោង​កិច្ចសម្រួល​ពាណិជ្ជកម្ម​មួយ អាច​ជួយ​គ្រប់គ្រង ផ្ទុក និង​វិភាគ​ទិន្នន័យ​ដែល​គ្មាន​ក្រដាស​ស្នាម​ប្រកបដោយ​ភាពសុក្រឹត​ខ្ពស់ ភាពប្រាកដប្រជា និង​ចំណាយ​តិច សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ក្រុមហ៊ុន​បានបង្ហាញ​គម្រោង​នេះ​ក្នុង​អំឡុងពេល​បើក​វេទិការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ពិភពលោក ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​រ៉ូយ៉ាល់​គ្រុប (Royal Group) នៅ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ពុធ​។

តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា​៖ «​គម្រោង​នេះ​ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការឈាន​ទៅ​សម្រេចបាន​គោលដៅ​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឆ្នាំ​ ២០២៣»​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ការស្វាគមន៍​ចំពោះ​គម្រោង​ដ៏​មាន​សារៈប្រយោជន៍​នេះ តែ​តម្រូវ​ឱ្យ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុនសិន​។

លោក​ថា ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​សម្រេចបាន​សេដ្ឋកិច្ច​បែប​ឌីជីថល​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដោយ​គ្មាន​ក្រដាស​ស្នាម​ឆ្លងកាត់​ព្រំដែន​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក កាល​ឆ្នាំ​ ២០១៧ ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អាស៊ាន​កាលពី​ឆ្នាំ​ ២០១៩ ព្រមទាំង​ការដាក់​ឱ្យ​ដំណើរការ​គម្រោង​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា អនុលោម​តាម​ផែនការ​បញ្ជរ​តែមួយ​អាស៊ាន​។

លោក​ថ្លែងថា​៖ «​កំណែទម្រង់​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​មួយ​ចំនួន​ពិសេស​ការដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ ការធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​ការបង្កើត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាដើម​»​។

លោក​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន EZECOM បន្ត​ការធ្វើ​បទបង្ហាញ​នេះ និង​ជំរុញ​ឲ្យ​មាន​បទបង្ហាញ​បែបនេះ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​ការយល់ដឹង​កាន់តែ​ទូលាយ​ពី​គម្រោង​នេះ​។

កាលពី​ចុងខែ​កក្កដា កន្លង​ទៅ​នេះ​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុម​ការងារ​អន្តរក្រសួង​ពន្លឿន​ការងារ​បញ្ចប់​សេចក្តីព្រាង​ឯកសារ​ទស្សនទាន​ស្តីពី​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ និង​ត្រូវមាន​ភាពស៊ីចង្វាក់​គ្នា​ជាមួយ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការរៀបចំ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ឯកភាព​រួមមួយ​ដែល​គ្រប់​ក្រសួង​ស្ថាប័ន បំពេញ មុខងារ​រៀងៗ​ខ្លួន​ជា​ទម្រង់​ឌីជីថល​។ រដ្ឋាភិបាល​ឌីជីថល​ជា​ផ្នែក​ដ៏សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ឌីជីថល​»​។

សេចក្ដី​ព្រាង​ផែនការ​យុទ្ធសាស្ដ្រ​រដ្ឋាភិបាល​អេឡិចត្រូនិក​កម្ពុជា​ឆ្នាំ ២០១៨-២០២៣ ដែល​ព្រាង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្រប​ជាមួយនឹង​ផែនការមេ​ ICT ​កម្ពុជា ឆ្នាំ​ ២០២០ និង​គោលនយោបាយ​ Telecom-ICT ឆ្នាំ​ ២០២០៕LA