ភ្នំពេញៈ ក្រុមហ៊ុន​ទូរគមនាគមន៏ EZECOM និង​ក្រុមហ៊ុន LXT Networks បាន​សហការ​គ្នា​ពង្រីក​វិសាលភាព​បណ្តាញ​អ៊ីនធឺណិត​កម្រិត​អន្តរជាតិ និង​ជំរុញ​ការតភ្ជាប់​ជាមួយ​ប្រទេស​​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​នឹង​ពង្រីក​សមត្ថភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន EZECOM និង LXT Networks ក្នុង​ការតភ្ជាប់​ប្រទេស​ក្នុង​តំបន់ ថៃ មីយ៉ាន់ម៉ា ឡាវ និង វៀតណាម សំដៅ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​កាន់តែ​ខ្លាំងក្លា និង​កាន់តែ​ប្រសើរ​ឡើង​។

ក្រុមហ៊ុន LXT Networks គឺជា​ក្រុមហ៊ុន​ឯកទេស​ផ្គត់ផ្គង់​ខ្នាត​ធំ​នូវ​បណ្តាញ​ខ្សែ​កាប្លិ៍​លើ​ដី​ក្នុង​តំបន់​អាស៊ាន​។

ភាព​ជា​ដៃគូ​នេះ​នឹង​ពង្រីក​លទ្ធភាព​ដល់​ក្រុមហ៊ុន LXT Networks ក្នុង​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន EZECOM មាន​ដូចជា ប្រព័ន្ធ​ខ្សែកាប្លិ៍​បាត​សមុទ្រ MCT និង AAG ជាដើម ខណៈ​កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ EZECOM ចូល​ប្រើប្រាស់​បណ្តាញ​របស់ LXT Networks ដ៏ធំ​ទូលាយ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ​។

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM ថ្លែង​ថា៖ «​ភាព​ជា​ដៃគូ​ថ្មី​នេះ​បញ្ជាក់​ពី​ជំហរ​របស់​យើង ថា​ជា​ដៃគូ​តភ្ជាប់​ដ៏ល្អ​សម្រាប់​ប្រតិបត្តិករ​ដែល​ត្រូវការ​ពង្រីក​វិសាលភាព​របស់​ពួកគេ​ក្នុង​ប្រទេស​ថៃ មីយ៉ាន់ម៉ា និង​ប្រទេស​ដទៃ​ទៀត​»​។

ក្រុមហ៊ុន EZECOM និង​ក្រុមហ៊ុន LXT Networks នឹង​ផ្ដល់​សេវា​សមត្ថភាព​អន្តរជាតិ​ដែល​តភ្ជាប់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​នៅ​ក្នុង​តំបន់​ក្រុមហ៊ុន​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម​។

លោក Tom Sastararuchi អគ្គនាយក​ក្រុមហ៊ុន LXT Networks បាន​បញ្ជាក់​ថា​៖ «​យើង​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ ជាមួយ​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​យ៉ាង​ល្អ​ប្រសើរ​ដូចជា EZECOM ដែល​បញ្ជាក់​ពី​ភាព​ខ្លាំង​នៃ​បណ្ដាញ​របស់​យើង និង​លក្ខណៈ​ដ៏រឹងមាំ​នៃ​យុទ្ធសាស្ដ្រ​របស់​យើង​»៕LA