ក្រុងប្រ៊ុចសែលៈ ក្រុមហ៊ុន Facebook ដែលមានរឿងអាស្រូវទិន្នន័យដ៏ធំមួយដែលបានធ្វើឲ្យក្រុមហ៊ុនមួយនេះបាត់បង់ប្រាក់អស់ជាង ១០០ ពាន់លានដុល្លារនៃតម្លៃទីផ្សាររបស់ខ្លួននោះកាលពីថ្ងៃពុធបានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយភាពឯកជនមួយចំនួនដែលក្រុមហ៊ុននេះកំពុងរៀបចំឲ្យអ្នកប្រើប្រាស់មានលទ្ធភាពគ្រប់គ្រងទិន្នន័យរបស់ខ្លួនកាន់តែខ្លាំង។
មុនពេលចូលជាធរមាននៃច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុបដ៏សំខាន់នៅខែឧសភាខាងមុខនេះក្រុមហ៊ុនបណ្តាញសង្គមមួយនេះនឹងបន្ថែម «ប៊ូតុងឯកជន» ថ្មីមួយនៅលើបញ្ជីប៊ូតុងដែលនឹងផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ពិនិត្យឡើងវិញនូវអ្វីដែលពួកគេបានចែករំលែក និងលុបចោលក៏ដូចជាលក្ខណពិសេសមួយចំនួនដែលអាចផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ទាញយកទិន្នន័យរបស់ខ្លួនបាន ហើយផ្លាស់ទិន្នន័យទាំងនោះទៅកាន់សេវាផ្សេងទៀត។
លោក Erin Egan ប្រធានមន្ត្រីផ្នែកភាពឯកជន និងលោកស្រី Ashlie Beringer អគ្គមេធាវីរងប្រចាំក្រុមហ៊ុន Facebook បានបង្ហោះសារនៅលើគេហទំព័រផ្ទាល់ខ្លួនថា៖ «សប្តាហ៍មុនបានបង្ហាញថា តើយើងត្រូវធ្វើការងារបន្ថែមប៉ុនណា ដើម្បីអនុវត្តគោលនយោបាយរបស់យើង និងដើម្បីជួយមនុស្សឲ្យយល់ពីវិធីដែលក្រុមហ៊ុន Facebook ធ្វើការព្រមទាំងជម្រើសដែលពួកគេមានចំពោះទិន្នន័យរបស់ខ្លួន»។
អ្នកទាំង ២ បានបន្តឲ្យដឹងទៀតថា៖ «ដូច្នេះបន្ថែមលើការប្រកាសរបស់លោក Mark កាលពីសប្តាហ៍មុន យើងកំពុងធ្វើដំណើរមួយជំហានទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីផ្តល់លទ្ធភាពឲ្យមនុស្សគ្រប់គ្រងភាពឯកជនរបស់ពួកគេបន្ថែមទៀត»៕ BP