The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Facebook ផ្អាក​ដំណើរការ App ២០០ លើ​បណ្តាញ​ខ្លួន

Facebook ផ្អាក​ដំណើរការ App ២០០ លើ​បណ្តាញ​ខ្លួន

Content image - Phnom Penh Post
ឡូហ្គោ​ក្រុមហ៊ុន Facebook ក្នុង​ពិព័រណ៍​មួយ​នៅ​ក្រុងប៉ារីស​។ AFP

Facebook ផ្អាក​ដំណើរការ App ២០០ លើ​បណ្តាញ​ខ្លួន

ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​បាន​ផ្អាក​កម្មវិធី (App) «​ប្រមាណ ២០០» លើ​គេហទំព័រ​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការប្រើប្រាស់​ខុស​នូវ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ឯកជន​។

ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​ដាក់​ដំណើរការ បន្ទាប់ពី​ការប្រកាស​ថា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នយោបាយ Cambridge Analytica បាន​លួច​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ៨៧ លាន​នាក់ ខណៈ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការងារ​លើ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦ របស់​លោក ដូណាល់ ត្រាំ​។

សេចក្តី​ប្រកាស​មួយ​របស់​លោក Ime Archibong អនុប្រធាន​ផ្នែក​ដៃគូ​ផលិតផល​របស់​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា​៖ «​ដំណើរការ​ស៊ើបអង្កេត​នេះ​កំពុង​ដំណើរការ​ពេញលេញ​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​មាន​ក្រុម​អ្នក​ជំនាញ​ខាង​ក្នុង​ និង​ខាង​ក្រៅ​ជាច្រើន​ក្រុម​ធំៗ​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ស៊ើបអង្កេត​លើ​កម្មវិធី​ទាំងនេះ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ បច្ចុប្បន្ន​កម្មវិធី​រាប់ពាន់​ត្រូវ​បាន​ស៊ើបអង្កេត ហើយ​កម្មវិធី​ប្រមាណ ២០០ ត្រូវ​បាន​ផ្អាក​ដោយ​រង់ចាំ​ការស៊ើបអង្កេត​ដ៏ហ្មត់ចត់​មួយ​ទៅ​លើ​ថា​តើ​ជាក់ស្តែង​ពួកគេ​ពិត​ជា​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​ខុស​មែន​ឬ​យ៉ាង​ណា​»​។

លោក Archibong បាន​បន្ត​ថា​៖ «​នៅពេល​ដែល​យើង​រក​បាន​ភ័ស្តុតាង​បញ្ជាក់​ថា កម្មវិធី​ទាំងនោះ ឬ​កម្មវិធី​ផ្សេង​ទៀត​ពិតជា​ប្រើប្រាស់​ទិន្នន័យ​ខុស​មែន​នោះ​យើង​នឹង​ហាមឃាត់​កម្មវិធី​ទាំង​នោះ​ហើយ​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​តាមរយៈ​គេហទំព័រ​នេះ​»​។

ការបង្ហាញ​ព័ត៌មាន​អំពី​ក្រុមហ៊ុន Cambridge Analytica បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាច្រើន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ហើយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Facebook រឹតបន្តឹង​គោលនយោបាយ​របស់​ខ្លួន​ស្តីពី​របៀប​ចែករំលែក និង​ចូលទៅ​កាន់​ទិន្នន័យ​ផ្ទាល់​ខ្លួន​។

ក្រុមហ៊ុន Facebook បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ម្តង​ក្នុង​ឆ្នាំ​ ២០១៤ ដោយ​បាន​កាត់បន្ថយ​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ តែ​បាន​បញ្ជាក់​ថា កម្មវិធី​មួយចំនួន​នៅ​តែ​មាន​ទិន្នន័យ​ដែល​ទទួល​បាន​មុន​ពេល​ផ្លាស់ប្តូរ​គោលនយោបាយ​នេះ​។

លោក Archibong បាន​ថ្លែង​ថា​៖ «​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្វែងរក​កម្មវិធី​ទាំងអស់​ដែល​អាច​ប្រើប្រាស់​ខុស​នូវ​ទិន្នន័យ​ក្នុង Facebook»៕ BP

អត្ថបទគួរចាប់អារម្មណ៍