ភ្នំពេញៈ ការបង្កើត​មាតិកា​ហាង​លក់​អនឡាញ​ដោយ​ក្រុមហ៊ុន Facebook នឹង​បើកឱកាស​ឲ្យ​ម្ចាស់​អាជីវកម្ម ឬ​ផលិតផល​ដែល​ពួកគេ​ចង់​បាន​បង្ហាញ​នៅពេល​ខាងមុខ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា នឹង​រួមចំណែក​ជំរុញ​ការបង្កើត​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន និង​មាន​អ្នក​ប្រើប្រាស់​យ៉ាងច្រើន​លើសលប់​នេះ​។

ក្រុមហ៊ុន Facebook បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ដាក់​ឲ្យ​ដំណើរការ​ហាង​លក់ Facebook Shops ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើឲ្យ​វា​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការបង្កើត​ហាង​លក់​អនឡាញ​តែ​ ១ ​គត់​សម្រាប់​អតិថិជន ដើម្បី​មាន​លទ្ធភាព​ចូល​ប្រើប្រាស់​ទាំង Facebook និង Instagram​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការបង្កើត​គណនី​លក់​តាម​ហ្វេសប៊ុក «Facebook Shop» គឺ​មិន​គិត​ប្រាក់ និង​ងាយស្រួល​។ ក្រុមហ៊ុន​អាច​ជ្រើសរើស​ផលិតផល​ដែល​ពួកគេ​ចង់បាន​បង្ហាញ​លក្ខណ​ពិសេស​ពី​សៀវភៅ​កាតាឡុក ហើយ​បន្ទាប់មក​ផ្លាស់ប្តូរ​ការមើល និង​ការគិត​ពី​ហាង​លក់​របស់​ពួកគេ​ជាមួយ​នឹង​រូបភាព​គម្រប និង​ពណ៌​ដែល​លេចឡើង និង​បង្ហាញ​យីហោ​របស់​ពួកគេ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​តូចៗ​ជាច្រើន​កំពុង​ជួប​ការពិបាក ហើយ​ហាង​លក់​ជាច្រើន​បាន​បិទទ្វារ និង​កំពុង​ស្វែងរក​ការនាំយក​អាជីវកម្ម​របស់​ពួកគេ​តាម​អនឡាញ​។ Facebook Shops មានបំណង​ធ្វើឲ្យ​ការទិញ​អីវ៉ាន់​មាន​ភាពងាយស្រួល និង​ផ្ដល់​អំណាច​ដល់​មនុស្ស​គ្រប់គ្នា​ចាប់ពី​ម្ចាស់​អាជីវកម្ម​តូចៗ​ដល់​យីហោ​ពិភពលោក​ក្នុង​ការប្រើប្រាស់​កម្មវិធី Facebook ដើម្បី​ទំនាក់ទំនង​ជាមួយ​អតិថិជន​។

«​នៅពេល​នេះ​ប្រជាជន​កម្ពុជា​អាច​ស្វែងរក Facebook Shops នៅលើ​ទំព័រ Facebook Page របស់​ក្រុមហ៊ុន ឬ​គណនី Instagram ឬ​ស្វែងរក​កម្មវិធី​ទាំងនេះ​តាមរយៈ​រឿង​ ឬ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ចាប់ពី​ទីនោះ​ពួកគេ​អាច​រកមើល​ជម្រើស​ពេញលេញ រក្សាទុក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ដាក់​ការបញ្ជាទិញ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​»​។

លោក ឡី សុភាព ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​វិនិយោគ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រកាស​ឲ្យ​ប្រើ Facebook Shops នេះ​នឹង​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ដល់​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​ក្នុង​ស្រុក​ផ្តោតលើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ស្រប​ពេល​រដ្ឋាភិបាល​លើកកម្ពស់​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​និយាយ​ថា​៖ «​នេះ​ជា​ការចាប់ផ្តើម​មួយ​ដ៏ល្អ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូចៗ​តាម​បណ្តាញ​អ៊ីនធឺណិត និង​ជំរុញ​ឲ្យ​ប្រជាជន​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផងដែរ​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ប្រកប​អាជីវកម្ម​តាមបែប​ឌីជីថល ហើយ​នៅពេល​ខាង​មុខ​នេះ​ខ្ញុំ​នឹង​ចាប់ផ្តើម​បើក​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ និង​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​»​។

របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​បាន​កើនឡើង​យ៉ាង​រហ័ស ជាមួយ​នឹង​អ្នក​ជាវ​ ១៦,១២ ​លាន​ស៊ីម​។

Facebook ឲ្យ​ដឹងថា​ខ្លួន​កំពុង​ចាប់ផ្ដើម​សាកល្បង​ហាង​លក់​មួយ​នេះ​ជាមួយ Facebook និង Instagram ហើយ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​៕LA