The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - FCA សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​សហជីព

FCA សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​សហជីព

Content image - Phnom Penh Post
រ៉ូបូត​កំពុង​ធ្វើការ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​រថយន្ត Fiat 500 BEV​។ រូបថត AFP

FCA សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​សហជីព

ក្រុងញូវយ៉កៈ ក្រុមហ៊ុន Fiat Chrysler Automobiles (FCA) និង​សហជីព​កម្មករ (UAW) សម្រេចបាន​កិច្ចព្រមព្រៀង​ការងារ​បណ្តោះអាសន្ន​ដោយ​អំពាវនាវ​ឲ្យ​មាន​ការវិនិយោគ​ថ្មី​រាប់ពាន់​លាន​ដុល្លារ និង​ការងារ​ថ្មី​រាប់ពាន់នាក់​។ នេះ​បើ​យោងតាម​ការប្រកាស​របស់​សហជីព UAW កាលពី​ថ្ងៃ​សៅរ៍​។

ក្រុមហ៊ុន FCA គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​ទី​ ៣ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Detroit ដែល​សម្រេចបាន​កិច្ចព្រមព្រៀង​ជាគោលការណ៍​ជាមួយ​សហជីព​កម្មករ​ដ៏មាន​ឥទ្ធិពល​មួយ​នេះ​។

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន General Motors ( GM) បានផ្ដល់​សច្ចាប័ន​រួចហើយ​លើ​កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាមួយ​សហជីព​កម្មករ​នេះ ដែល​ក្នុងនោះ​មាន​តែ​ក្រុមហ៊ុន GM ទេ​បាន​ជួបប្រទះ ការធ្វើ​កូដកម្ម​រយៈពេល​ ៤០ ​ថ្ងៃ​ដែល​ធ្វើឲ្យ​ផលិតកម្ម​ជាប់គាំង​។

កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន FCA ដែល​នៅតែ​តម្រូវ​ឲ្យ​មាន​ការផ្ដល់​សច្ចាប័ន​ដោយ​បុគ្គលិក​ធ្វើ​ឡើង​នៅក្នុង​ពេល​ដ៏ពិបាក​មួយ​សម្រាប់​សហជីព​កម្មករ​ពោល​គឺ​មន្ដ្រីជាន់ខ្ពស់​ ២ ​រូប​ដែល​រួមមាន​លោក​ប្រធាន Gary Jones បាន​បង្ខំចិត្ត​លាលែង​ពី​តំណែង​ក្នុង​ពេល​មានការ​ស៊ើបអង្កេត​អំពើពុករលួយ​ដែល​កំពុង​ដំណើរការ​។

ការចោទប្រកាន់​ពុករលួយ​ស្ថិត​នៅ​ចំកណ្ដាល​នៃ​បណ្ដឹង​សហព័ន្ធ ដែល​ក្រុមហ៊ុន GM បាន​ប្ដឹង​កាលពី​ដើមខែ​នេះ​ប្រឆាំង​នឹង​ក្រុមហ៊ុន Fiat Chrysler​។

បណ្ដឹង​នេះ​ចោទប្រកាន់​ថា ក្រុមហ៊ុន FCA បាន​សូកប៉ាន់​មន្ដ្រី​សហជីព​កម្មករ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​មិន​ស្មើភាព​ក្នុង​ការចរចា​ការងារ និង​ដើម្បី​បង្ខំ​ក្រុមហ៊ុន​នេះ​យល់ព្រម​ច្របាច់​បញ្ចូល​គ្នា​។

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ អ៊ីតាលី-អាមេរិក​ មួយ​នេះ ​ជា​បន្តបន្ទាប់​បាន​ចោទប្រកាន់​ក្រុមហ៊ុន GM ពី​បទ​ប៉ុនប៉ង​ធ្វើឲ្យ​ខកខាន​ដល់​ការច្របាច់​បញ្ចូល​គ្នា​ដែល​គ្រោងទុក​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន PSA ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ បារាំង​។

ក្រុមហ៊ុន FCA និង​សហជីព​ UAW មិនបាន​ចេញផ្សាយ​ព័ត៌មាន​លម្អិត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​របស់​ពួកគេ​នោះទេ ប៉ុន្តែ​សហជីព​កម្មករ​នេះ​បានចង្អុល​បង្ហាញ​ថា វា​បាន​ឆ្លុះបញ្ចាំង​ជាទូទៅ​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត GM និង​ក្រុមហ៊ុន Ford៕ LA

អត្ថបទគួរចាប់អារម្មណ៍