ក្រុងប៊ុយណូស៊ែៈ តម្លៃ​រូបិយប័ណ្ណ​ប៉េសូ​របស់​អាហ្សង់ទីន​កាលពី​ថ្ងៃ​សុក្រ​បានបញ្ចប់​ភាពចលាចល​ដែល​កើតមាន​រយៈពេល​មួយ​សប្ដាហ៍​មកនេះ ដែល​បាន​ធ្លាក់​ចុះ ២០ ​ភាគរយ​នៃ​តម្លៃ​របស់​ខ្លួន​ធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​អាមេរិក ខណៈ​ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​បំណុល Fitch និង S&P បាន​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​រយៈពេល​វែង​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​លើកឡើង​ពី​ភាពមិន​ច្បាស់លាស់ និង​ហានិភ័យ​នៃ​ការកើតមាន​ភាព​ក្ស័យធន​។

តម្លៃ​ប្រាក់​ប៉េសូ​បាន​កើនឡើង ២,៧៥ ភាគរយ​ដោយ​ជួញដូរ​ក្នុង​តម្លៃ ៥៨,១២ ធៀប​នឹង​ប្រាក់​ដុល្លារ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ការធ្លាក់ចុះ​តម្លៃ​ខ្លាំង​ជាច្រើន​ថ្ងៃ​ត្រូវបាន​បញ្ឈប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​មាន​ការអំពាវនាវ​រួមគ្នា​មួយ​ឲ្យ​មាន​ការស្ងៀមស្ងាត់​ដែល​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Mauricio Macri និង​លោក Alberto Fernandez ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ប្រកាន់​កណ្ដាល​ឆ្វេងនិយម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ប្រទេស​អាហ្សង់ទីន​។

ប៉ុន្តែ​ចក្ខុវិស័យ​នៅ​តែ​មិន​ច្បាស់លាស់ បន្ទាប់ពី​ទីផ្សារ​នានា​បាន​ធ្លាក់​ចូលក្នុង​ភាពចលាចល បន្ទាប់ពី​ការបរាជ័យ​យ៉ាង​ខ្លាំង​របស់លោក​ប្រធានាធិបតី Macri ដែល​កំពុង​កាន់អំណាច​ក្រោម​ថ្វី​ដៃ​របស់​លោក Fernandez ដែល​ជា​អ្នកនយោបាយ​ប្រជា​និយម​នៅក្នុង​ការបោះឆ្នោត​ជុំ​ដំបូង​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ទី ​១១ ខែ​សីហា​។

ក្រុម​អ្នកវិភាគ​មកពី​ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​ថា​៖ «​តម្លៃ​ប្រាក់​ប៉េសូ​របស់​ប្រទេស​អាហ្សង់ទីន​មាន​ស្ថិរភាព​ឡើងវិញ​ក្នុង​រយៈពេល​ជួញដូរ​ ២-៣ ​ថ្ងៃ​កន្លង​មក​នេះ ប៉ុន្តែ​ការធ្លាក់ចុះ​នៅ​ដើម​សប្ដាហ៍​មុន បាន​ធ្វើឲ្យ​ភាព​គ្មាន​លទ្ធភាព​សងបំណុល​របស់​រដ្ឋាភិបាល​ទំនង​ជា​កើនឡើង​យ៉ាងខ្លាំង​»​។

ទីភ្នាក់ងារ​វាយតម្លៃ Fitch បាន​ទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​របស់​រដ្ឋាភិបាល​អាហ្សង់ទីន​ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​មួយ​នេះ​​ ២ ​ចំណាត់ថ្នាក់​ពី «B» មក​នៅ​ត្រឹម «CCC»​។ ក្រុមហ៊ុន Standard &Poor''s បាន​ទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​មួយ​ចំណាត់ថ្នាក់​ពី «B» មក​ត្រឹម «B-»​។

ទីភ្នាក់ងារ​វាយតម្លៃ S&P បាន​ឲ្យ​ដឹងថា​៖ «​ភាពចលាចល​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​បាន​ប្រកាស​ឡើង​ជាមួយ​នឹង​ការធ្លាក់​ថ្លៃ​ខ្លាំង​នៃ​ប្រាក់​ប៉េសូ​របស់​ប្រទេស​អាហ្សង់ទីន និង​ការកើនឡើង​អត្រា​ការប្រាក់​បាន​ធ្វើឲ្យ​ចុះខ្សោយ​យ៉ាងខ្លាំង​នូវ​ប្រវត្តិ​ហិរញ្ញវត្ថុ​ដែល​ងាយ​ទទួលរង​គ្រោះ​រួចហើយ (​របស់​ប្រទេស​អាហ្សង់ទីន​)»​។

ទីភ្នាក់ងារ​វាយតម្លៃ Fitch បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា​៖ «​ការទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​អាហ្សង់ទីន​ឆ្លុះបញ្ចាំង​ពី​ភាពមិន​ច្បាស់លាស់​ផ្នែក​គោលនយោបាយ​ដែល​កំពុង​កើនឡើង ការ​រឹតបន្តឹង​កាន់តែ​ខ្លាំង​នៃ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ និង​ភាព​កាន់តែ​អាក្រក់​ទៅ​តាម​ការរំពឹងទុក​នៃ​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច​ដែល​បង្កើន​លទ្ធភាព​នៃ​ការកើត​មាន​ភាព​ក្ស័យធន សងបំណុល ឬ​ការរៀបចំ​រចនាសម្ព័ន្ធ​មួយចំនួន​ឡើងវិញ​»​។

ទីភ្នាក់ងារ​វាយតម្លៃ Fitch បាន​ឲ្យ​ដឹងថា ការបរាជ័យ​ផ្នែក​នយោបាយ​យ៉ាងខ្លាំង​របស់​គណបក្ស​ប្រកាន់​កណ្ដាល​ស្ដាំ​នៅក្នុង​ការបោះឆ្នោត​ជុំ​ដំបូង «​បង្កើន​ហានិភ័យ​នៃ​ការបែកបាក់​ដោយសារ​យុទ្ធសាស្ដ្រ​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក Mauricio Macri ដែល​បាន​ដឹកនាំ​ដោយ​កម្មវិធី​មួយ​ជាមួយ​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)»៕ LA