ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​សហគ្រិន​ប្រទេស​ហូឡង់ FMO នឹង​ចាក់​បញ្ចូល​ប្រាក់​ប្រមាណ ១,៤ ​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជុំ​ទី​ ២ ដល់​មូលនិធិ Emerging Markets Investment Advisers (EMIA) ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ផលបត្រ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ (CLMDF II) ចំពេល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន Nikkie Asia Review ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​ ៨ ខែ​សីហា ថា នេះ​គឺជា​ការចាក់​បញ្ចូល​មូលនិធិ​ថ្មី​ ១ ​ទៀត​ទៅក្នុង​ទីផ្សារ​ទាំងនេះ ដោយ​ធនាគារ FMO សង្ឃឹមថា មូលនិធិ​ដែល​បង្កើន​នេះ​នឹង​បំពេញ​បន្ថែម​លើ​ទុនបម្រុង​ផ្សេងទៀត​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជុំ​ទី​ ២ សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​។

ធនាគារ​នេះ​ត្រូវបាន​ដកស្រង់​សម្តី​​ថា​៖ «​ការវិនិយោគ​របស់​មូលនិធិ​នេះ បាន​បង្ហាញ​ពី​ភាពរឹងមាំ ដោយ​បាន​លៃ​ទុក​សម្រាប់​កំណើន​អនាគត និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គ្របដណ្ដប់​លើ​ទុន​បង្វិល និង​ការចំណាយ​ប្រតិបត្តិការ​ក្នុង​អំឡុង​ការបិទ​ប្រទេស​។ យុទ្ធសាស្ដ្រ​ផ្សេងទៀត​របស់​មូលនិធិ​នេះ​ក៏​រង​ផលប៉ះពាល់​ផងដែរ​»​។

ធនាគារ​ឲ្យ​ដឹង​ទៀតថា មូលនិធិ​នេះ​ត្រូវ​រំពឹង​ថា នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន​ផលបត្រ​ទាំង​ ១៣ របស់ CLMDF II ក្នុង​អំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ​១៩​។

FMO បាន​បន្តថា​៖ «​ការបង្កើន​ការប្ដេជ្ញាចិត្ត​នេះ​នឹង​ជួយ​ដល់​មូលនិធិ​នេះ​ឲ្យ​សម្រេចបាន​តាម​គោលបំណង​បង្កើន​តម្លៃ​របស់ខ្លួន និង​គាំទ្រ​ដល់​ការវិនិយោគ​សម្រេច​បាន​ទិសដៅ​កំណើន​ដំបូង​របស់​ពួកគេ​»​។

កាលពី​ឆ្នាំ​ ២០១៥ FMO បាន​សន្យា​ផ្តល់ ១០ ​លាន​ដុល្លារ​ដល់ CLMDF II ជា​លើកដំបូង​។ មូលនិធិ​នេះ​បាន​បិទ​ក្នុង​ចំនួន ៦៤,៥ ​លាន​ដុល្លារ​ ជាមួយ​នឹង​ការវិនិយោគ​លើ​ក្រុមហ៊ុន​ ១៣ ភាគច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ស្ថិតក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ ៤ នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ ៣ ​នៅ​ឡាវ​ក៏​ទទួល​បាន​មូលនិធិ​នេះ​ផងដែរ​។

លោក Joshua Morris អគ្គនាយក​មូលនិធិ Emerging Markets Investment Advisers បាន​ប្រាប់​ក្រុមហ៊ុន DealStreetAsia ដែល​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ Nikkie Asia Review កាលពី​ខែ​មុន​ថា ក្រុមហ៊ុន​នេះ​បាន​ផ្ដោតលើ​ការងារ​ជាមួយ​ក្រុមវិនិយោគិន​ដើម្បី​បង្កើន​ការប្ដេជ្ញាចិត្ត និង​ជា​ទុនបម្រុង​ផ្សេងទៀត​របស់​មូលនិធិ​ទី​ ២ ​នេះ​។

លោក​ក៏បាន​បង្ហាញថា EMIA កំពុង​សម្លឹងមើល​ការចាប់​យក​ដៃគូ​ទាំង​ក្នុងស្រុក​ដែល​មាន​ស្រាប់ និង​ដៃគូ​ថ្មី ដើម្បី​ប្រមូល​មូលនិធិ​រហូត​ដល់ ១២០ ​លាន​ដុល្លារ​សម្រាប់​យុទ្ធសាស្ដ្រ​ថ្មី​។ មូលនិធិ​ជុំ​ទី​ ៣ ​នេះ​នឹង​បន្ត​យុទ្ធសាស្ដ្រ​ដែល​មាន​ស្រាប់​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ​។

លោក Morris ថ្លែងថា​៖ «​យើង​រំពឹងថា យើង​នឹង​អាច​គ្របដណ្ដប់​លើ​ទំហំ​វិនិយោគ​ដ៏ទូលំទូលាយ​សម្រាប់​មូលនិធិ​ថ្មី ខណៈ​ដែល​ទុនបម្រុង​គឺ​យើង​មាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​កំណើន​»​។

មូលនិធិ​ដំបូង​របស់ EMIA មាន​ទឹកប្រាក់​ចំនួន ១៩,៦៥ ​លាន​ដុល្លារ​ បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ប៉ុន្តែ​បាន​ដក​ការវិនិយោគ​ជា​បន្តបន្ទាប់​ពី​ប្រទេស​ទាំង​ ២ ​នេះ​ដោយ​បន្ថយ​ភាគហ៊ុន​នៅក្នុង Park Cafe និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK​។ នេះ​បើ​យោងតាម​លោក​ប្រធាន​ក្រុមហ៊ុន​៕ LA