ភ្នំពេញៈ ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អង្កេត​នៅក្នុង​សមុទ្រ​របស់​ហូឡង់ Fugro ធ្វើការ​អង្កេត​ភូមិសាស្ដ្រ​នៅ​អណ្ដូងប្រេង​អប្សរា​ក្នុង​សមុទ្រ​កម្ពុជា ជា​វិធានការ​ដ៏ល្អ​មួយ​ឆ្ពោះ​ទៅ​ការកំណត់​ទិសដៅ​ក្នុង​ការទាញ​យក​ប្រេង​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។ ​

ក្រុមហ៊ុន Fugro បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​អនុវត្ត​ការអង្កេត​ភូមិសាស្ដ្រ ដើម្បី​គាំទ្រ​ដល់​ដំណាក់កាល​ការបង្កើត និង​ការដំឡើង​នៃ​ការអភិវឌ្ឍ Apsara Mini Phase 1A​។

ក្រុមហ៊ុន​នេះ​បន្ថែម​ថា ការងារ​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ប្រើប្រាស់​នាវា​ខួង​ប្រេង Fugro Mariner របស់​ពួកគេ ហើយ​នឹង​រួមបញ្ចូល​ទាំង​ការខួង​រន្ធ​សាកល្បង​រក​ឧស្ម័ន​នៅ​ទឹក​រាក់ និង​ការធ្វើ​តេស្ដ​រណ្ដៅ​ជ្រៅៗ​។

លោក​ Jerry Paisley នាយក​ចង្វាក់​អាជីវកម្ម​របស់​ក្រុមហ៊ុន Fugro ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​៖ «​វា​ជាការរីករាយ​មួយ​ក្នុង​ការត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដែល​ការចូលរួម​របស់​យើង​នៅក្នុង​ការរុករក​ប្រេង​នៅ Block A ចាប់​តាំងពី​ឆ្នាំ​ ២០០៦ នៅពេល​យើង​បាន​គាំទ្រ​ដល់​ការខួងប្រេង​នៃ​អណ្ដូង​រុករក​ដំបូង​»​។

លោក Jerry បន្ថែមថា​៖ «​ក្រុមហ៊ុន KrisEnergy គឺជា​អតិថិជន​ដ៏មាន​តម្លៃ​របស់​យើង ចាប់តាំងពី​ការបង្កើតឡើង​របស់​ពួកគេ​កាលពី​ឆ្នាំ​ ២០០៩ និង​ជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​របស់​យើង​ត្រូវ​បាន​ផ្ដល់​ដំណោះស្រាយ «​អេ​ ៣» តែ​មួយ​គត់​របស់​យើង ដែល​យើង​ទទួល​បាន​ការវិភាគ និង​ប្រឹក្សាយោបល់​លើ​ទិន្នន័យ​ភូមិសាស្ដ្រ​នៅក្នុង​វដ្ដ​ជីវិត​គម្រោង​ពេញលេញ​» ។

លោក Vladimir Lavie អ្នក​ភូមិសាស្ដ្រ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន KrisEnergy បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Fugro នឹង​ជួយ​ក្នុងការ​បង្កើន​ការធ្វើឲ្យ​សម្រេច​បាន​អណ្ដូងប្រេង​អប្សរា ខណៈ​ក្រុមហ៊ុន​នេះ​ទើប​បញ្ចប់​ការអង្កេត​ភូមិសាស្ដ្រ​កាលពី​ឆ្នាំ​​មុន​។

លោក​បន្តថា​៖ «​យើង​អរគុណ​ដល់​សហការី​របស់​យើង​នៅក្នុង​ក្រុមហ៊ុន​ Fugro សម្រាប់​ការធ្វើ​ការងារ​ជាមួយ​ពួកយើង​លើ​គម្រោង​ជា​ប្រវត្តិសាស្ដ្រ​នេះ​។ ការអង្កេត​ទីតាំង​នេះ​នឹង​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ផ្សេងទៀត​ក្នុង​ការធ្វើឲ្យ​សម្រេច​បាន​ឆ្នាំ​ ២០២០ នៃ​អណ្ដូង​ប្រេង​អប្សរា​។ យើង​បានបញ្ចប់​រួចហើយ​ការអង្កេត​ភូមិសាស្ដ្រ​របស់​យើង និង​ការអង្កេត​ភូមិសាស្ដ្រ​របស់​ក្រុមហ៊ុន Fugro នឹង​ផ្ដល់ព័ត៌មាន​ភូមិសាស្ដ្រ​បញ្ចប់​ត្រូវការ​ក្នុង​ការធ្វើឲ្យ​ប្រសើរ​ឡើង​ការបង្កើត ការដំឡើង និង​ប្រតិបត្តិការ​នៃ​គម្រោង​របស់​យើង​»​។

កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ក្រុមហ៊ុន KrisEnergy បាន​ចុះហត្ថលេខា​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន PT Profab ក្នុង​ការផ្គត់ផ្គង់​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​ខ្នាតតូច (​មីនីផ្លាតហ្វម​) សម្រាប់​អណ្ដូងប្រេង​អប្សរា​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ផែនការ​របស់​ក្រុមហ៊ុន KrisEnergy ក្នុង​ការទាញ​យក​តំណក់​ប្រេង​លើកដំបូង​ពី Block A នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។

លោកស្រី Kelvin Tang ប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន KrisEnergy នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅពេល​ថ្មីៗ​នេះ​ថា ការផ្ដល់​សិទ្ធិ​នេះ​គឺ​សម្រាប់​ផ្លាតហ្វម​អណ្ដូងប្រេង​អប្សរា​។ ក្រុមហ៊ុន Profab នឹង​បង្កើត និង​សាងសង់​រចនាសម្ព័ន្ធ ជើង​ទម្រង​ផ្លាតហ្វម និង​រចនាសម្ព័ន្ធ​ផ្នែក​ខាងលើ​សម្រាប់​ផ្លាត​ហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​ខ្នាតតូច​អប្សរា​។ លោកស្រី​បន្ថែមថា​៖ «​អណ្ដូង​ប្រេង​អប្សរា គ្រោង​នឹង​ទាញយក​ប្រេង​នៅក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០»​។

Block A កម្ពុជា​គ្របដណ្ដប់​លើ​តំបន់ ៣ ០៨៣ ម៉ែត្រការ៉េ​នៅ​បាសាំង​ខ្មែរ​នៅក្នុង​សមុទ្រ​កម្ពុជា​ក្នុង​ទឹក​ជម្រៅ​ពី​ ៥០ ​ម៉ែត្រ​ទៅ​ ៨០ ​ម៉ែត្រ​៕LA