ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ ១ ក្នុង​ក្រុងព្រះសីហនុ​ដែល​មាន​តម្លៃ ១០ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​នៅក្នុង​ស្រុក Furi Real Estate និង​ក្រុមហ៊ុន​មកពី​ចិន​បាន​បើក​ដំណើរការ​សាកល្បង​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។

Furi Times Square បាន​ចាប់ផ្តើម​សាងសង់​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០១៨ លើ​ផ្ទៃដី ១ ​ហិកតា​ដោយ​មាន​កម្ពស់ ៥ ​ជាន់ និង​មាន​ផ្ទៃ​សំណង់ ១៥ ០០០ ​ម៉ែត្រការ៉េ​។

កញ្ញា លីម សុខាដាវីន ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Furi Real Estate បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅក្នុង​ដំណាក់កាល​បើក​សាកល្បង​នេះ​មាន​តែ​ជាន់​ទី​ ១ និង​ជាន់​ទី​ ២ ប៉ុណ្ណោះ​ដែល​បើក​ឲ្យ​អតិថិជន​ចូល​កម្សាន្ត ខណៈ​ពិធី​បើក​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​ក្នុងពេល​ឆាប់ៗ​។

Furi Times Square ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​នឹងមាន​ហាង​លក់​ទំនិញ​ធំៗ​លំដាប់​អន្តរជាតិ​ជាច្រើន​ដូចជា KFC, Starbucks, LEVINIKE, Amazone Cafe និង G-Shock ជាដើម​។

កញ្ញា សុខាដាវីន បាន​ថ្លែង​ថា​៖ «​តាមរយៈ​ការបើក​ដំណើរការ​រយៈពេល​ ២ ​ថ្ងៃនេះ ខ្ញុំ​សង្កេត​ឃើញ​មាន​អតិថិជន​ទាំង​ក្នុងស្រុក និង​ជនបរទេស​ជាច្រើន​បាន​ចូលមក​ទស្សនា និង​ទិញ​ទំនិញ​នៅក្នុង Furi Times Square»​។

កញ្ញា​ប្រាប់ទៀត​ថា​រហូត​មក​ដល់​ពេល​នេះ​អត្រា​ជួល​ប្រើប្រាស់​ក្នុង​អគារ Furi Times Square ទាំងមូល​មាន​ប្រមាណ ៨០ ​ភាគរយ​។ ទោះជា​យ៉ាងណា​តម្លៃ​ជួល​នៅក្នុង​អគារ​នេះ​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះទេ​។

នៅ​ជាន់​ក្រោម​ដី​នៃ Furi Times Square នឹង​ប្រើប្រាស់​សម្រាប់​ផ្សារទំនើប ជាន់​ទី​ ១ ជា​កន្លែង​លក់​អាហារ និង​ភេសជ្ជៈ​ជាន់​ទី​ ២ កន្លែង​លក់​សម្លៀកបំពាក់​ជាន់​ទី​ ៣ ហាង​អាហារ​ធំៗ ជាន់​ទី​ ៤ រោង​ភាពយន្ត និង​កន្លែង​កម្សាន្ត​ផ្សេងៗ និង​ជាន់​ទី​ ៥ ជា Skybar​។

ខណៈ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​កំណើន​ភ្ញៀវទេសចរ​ជា​បន្តបន្ទាប់​នោះ​កញ្ញា ដាវីន បាន​និយាយ​ថា តម្រូវការ​ផ្សារ​ទំនើប​នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅមាន​ច្រើន​បន្ថែមទៀត​។

កញ្ញា​អះអាង​ថា​៖ «​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នឹង​ធ្វើឲ្យ​ចំនួន​ប្រជាជន និង​ភ្ញៀវទេសចរ​កើនឡើង​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ហេតុនេះ​តម្រូវការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក៏​នឹង​កើន​ច្រើន​ដែរ​នាពេល​ខាងមុខ​»​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​មាន​តម្លៃ​ប្រមាណ​ជាង ៩,៣ ​ពាន់​លាន​ដុល្លារ​កើនឡើង ៧៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​កំណើន​ភាគច្រើន​បាន​មកពី​ការសាងសង់​ដ៏ច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕ LA