The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - G20 មិន​អាច​បង្កើត​កិច្ច​ព្រមព្រៀងចិន-អាមេរិក

G20 មិន​អាច​បង្កើត​កិច្ច​ព្រមព្រៀងចិន-អាមេរិក

Content image - Phnom Penh Post
លោក Wilbur Ross ថ្លែង​ក្នុង​សន្និសីទ​​មួយ​កាល​ពី​ខែ​មីនា ។ រូបថត AFP

G20 មិន​អាច​បង្កើត​កិច្ច​ព្រមព្រៀងចិន-អាមេរិក

ក្រុង​វ៉ាស៊ីនតោនៈ លោក Wilbur Ross រដ្ឋមន្ដ្រី​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា កិច្ចប្រ​ជុំ​កំពូល​​​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​​ទាំង ២០ (G20) នៅ​ចុង​ខែ​នេះ អាច​មាន​ដំណើរ​វិវឌ្ឍ​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ទាក់ទង​នឹង​​​​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស ចិន ប៉ុន្តែ​​កិច្ច​ប្រជុំ​នេះ​​មិនមែន​ជា​​ទីកន្លែង​សម្រាប់ «​​កិច្ច​ព្រមព្រៀង​ជាក់លាក់​​» នោះ​ទេ។​

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក ស៊ី ជីនភីង ចង់​បាន​កិច្ច​ព្រមព្រៀង​មួយ «​ខ្លាំង​បំផុត​» និង​បាន​និយាយ​ម្ដង​ហើយ​ ម្ដង​ទៀត​ថា ​លោក​រំពឹង​ថា នឹង​ជួប​ជាមួយ​មេ​ដឹកនាំ​ចិន​​ ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​នៅ​​​​​​ជប៉ុន​។​

លោក​ ត្រាំ បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​​​ នៅ​សេតវិមាន​ថា៖ «​ពួក​គេ​នឹង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ពន្ធ​នាំចូល​នេះ​»។ លោក​បន្ត​ថា​៖ «​យើង​រំពឹង​ថា នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​ស៊ី ឆាប់​បំផុត​ ។ យើង​គិត​ថា​ យើង​នឹង​ជួប​ជាមួយ​គាត់​នៅ​ក្នុង​កិច្ច​ប្រជុំ​ G20​»។​

ការ​ចរចា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង បាន​បរាជ័យ​​នៅ​​ខែ​មុន បន្ទាប់​ពី​​លោក ត្រាំ បាន​ចោទ​ប្រកាន់​​ប្រទេស ​ចិន ​ពី​បទ​​មិន​គោរព​តាម​​ការ​ប្ដេជ្ញា​ចិត្ត​។

លោក ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «​មើល​នែ! យើង​មាន​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​​ប្រទេស ចិន បន្ទាប់​មក ពួក​គេ​បាន​ដក​ថយ​ចេញ​ពី​​​កិច្ច​ព្រមព្រៀង​នេះ​វិញ»។ លោក​បន្ត​ថា​៖ «​​លុះត្រា​តែ​​​ពួក​គេ​វិល​មក​រក​​​​កិច្ច​ព្រមព្រៀង​នោះ​ បើ​មិន​អ៊ីចឹង​ខ្ញុំ​​​មិន​ចាប់​អារម្មណ៍​នោះ​ទេ​»។​

ប្រទេស​ទាំង ២ បាន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​ពន្ធ​នាំចូល​ដ៏​ខ្ពស់​​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​តម្លៃ​ជាង ​៣៦០ ​ពាន់​លាន​ដុល្លារ។

ការ​ជាប់​គាំង​នេះ​​បាន​បង្កើន​ក្ដី​សង្ឃឹម​ថា នៅ​ក្រៅ​ជំនួប​​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេ​ដឹកនាំ​របស់​​ G20 លោក ស៊ី និង​លោក​ ត្រាំ អាច​ជំរុញ​​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​​ក្នុង​ការ​​ដោះស្រាយ​ភាព​ជាប់​គាំង​នេះ​។ ប៉ុន្តែ​​លោក Ross បាន​​កាត់​បន្ថយ​ក្ដី​រំពឹង​ថា​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​មួយ។​ ​លោក​ Ross ​ប្រាប់​សារព័ត៌មាន CNBC ​ថា៖ «​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 យ៉ាង​ច្រើន​បំផុត​​វា​នឹង​ជា​​ប្រភេទ​​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​ដើរ​​ឆ្ពោះ​ទៅ​មុខ​មួយ។ ​ច្បាស់លាស់​វា​​នឹង​មិនមែន​ជា​​កិច្ច​ព្រមព្រៀង​ជាក់លាក់​​​មួយ​នោះ​ទេ​» ។​

ប៉ុន្តែ​លោក​​​ឲ្យ​ដឹង​ថា នៅ​​ទី​បំផុត​នឹង​មាន​កិច្ច​ព្រមព្រៀង​មួយ​។​ ​លោក​បញ្ជាក់​ថា​៖ «​ទោះ​បី​ជា​​សង្គ្រាម​បាញ់​គ្នា​​ ក៏​វា​បាន​បញ្ចប់​​ដោយសារ​ការ​​​ចរចា​ដែរ​»៕​ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍