ក្រុង​ហ្សង់ទីលីៈ ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​ទាំង ៧ (G7) ក្នុង​​ពិភព​លោក មាន​ក្តី​បារម្ភ​ចំពោះ​រូបិយប័ណ្ណ​ឌីជីថល លីប្រា (Libra) ដែល​គ្រោង​នឹង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Facebook និង​មាន​ការ​ព្រមព្រៀង​រួមគ្នា​មួយ​អំពី​តម្រូវការ​ក្នុង​ការ​ចាត់​វិធានការ​ឲ្យ​បាន​​ឆាប់​រហ័ស។ នេះ​បើ​យោង​តាម​មន្ត្រី​បារាំង​ម្នាក់​កាល​ពី​ថ្ងៃ​ពុធ។

ក្រុមហ៊ុន Facebook កាល​ពី​ខែ​មុន​បាន​ដាក់​បង្ហាញ​ផែនការ​របស់​ខ្លួន​សម្រាប់​រូបិយប័ណ្ណ​ឌីជីថល លីប្រា ក្នុង​ការ​ប្រកាស​មួយ​ដែល​ត្រូវ​បាន​ស្វាគមន៍​ជាមួយ​​ក្តី​បារម្ភ​ពី​សំណាក់​​រដ្ឋាភិបាល​នានា និង​ក្រុម​អ្នក​រិះគន់​បណ្តាញ​សង្គម​មួយ​នេះ​នៅ​ជុំវិញ​ពិភព​លោក។

បញ្ហា​នេះ​ស្ថិត​នៅ​ចំពោះ​មុខ​មុន​គេ​របស់​ក្រុម​រដ្ឋមន្ត្រី និង​មន្ត្រី​ធនាគារ​កណ្តាល​មក​ពី​ក្រុម​ប្រទេស G7 ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​រីក​លូតលាស់​បំផុត​ក្នុង​ពិភព​លោក ខណៈ​ដែល​ក្រុម​មន្ត្រីទាំង​នោះ​បាន​ចាប់​ផ្តើម​កិច្ចប្រជុំ​រយៈពេល​ ២ ថ្ងៃ ​នៅ​ទីក្រុង​ហ្សង់ទីលី​ ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុង​ប៉ារីស ​ប្រទេស ​បារាំង ​កាល​ពី​ថ្ងៃ​ពុធ។

មន្ត្រី​រូប​នេះ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា៖ «ចំពោះ​រូបិយប័ណ្ណ​ឌីជីថល លីប្រា យើង​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​ស្ថាបនា​ និង​លម្អិត​ខ្លាំង​​ជាមួយ​នឹង​ការ​ព្រមព្រៀង​រួម​គ្នា​ខ្លាំង​បំផុត​មួយ​ទៅ​លើ​ភាព​ចាំបាច់​ក្នុង​ការ​ចាត់​សកម្មភាព»។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា៖ «ក្តី​បារម្ភ​ត្រូវ​បាន​ស្តែង​ឡើង​​ដោយ​អ្នក​ចូលរួម​ទាំង​អស់​អំពី​ស្ថានភាព​​បច្ចុប្បន្ន និង​តម្រូវការ​ក្នុង​ការ​ចាត់​វិធានការ​ភ្លាម»។

ស្ថានភាព​មិន​ទាន់​សមស្រប

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស ​បារាំង និង​អាល្លឺម៉ង់ កន្លង​មក​បាន​សម្តែង​ភាព​មិន​ប្រាកដ​ប្រជា​ខ្លាំង​អំពី​ផែនការ​របស់​ក្រុមហ៊ុន Facebook ដោយសារ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​របស់​រូបិយប័ណ្ណ​លីប្រា​ទៅ​លើ​ស្ថិរភាព​ហិរញ្ញវត្ថុ​ពិភព​លោក។

លោក Olaf Scholz រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បាន​ថ្លែង​ថា៖ «ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​មន្ត្រី​ធនាគារ​​កណ្តាល​របស់​ក្រុម​ប្រទេស G7 ដែល​មាន​វត្តមាន​នៅ​ទីនេះ [ក្នុង​កិច្ច​ប្រជុំ​នៅ​​​បារាំង] មាន​ក្តី​បារម្ភ​ខ្លាំង»។

លោក​បន្ថែម​ថា៖ «យើង​ចង់​ឲ្យ​មាន​ភាព​ប្រាកដ​ប្រជាថា រាល់​បទប្បញ្ញត្តិ​​ជា​ធរមាន​ទាំង​​អស់​ត្រូវ​បាន​គេ​ប្រកាន់​ខ្ជាប់ ហើយ​ប្រសិន​បើ​បទប្បញ្ញត្តិ​ទាំង​នេះ​គួរ​ត្រូវ​បាន​កែប្រែ​ក្នុង​ពេល​អនាគត ដូច្នេះ​យើង​អាច​ធានា​បាន​នូវ​ស្ថិរភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ»។

លោក​បន្ថែម​ថា៖ «យើង​កំពុង​ជជែក​អំពី​​ស្ថិរភាព​រូបិយប័ណ្ណ​ សន្តិសុខ ការ​ការពារ​​ទិន្នន័យ និង​ការ​គ្រប់គ្រង​​ប្រជាធិបតេយ្យ»។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire ដែល​បាន​ព្រមាន​អំពី​រូបិយប័ណ្ណ​លីប្រា​នេះ​ជា​ច្រើន​ដង​ចាប់​តាំង​ពី​ការ​ប្រកាស​បង្កើត​ឡើង​មក​នោះ បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន ស្ថានភាព​មិន​ទាន់​ស័ក្តិសម​នៅ​ឡើយ​​ទេ ​សម្រាប់​ការ​ដាក់​ដំណើរការ​​លីប្រា»។

លោក​ថ្លែង​ថា លោក​សង្ឃឹម​ថា G7 នឹង​ពិចារណា​លើ​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត «​ក្រប​ខ័ណ្ឌ ឬ​បទប្បញ្ញត្តិ​មួយ» ហើយ​ក៏​ពិចារណា​លើ «អ្វី​ដែល​នឹង​តជា​លក្ខខណ្ឌ​ដែល​នឹង​ធ្វើ​ឲ្យ​ឧបករណ៍ [ហិរញ្ញវត្ថុ​បែប​នេះ] អាច​ដំណើរការ​ទៅ​បាន»។

ការ​លើក​ឡើង​ពី​ហានិភ័យ​ទាំង​នះ​ដោយ​​​រដ្ឋមន្ត្រី​ទាំង ​២ រូប​នេះ ក៏​ទទួល​បាន​ការ​ឯកភាព​ពី​លោក Steven Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​របស់​អាមេរិក ដែល​ក៏​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។

លោក Mnuchin ថ្លែង​ថា ក្រុមហ៊ុន Facebook ត្រូវ​ឆ្លើយ​តប «ទៅ​នឹង​ស្តង់ដា​ខ្ពស់​ខ្លាំង​មួយ» មុន​ពេល​ចាត់​វិធានការ​ទៅ​មុខ​ទៀត​សម្រាប់​លីប្រា។ លោក​បន្ថែមថា និយតករ​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​រួច​ហើយ​ទៅ​កាន់​ក្រុមហ៊ុន​នេះ៕ AFP/KC