ក្រុងដេត្រយៈ ក្រុមហ៊ុនផលិតរថយន្ត GAC របស់ប្រទេស ចិន នឹងពន្យារពេលចូលក្នុងទីផ្សារអាមេរិករហូតដល់ឆ្នាំ ២០២០ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការឲ្យដឹងរបស់មន្ដ្រីប្រតិបត្តិក្រុមហ៊ុនកាលពីថ្ងៃចន្ទនៅក្នុងពិព័រណ៍រថយន្តនៅក្នុងទីក្រុងដេត្រូយ។
លោក Yu Jun ប្រធានក្រុមហ៊ុន GAC បានឲ្យដឹងតាមរយៈអ្នកបកប្រែភាសារបស់ក្រុមហ៊ុនថា៖ «កាលពីមុន យើងបានគ្រោងនឹងដាក់លក់រថយន្តដំបូងរបស់យើងនៅអាមេរិក នៅចុងឆ្នាំ ២០១៩»។
លោកថ្លែងថា៖ «ប៉ុន្តែ យើងបានពន្យារពេលផែនការរបស់យើង ដោយសារតែការវិវឌ្ឍថ្មីៗលើបញ្ហាពាណិជ្ជកម្ម។ យើងកំពុងធ្វើឲ្យមានការរីកចម្រើនជាប្រចាំឆ្ពោះទៅរកទីផ្សារនេះ»។
លោក Yu បានបញ្ជាក់ថា នៅពេលនេះក្រុមហ៊ុន GAC គ្រោងនឹងដាក់លក់ផលិតផលលើកដំបូងរបស់ខ្លួននៅអាមេរិកនៅឆមាសទី ១ ឆ្នាំ ២០២០។
ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបន្តជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលអាចកើនឡើងកាន់តែខ្លាំងនៅខែក្រោយជាពេលដែលក្រសួងពាណិជ្ជកម្ម ត្រូវបានរំពឹងថា នឹងចេញរបាយការណ៍មួយស្ដីពីពន្ធនាំចូលលើរថយន្តថ្មីដែលអាចធ្វើឡើង។
ក្រុមអ្នកវិភាគបានព្យាករពីការធ្លាក់ចុះយ៉ាងរហ័សនៅក្នុងឧស្សាហកម្មរថយន្ត ប្រសិនបើពន្ធនាំចូលកាន់តែច្រើនទៀតចាប់ផ្ដើមអនុវត្ត។
លោក Robert Carter ប្រធានផ្នែកលក់ប្រចាំនៅអាមេរិកខាងជើងរបស់ក្រុមហ៊ុន Toyota បានថ្លែងថា៖ «ពន្ធនាំចូលអាចបំផ្លាញដល់ឧស្សាហកម្មនេះទាំងមូល»។
លោក Jonathan Smoke ប្រធានអ្នកវិភាគក្រុមហ៊ុន Cox Automotive បានឲ្យដឹងថា ៤៧ភាគរយនៃរថយន្តដែលបានលក់នៅអាមេរិកកាលពីឆ្នាំ ២០១៨ គឺជារថយន្តនាំចូល។
លោកថ្លែងថា៖ «ពន្ធនាំចូលបានធ្វើឲ្យប៉ះពាល់រួចហើយកាលពីឆ្នាំ ២០១៨»។ លោកបន្តថា៖ «យើងជឿថា ប្រហែល ២ ភាគរយនៃតម្លៃបច្ចុប្បន្ន គឺដោយសារតែពន្ធនាំចូល ដែលត្រូវបានអនុវត្តរួចហើយ»។
តម្លៃរថយន្តជាមធ្យមនៅអាមេរិកថ្លៃ ៣៦០០០ ដុល្លារកាលពីឆ្នាំ ២០១៨ កើនឡើងជាង ៣ ភាគរយធៀបនឹងឆ្នាំ ២០១៧។
ក្រុមហ៊ុន GAC Group ដែលជាក្រុមហ៊ុនឯកជនរបស់ចិនដែលកំពុងចូលរួមក្នុងពិព័រណ៍នៅទីក្រុងដេត្រូយ លើកទី ៥ នេះបានឲ្យដឹងថា ខ្លួននឹងបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទី ៣ របស់ខ្លួននៅសហរដ្ឋអាមេរិកក្នុងទីក្រុង Detroit៕ AFP/LA