The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - GDP ​អាមេរិក​ធ្លាក់ ​រីឯ​ការបាត់បង់​ការងារ​កើនឡើង​ខ្ពស់

GDP ​អាមេរិក​ធ្លាក់ ​រីឯ​ការបាត់បង់​ការងារ​កើនឡើង​ខ្ពស់

GDP ​អាមេរិក​ធ្លាក់ ​រីឯ​ការបាត់បង់​ការងារ​កើនឡើង​ខ្ពស់

ទីក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យ​របាយការណ៍​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញថា ការរីករាលដាល​វីរុស​កូរ៉ូណា​បណ្តាល​ឲ្យ​ធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ជា​ប្រវត្តិសាស្ត្រ​ព្រមទាំង​ចំនួន​គ្មាន​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​។

ក្រុម​អ្នកវិភាគ​ព្យាករ​ថា ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​មាន​ដល់​ទៅ​ ៣៥ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន ខណៈ​ដែល​ការទាមទារ​ថ្មី​សម្រាប់​ផលប្រយោជន៍​គ្មាន​ការងារ​ធ្វើ​នៅក្នុង​សប្តាហ៍​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែ​កក្កដា​នឹង​នៅតែ​មាន​ចំនួន​ ១,៤ ​លាន​នៅពេល​ដែល​កូវីដ​១៩​កំពុង​បន្ត​រារាំង​ដល់​អាជីវកម្ម​។

ទិន្នន័យ​ឆ្លុះបញ្ចាំង​ពី​ភាពបរាជ័យ​របស់​អាមេរិក​ដើម្បី​ទប់ស្កាត់​វីរុស​ដែល​ធ្វើឲ្យ​ចុះខ្សោយ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។

ទោះបី​ជា​ការងើបឡើង​វិញ​តាម​ការរំពឹងទុក​ក្នុង​ខែមិថុនា ខែ​កក្កដា​បាន​មើលឃើញ​នូវ​ការកើតឡើង​វិញ​នៃ​ករណី​ឆ្លង​ទូទាំង​ប្រទេស ជាមួយ​ការកត់ត្រា​ច្រើន​បំផុត​ក្នុង​ ១ ​ថ្ងៃៗ​ដែល​បណ្តាល​ឲ្យ​រដ្ឋ​ខ្លះ​លុបចោល​វិធានការ​បើក​ឡើង​វិញ​ដែល​ផ្តល់​ប្រយោជន៍​ដល់​វិស័យ​ខ្លះ​ដូចជា​ការលក់រាយ និង​ការធ្វើដំណើរ​។

ក្រុមហ៊ុន IHS Markit បាន​ឲ្យ​ដឹង​ក្នុង​បទវិភាគ​ថា​៖ «​សូចនាករ​ជាច្រើន ...​គាំទ្រ​ការព្យាករ​របស់​យើង​អំពី​ការងើប​ឡើងវិញ​យឺតយ៉ាវ​ចាប់ផ្តើម​ក្នុង​ខែកក្កដា នៅពេល​ដែល​ក្រុមគ្រួសារ​ និង​អាជីវកម្ម​រឹតត្បិត​សកម្មភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើត​ឡើងវិញ​នៃ​ការឆ្លង​កូវីដ​១៩​ថ្មី​»​។

អ្នកសេដ្ឋកិច្ច​បាន​ព្រមាន​ថា ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​នឹង​មិន​ប្រសើរ​ឡើងវិញ​ទេ ដរាប​ណា​កូវីដ​១៩​មិន​ត្រូវ​បាន​បញ្ឈប់ ហើយ​គណៈកម្មាធិការ​កំណត់​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​មាគ៌ា​នៃ​សេដ្ឋកិច្ច​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ស្ថានភាព​វីរុស​»៕ RR

អត្ថបទគួរចាប់អារម្មណ៍