
លោក គង់ វិបុល (កណ្តាល) ចូលរួមក្នុងវេទិកាស្តីពី «យន្តការនៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។ រូបថត អគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចាត់ទុកការវិនិយោគរបស់ចិនកំពុងតែចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណូលពន្ធនៅកម្ពុជា ខណៈបានជំរុញឲ្យក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដារឲ្យបានត្រឹមត្រូវ។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងឱកាសចូលរួមក្នុងវេទិកាស្តីពី «យន្តការនៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធរវាងកម្ពុជា និងចិន» កាលពីថ្ងៃសុក្រលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានជំរុញ និងលើកទឹកចិត្តឲ្យបណ្តាសហគ្រាស និងក្រុមហ៊ុនចិនទាំងអស់ដែលកំពុងមានវត្តមាននៅកម្ពុជាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តពង្រឹងការអនុវត្តកាតព្វកិច្ចបង់ពន្ធដារឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិនៅកម្ពុជា។
លោកបន្តថាការវិនិយោគរបស់ចិនបានកំពុងចូលរួមចំណែកយ៉ាងច្រើននៅក្នុងការបង្កើនចំណូលពន្ធដារនៅកម្ពុជា។ លោកថ្លែងថា៖ «ការចូលរួមរបស់វិនិយោគិនចិន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការធ្វើឲ្យកើនឡើងនូវប្រាក់ចំណូលពន្ធដារ និងការអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងការបន្តអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣»។
លោកបានបន្តទៀតថាដើម្បីធានាបាននូវការប្រមូលចំណូលពន្ធដារប្រកបដោយប្រសិទ្ធភាព ការចូលរួមពីសភាពាណិជ្ជកម្មចិននៅកម្ពុជាគឺពិតជាការចាំបាច់ណាស់។
តំណាងសភាពាណិជ្ជកម្មចិននៅកម្ពុជាក៏បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការរួមសហការជាមួយរដ្ឋបាលសារពើពន្ធកម្ពុជា ដើម្បីពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់វិនិយោគិនជនជាតិចិននៅកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថាក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះការប្រមូលពន្ធដារនៅទូទាំងប្រទសសម្រេចបានប្រមាណ ១,៧៣ ពាន់លានដុល្លារកើនឡើងប្រមាណ ២៨,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួនជាង ១,៣៥ ពាន់លានដុល្លារ។
លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិនកាលពីថ្ងៃសុក្រដោយបានអំពាវនាវឲ្យធុរជនចិននៃខេត្តក្វាងទុងចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា។
លោកថ្លែងថា៖ «កម្ពុជាគឺជាប្រទេសបើកចំហ សម្បូរកម្លាំងពលកម្មវ័យក្មេង និងមានការគាំពារវិនិយោគប្រសើរបំផុត! លោកអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគលើផ្នែកកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសុខាភិបាល ព្រោះវិស័យទាំងអស់នេះគឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល»។
ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ សម្រេចបានទឹកប្រាក់ ៦,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានឲ្យដឹងថា ច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មនៅកម្ពុជាមានគ្រប់គ្រាន់ហើយ គ្រាន់តែការអនុវត្តមិនមានភាពគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ លោកបន្តថាដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ការចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជាការចាំបាច់។
លោកបានថ្លែងថា៖ «បើមានការធ្វេសប្រហែស ឬកង្វះខាតផ្នែកបច្ចេកវិទ្យា ឬមធ្យោបាយណាមួយដើម្បីធ្វើឲ្យការប្រមូលពន្ធឲ្យបានគ្រប់គ្រាន់នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិទាំងមូល»។
លោកបន្តថា៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលចាប់បង្ខំឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងគោរពច្បាប់នោះ វាមិនមែនជាការពិបាកទេ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារជាការរំឭកចំពោះក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាដែលរាល់ក្រុមហ៊ុនបរទេសចូលមកវិនិយោគនៅកម្ពុជា ត្រូវតែគោរពតាមច្បាប់នៅកម្ពុជា។
លោកថ្លែងថា៖ «ជាការជំរុញឲ្យក្រុមហ៊ុន និងសហគ្រាសបរទេសទាំងអស់ ពិសេសក្រុមហ៊ុនមកពីប្រទេសចិនឲ្យបង់ពន្ធឲ្យបានច្រើន ដើម្បីបង្កើនចំណូលថវិកាជាតិសម្រាប់យកមកអភិវឌ្ឍប្រទេស»៕ LA