ភ្នំពេញ: អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (GDT) បាន​ពន្យារពេល ១ ​ខែ​សម្រាប់​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ​ ២០២០ ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ដែល​មិនទាន់​ប្រកាស​ពន្ធ​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បានឱ្យដឹង​ក្នុង​សេចក្តី​ជូនដំណឹង​ថា ខ្លួន​សម្រេច​ពន្យារ​កាល​បរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ៣១ ខែតុលា​ ឆ្នាំនេះ ​ដែល​កាលបរិច្ឆេទ​បង់ពន្ធ​តម្រូវ​កាល​លើក​មុន​នឹង​ត្រូវ​ផុតកំណត់​ត្រឹម​ដំណាច់ខែ​នេះ​។

ការសម្រេច​ពន្យារពេល​នេះ​ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កត់សម្គាល់ថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​ស្របតាម​សេចក្តី​ជូន​ដំណឹង​មុន​នៅឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​អំឡុងពេល​នៃ​ការពន្យារ​ការបង់ពន្ធ​ប្រភេទ​នេះ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​នឹង​រួសរាន់​មក​ប្រកាស​បង់ពន្ធ​បាន​ទាន់​ពេលវេលា និង​គ្រប់ៗ​គ្នា​តាម​ការកំណត់​ជាក់​ជាមិនខាន​»​។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Advance Real Estate Co,. Ltd ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការសម្រេច​ពន្យារពេល​ការបង់ពន្ធ​ប្រភេទ​នេះ ​គឺជា​ការផ្តល់​លទ្ធភាព​បន្ថែមទៀត​ដល់​អ្នក​ជាប់​ពន្ធ​ទៅ​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​លោក​យល់​ថា ការពន្យារ​ពេលនេះ​គួរ​អូសបន្លាយ​រហូត​ដល់​ដំណាច់ឆ្នាំ​ព្រោះ​កតា្ត​ប្រឈម​ជាច្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ជា​រឿង​ល្អ និង​ជា​ការលើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មិនទាន់​បាន​បង់ពន្ធ​ឱ្យ​គាត់​ចូលមក​ប្រកាស បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ ប៉ុន្តែ​រដ្ឋ​គួរ​ពន្យារ​ពេលនេះ​ដល់​ចុង​ឆ្នាំនេះ​កាន់តែ​ល្អ ព្រោះ​បញ្ហា​ជំងឺ​កូវីដ ​១៩ និង​ភាពស្មុគស្មាញ​នៃ​ការបំពេញ​បែបបទ​ឯកសារ​បង់ពន្ធ​ប្រភេទ​នេះ​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​អ្នក​ជាប់ពន្ធ​»៕ LA