ភ្នំពេញៈ អគ្គ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា ​(GDT)​ កាល​ពី​ម្សិលមិញ បាន​រៀបចំ​វេទិកា​ពន្ធ​កម្ពុជា ​និង​ចិន​លើក​ដំបូង​នៅ​ភ្នំពេញ​ដែល​មាន​គោល​បំណង​គាំទ្រ​ដល់​ការ​យល់​ដឹង​អំពី​​ប្រព័ន្ធ​ពន្ធ​កម្ពុជា​ក្នុង​ចំណោម​​ ក្រុមហ៊ុន​របស់​​ប្រទេស ​ចិន ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​

ថ្លែង​នៅ​ក្នុង​វេទិកា​នេះ​កាល​ពី​ម្សិលមិញ ​លោក ​គង់​ វិបុល ​អគ្គនាយក​ GDT បាន​ឲ្យ​ដឹង​ថា​ មាន​កំណើន​ចំនួន​វិនិយោគ​របស់​ប្រទេស ​ចិន ​នៅ​កម្ពុជា​ ហើយ​វា​​មាន​សារៈ​សំខាន់​សម្រាប់​​ក្រុម​វិនិយោគិន​ក្នុង​ការ​ដឹង​ពី​ប្រព័ន្ធ​ពន្ធ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ប្រសើរ។​

លោក​បន្ថែម​ថា ​មាន​វិស័យ​ជា​ច្រើន ​ដែល​ជា​កម្មវត្ថុ​ក្នុង​ការ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ ​ពី​រដ្ឋាភិបាល​​ផ្អែក​លើ​ច្បាប់​វិនិយោគ ​និង​ប្រកាស​ថ្មីៗ​របស់​រដ្ឋាភិបាល​។ លោក​ថ្លែង​ថា៖​ «ខ្ញុំ​ជឿជាក់​ថា​អ្នក​វិនិយោគ​មក​ពី​ចិន ​ក៏​មាន​នៅ​ក្នុង​វិស័យ​ដែល​ត្រូវ​បាន​ទទួល​ការ​លើក​ទឹក​​ចិត្ត​។ ​ដូច្នេះ​ថ្ងៃ​នេះ ​វេទិកា​នេះ​មិនមែន​ផ្សព្វផ្សាយ​តែ​ការ​យក​ពន្ធ​ទេ គឺ​ផ្សព្វផ្សាយ​អំពី​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ»។ 

បុគ្គលិក​គណនេយ្យ ​និង​ហិរញ្ញវត្ថុ​ជាង ​៥០០ ​នាក់ ​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ​កាល​ពី​ម្សិលមិញ ហើយ​ពួក​គេ​ភាគ​ច្រើន​មក​ពី​សហគ្រាស​របស់​ប្រទេស ​ចិន​ ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​

លោក​ គង់​ វិបុល ​ឲ្យ​ដឹង​ថា ​ប្រព័ន្ធ​ពន្ធ​​របស់​កម្ពុជា​បាន​ចាប់​ផ្ដើម​កែ​ទម្រង់​ដ៏​សំខាន់​ ចាប់​តាំង​ពី​ឆ្នាំ ​២០១​៤ ដែល​ធ្វើ​​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ប្រចាំ​ឆ្នាំ​។​ ខណៈ​វា​​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​នៃ​ការ​កែ​ទម្រង់​របស់​រដ្ឋាភិបាល ​លោក ​ឲ្យ​ដឹង​ថា ​វិនិយោគិន​ទាំង​អស់​ដូច​ជា​ក្រុមហ៊ុន​របស់​ប្រទេស ​ចិន ​គួរ​តែ​ទទួល​​ការ​​យល់​ដឹង​អំពី​កំណែ​ទម្រង់​នេះ​។​

លោក​ វិបុល ​បន្ថែម​ថា​ GDT ​គ្រោង​​នឹង​បង្កើត​មជ្ឈមណ្ឌល​បម្រើ​អតិថិជន​ជនជាតិ​ចិន​ដែល​បម្រើ​ជា​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុ​ការណ៍ ដើម្បី​ឆ្លើយ​តប​សំណួរ​ជាប់​ទាក់ទង​នឹង​បញ្ហា​ពន្ធ​ជា​ភាសា​ចិន​។​

ប្រទេស ​ចិន ​និង​កម្ពុជា ​បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ ​២០១៦​ ដើម្បី​​គេច​​ផុត​ពី​ការ​យក​ពន្ធ​ត្រួត​​គ្នា និង​ការពារ​ការ​គេច​ពន្ធ​លើ​ប្រាក់​ចំណូល​។​

លោក ​Li An ​អ្នក​ប្រឹក្សា​យោបល់​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ នៅ​ស្ថានទូត​​ចិន ​ប្រចាំ​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ចិន ​តែងតែ​ព្យាយាម​គោរព​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​​របស់​ប្រទេស ​កម្ពុជា​ ជា​ពិសេស​​​លើ​កាតព្វកិច្ច​ពន្ធ។ ខណៈ​វិនិយោគិន​ដែល​មាន​ស្រាប់ អាច​យល់​ដឹង​​កាន់​តែ​ប្រសើរ​លើ​ប្រព័ន្ធ​ពន្ធ​ និង​ការ​​លើក​​​ទឹក​ចិត្ត​របស់​កម្ពុជា​ លោក Li An បាន​ឲ្យ​ដឹង​ថា​ អ្នក​ចូល​មក​ថ្មីៗ ​ចង់​​ដឹង​ប្រព័ន្ធ​នេះ ​ហើយ​វា​មាន​សារៈ​សំខាន់​សម្រាប់​ពួក​គេ​​ក្នុង​ការ​​យល់​ដឹង​ឲ្យ​បាន​​​​ល្អ​អំពី​ប្រព័ន្ធ​ពន្ធ​របស់​កម្ពុជា ​ជា​ពិសេស​ការ​កែ​ទម្រង់​នៅ​ក្នុង​រយៈ​ពេល​ ​២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក​ថ្លែង​ថា​៖ «​បើ​ពួក​គេ​មិន​អាច​យល់​ដឹង​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ ពួក​គេ​នឹង​ប្រឈម​ការ​បង្កើន​ការ​ចំណាយ​ ដោយ​សារ​តែ​ពួក​គេ​​មិន​អាច​ប្រើប្រាស់​​ការ​លើក​ទឹក​ចិត្ត​ពន្ធ​បាន​ទេ​»។ លោក​បន្ត​ថា​៖ «​មាន​លទ្ធភាព​ខ្លះ​​ពួក​គេ​អាច​មាន​សកម្មភាព​​មួយ​ចំនួន ដែល​​​មិន​ស្រប​ជា​មួយ​នឹង​ច្បាប់​កម្ពុជា​ស្ដីពី​ពន្ធ ​ទោះ​បី​ជា​ពួក​គេ​មិន​​​មាន​​បំណង​ធ្វើ​ក៏​ដោយ»៕LA