ភ្នំពេញៈ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​ ៣០ ខែកញ្ញា សម្រាប់​ពេលវេលា​កំណត់​របស់​ម្ចាស់​អចលនទ្រព្យ​ត្រូវ​បង់ពន្ធ​សម្រាប់​ឆ្នាំ​ ២០២០ ខណៈ​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​នៅឡើយ​នាពេលនេះ​។

យោងតាម​សេចក្តី​ជូន​ដំណឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) រហូត​មក​ដល់​ពេលនេះ GDT សង្កេតឃើញ​ថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០២០ ​នៅឡើយ​។

សារាចរ​នេះ​ឲ្យ​ដឹងថា​៖ «​ដើម្បី​លើកកម្ពស់​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២០ និង​ដើម្បី​ចៀសវាង​បាន​នូវ​ការកកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ម្ចាស់​អចលនទ្រព្យ​ទាំងនោះ​ត្រូវ​បង់ពន្ធ​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា​»​។ សារាចរ​នេះ​បន្តថា ចំពោះ​អ្នក​ដែល​ខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹង​រង​នូវ​ទោសទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​។

មន្ដ្រី​ ១ ​រូប​នៅ GDT ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ក្រុមមន្ដ្រី​របស់ GDT កំពុង​ចុះ​ដោយ​ផ្ទាល់​ទៅ​ម្ចាស់​អចលនទ្រព្យ​ដែល​ត្រូវ​បង់ពន្ធ ដើម្បី​ជូន​ដំណឹង​ដល់​ពួកគេ​អំពី​កាតព្វកិច្ច និង​ការវាយតម្លៃ​ឡើងវិញ​អចលនទ្រព្យ​ដែល​សាងសង់​បន្ថែម ឬ​ថ្មី​។

មន្ដ្រី​រូបនោះ​ថ្លែងថា​៖ «​យើង​មាន​ក្រុមមន្ដ្រី​របស់​យើង​ចុះទៅ​ជួប​ដោយផ្ទាល់​នៅតាម​ខណ្ឌ​ទាំងអស់​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​អចលនទ្រព្យ និង​ជូនដំណឹង​ដល់​ម្ចាស់​អចលនទ្រព្យ​ផ្សេងទៀត​ដែល​មិនបាន​ដឹងថា អចលនទ្រព្យ​របស់​ពួកគេ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​»​។

ប្រភព​ខាងលើ​បាន​បន្ថែមថា​៖ «​ពិត​ហើយ ពន្ធ​វា​មិន​ច្រើន​ទេ ប៉ុន្តែ​យើង​ចង់​បង្កើត​វប្បធម៌​នៃ​ការបង់ពន្ធ​របស់​ប្រជាជន​យើង​»​។

យោងតាម​មន្ត្រី​ដដែល​រូបនេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ភ្នំពេញ ក្រុមមន្ដ្រី​ពន្ធដារ​នៅក្នុង​ខេត្ត​សំខាន់ៗ​មួយចំនួន​ក៏​នឹង​ចុះទៅ​ដើម្បី​ជូនដំណឹង និង​វាយតម្លៃ​អចលនទ្រព្យ​សម្រាប់​ម្ចាស់​ផងដែរ ដើម្បី​ចៀសវាង​ការផាកពិន័យ​ណាមួយ​នៅពេល​អនាគត នៅពេល​ពួកគេ​ចង់​លក់​អចលនទ្រព្យ​នោះ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ពន្ធ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា គឺមាន​កម្រិត​ទាប និង​ខុសគ្នា​ពី​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​អត្រាពន្ធ​ជាក់ស្ដែង​។

លោក​ថ្លែងថា​៖ «​ការកើន​ដ៏ច្រើន​នៃ​ខុនដូ បុរី និង​ភាពល្អ​ប្រសើរ​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល​ជាង ៥ ​ឆ្នាំ​នេះ​គួរតែ​មាន​ការបង្កើន​ពន្ធ​ដែល​នឹង​រួមចំណែក​ដល់​ថវិកាជាតិ​។ ផ្ទុយទៅវិញ​ប្រាក់​ចំណូល​ពី​ពន្ធ​អចលនទ្រព្យ​នៅតែ​ទាប និង​ពិបាក​អនុវត្ត​ដោយ​មាន​ត្រឹម ០,១ ​ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​»៕LA