ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ​បាន​សម្រេច​ពន្យារពេល​រយៈពេល ៣ ​ខែ​ សម្រាប់​កាលបរិច្ឆេទ​នៃ​ការកំណត់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អនឡាញ​ (E-Filing) ​តាម​ការស្នើសុំ​របស់​វិស័យ​ឯកជន ដែល​ជា​ការផ្ដល់​ពេលវេលា​ដល់​ពួកគេ​ដើម្បី​បាន​រៀន​ពី​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​។

យោងតាម​សេចក្ដី​ប្រកាស​បាន​មកពី GDT កាលពី​ថ្ងៃទី​ ១៦ ខែ​មិថុនា ការពន្យារពេល E-Filing នេះ​គិត​ចាប់ពី​ខែ​មិថុនា​ដល់​ខែ​សីហា ឆ្នាំ​ ២០២០ ហើយ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០២០ តទៅ ដោយសារ​តែ​សហគ្រាស​មួយ​ចំនួន​នៅ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អនឡាញ (E-Filing) ​នៅ​ឡើយ​។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់ថា​៖ «​ក្នុងអំឡុង​ពេលនេះ​អ្នក​ជាប់ពន្ធ​ដែល​មិនទាន់​ត្រៀមខ្លួន​រួចរាល់​អាច​ធ្វើការ​ប្រកាស​ពន្ធ​ប្រចាំខែ​ស្របតាម​ទម្រង់​នៃ​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ចាស់​ជា​បណ្ដោះអាសន្ន ហើយ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (Online-VAT Refund and Online-VAT Credit)​។ ប៉ុន្តែ​សម្រាប់​អ្នក​ជាប់ពន្ធ​ដែល​ចាប់ផ្ដើម​ធ្វើការ​ដាក់​លិខិត​ប្រកាស​ដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អនឡាញ​ (E-Filing) ​អាច​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ជាធម្មតា​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា E-Filing ​ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ដោយ GDT គឺជា​នវានុវត្តន៍​ថ្មី​បំផុត​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​ជាមួយ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែលមាន​គុណតម្លៃ​ខ្ពស់ ជំនួស​ឲ្យ​ការធ្វើ​ឡើង​ដោយ​ដៃ​ដែល​ហួស​សម័យ​។

លោក​បាន​ប្រាប់​ទៀត​ថា ការដាក់​ឲ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នាពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ការដំណើរការ​របស់​ក្រសួង​ចំនួន ៣ ​ដំណាល​គ្នា​នៅពេល​តែមួយ គឺជា​ការផ្លាស់ប្តូរ​សម្រាប់​ប្រទេស​កម្ពុជា ធ្វើឲ្យ​ខ្លួន​បាន​ដើរ​ត្រសង​គ្នា​ជាមួយ​នឹង​ប្រទេស​សិង្ហបុរី និង​ទីក្រុង​ហុងកុង​។

លោក​ថ្លែងថា​៖ «​ការបន្ថែម​ប្រព័ន្ធ E-Filing របស់ GDT នឹង​ជំរុញ​បន្ថែមទៀត​នូវ​ភាពលេចធ្លោ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការជួយ​សម្រួល​ការធ្វើ​អាជីវកម្ម​នៃ​ចំណាត់ថ្នាក់​ប្រទេស​ដែល​បច្ចុប្បន្ន​ឈរ​នៅ​លំដាប់​ទាប​ទី​ ១៤៤ នៅក្នុង​ចំណោម​ ១៩០ ប្រទេស​»​។

លោក​បន្ថែមថា​៖ «​ការពន្យារ​ពេលនេះ​គឺជា​ការប្រុងប្រយ័ត្ន​មួយ​ដ៏ល្អ​ជាជាង​ការ​មាន​បញ្ហា​ទីផ្សារ​ជាមួយ​នឹង​ប្រព័ន្ធ​នេះ​។ ច្បាស់​ណាស់ GDT មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការប្រកាស​ឲ្យ​ដំណើរការ​នោះទេ​។ ការដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ថ្មី​ទាំង​ ២ ​នៅពេល​តែ​ ១ ខណៈ​ដែល​ទីផ្សារ និង​ការគ្រប់គ្រង​នឹង​ត្រូវតែ​ជួប​ការពិបាក​បន្តិច​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទាំង​ ២ ​នេះ​»​។

លោក​បាន​ពន្យល់ថា ប្រព័ន្ធ E-Filing នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើង​អន្តរកម្ម​របស់​អ្នក​ជាប់ពន្ធ និង​ផលិត​ភាពជា​ជំហានៗ សន្សំ​ពេលវេលា​ក្នុង​ការធ្វើ​ដំណើរ​ទៅ​សាខា​ពន្ធដារ​ដើម្បី​ធ្វើ​ឯកសារ​ដោយ​ដៃ ហើយ​នេះ​គឺជា​ជម្រើស​ដ៏ល្អ​បំផុត​នៅក្នុង​បរិយាកាស​នៃ​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ​១៩ នេះ ដោយសារ​ការធ្វើដំណើរ​ដោយផ្ទាល់​ទៅ​សាខា ឬ​ការធ្វើ​ទំនាក់ទំនង​រវាង​មនុស្ស​ដោយ​ផ្ទាល់​នោះ​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឡើយ​នាពេល​នេះ​៕LA