ភ្នំពេញ: អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​អំពាវនាវ​សុំ​ឲ្យ​ម្ចាស់​សហគ្រាស​ចូលរួម​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ការបង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ (VAT) ​ចំពោះ​ការលក់​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​។

ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី GDT បាន​កត់សម្គាល់​ថា មាន​សហគ្រាស​មួយចំនួន​នៅ​មិនទាន់​មាន​ភាពច្បាស់​ក្នុង​ការចូលរួម​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​នេះ​។

យោង​ទៅ​តាម​សេចក្តី​ណែនាំ​របស់ GDT ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ សហគ្រាស​ណាមួយ​ដែល​ធ្វើការ​លក់​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង ដែល​បាន​ប្រើ​ក្នុង​អាជីវកម្ម​រួម​ទាំង​ការផ្តល់​ជា​អំណោយ ឬ​ការផ្គត់ផ្គង់​ក្រោម​តម្លៃពិត ឬ​ការផ្ទេរ​ទៅក្នុង​សហគ្រាស​ ១ ​ផ្សេង​ទៀត​ត្រូវ​គិត​អាករ​លើ​តម្លៃ​បន្ថែម​តាម​អត្រាពន្ធ​ ១០ ​ភាគរយ​តាម​តម្លៃ​ទីផ្សារ លើកលែង​តែ​ការផ្ទេរ​អាជីវកម្ម​។

GDT បន្ត​ថា ចំពោះ​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ដែល​ទទួល​ឥណទាន​អាករ ដូច​ចែង​ក្នុង​មាត្រា​ ៦៤ ​នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ត្រូវ​បាន​ឈប់​ប្រើប្រាស់​នៅក្នុង​អាជីវកម្ម​របស់​បុគ្គល​ជាប់​អាករ ទ្រព្យ​នេះ​ត្រូវ​ចាត់ទុក​ថា​បាន​លក់ និង​ត្រូវ​ជាប់​អាករ​លើ​តម្លៃ​បន្ថែម​តាម​តម្លៃ​ទីផ្សារ​នៅពេល​ឈប់​ប្រើការ​។

ដោយឡែក​ចំពោះ​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ដែល​មិន​ទទួល​បាន​ឥណទាន​អាករ​លើ​ធាតុចូល​ពេល​ឈប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម មិនត្រូវ​ចាត់ទុកថា​បាន​លក់ និង​មិនមែន​ជា​កម្មវត្ថុ​ត្រូវ​ជាប់​អាករ​លើ​តម្លៃបន្ថែម​តាម​អត្រា ១០ ​ភាគរយ​ឡើយ ប៉ុន្តែ​បើ​ទ្រព្យ​នោះ​ត្រូវបាន​លក់​សហគ្រាស​ត្រូវ​គិត​អាករ​លើ​តម្លៃ​បន្ថែម​តាម​អត្រា​ ១០ ​ភាគរយ​។

GDT ពន្យល់ថា ពាក្យ​ «​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ឈប់​ប្រើការ​» ​សំដៅ​ដល់​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ឈប់​ប្រើការ​» ​សំដៅ​ដល់​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ទាំងឡាយ​ដែល​សហគ្រាស​រក្សាទុក និង​មិន​ប្រើប្រាស់​ក្នុង​អាជីវកម្ម ដើម្បី​ចូលរួម​ក្នុង​ការបង្កើត​ផល​អាជីវកម្ម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ពន្យល់ថា ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​សំដៅ​ដល់​សម្ភារ​ណា​ដែល​ប្រើ​ក្នុង​រយៈពេល​យូរ​ឆ្នាំ ដូចជា រថយន្ត​ដឹកទំនិញ​ធំៗ ម៉ាស៊ីនភ្លើង និង​គ្រឿង​កែច្នៃ​បម្រើការ​ក្នុង​រោងចក្រ​ជាដើម​ដែល​សម្ភារ​ទាំងនេះ​នឹងត្រូវ​បង់​ពន្ធ​ ១០ ​ភាគរយ ​ជូន​រដ្ឋ​នៅពេល​ម្ចាស់​អាជីវកម្ម​លក់​។

លោក​បន្តថា ទោះ​យ៉ាងណា​រដ្ឋាភិបាល​គួរ​ធ្វើការ​ពន្យារពេល​យកពន្ធ​លើ​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​រហូតដល់​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ក្នុង​ដំណាក់​កាល​យើង​ជួប​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩ យើង​គួរតែ​ពន្យារពេល​ការអនុវត្ត​យកពន្ធ​ប្រភេទ​នេះ​មួយរយៈ​សិន​ទៅ ដើម្បី​ពួកគេ​ដកដង្ហើម​បន្តិច​»​។

ដោយឡែក សហគ្រាស​ទាំងឡាយ​ណា​ដែល​ធ្វើការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ដូច​ចែង​នៅក្នុង​មាត្រា​ ៥៧ ​នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ទិញ​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឥណទាន​អាករ​លើ​ធាតុ​ចូល​ដូច​ចែង​ក្នុង​មាត្រា​ ៦៥ ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ នៅពេល​លក់​ទ្រព្យសកម្ម​រូបី​រយៈពេល​វែង​ត្រូវ​គិត​អាករ​លើ​តម្លៃ​បន្ថែម​អត្រា​ ១០ ​ភាគរយ​។

សេចក្តី​ណែនាំ​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ជំនួស​សេចក្តី​ណែនាំ​លេខ ១១ ៥៨១ អពដ ចុះ​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ​ ២០២០ ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ការបញ្ចេញ​ទ្រព្យសកម្ម​អាជីវកម្ម​។ សេចក្តី​ណែនាំ​ធ្វើឡើង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ឲ្យ​បាន​ច្បាស់លាស់ តម្លាភាព និង​សង្គតិភាព​។

សេចក្តី​ណែនាំ​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គ្រប់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យប្រកាស​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យកចិត្ត​ទុកដាក់​អនុវត្តតាម​ខ្លឹមសារ​សេចក្តី​ណែនាំ​នេះ​ឲ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់​»៕ LA