ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT) បាន​ជូន​ដំណឹង​ដល់​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ​២០១៨ ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ចុង​ខែ​មិថុនា ​ដើម្បី​បញ្ជូន​ទៅ​អាជ្ញាធរ​​ចំណូល​​ក្នុង​ស្រុក​របស់​អាមេរិក​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ម្សិលមិញ​។

សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​​​ថា ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​អាមេរិក ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​អនុលោមភាព​ពន្ធ​អន្តរជាតិ​ និង​ការ​អនុវត្ត​ច្បាប់​ស្តីពី​អនុលោមភាព​ពន្ធ​ចំពោះ​គណនី​​ក្រៅ​ប្រទេស​របស់​អាមេរិក​ សហគ្រាស​ធានា​រ៉ាប់រង ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​​កម្ពុជា ​ដែល​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​រាយការណ៍​ត្រូវ​បញ្ជូន​ព័ត៌មាន​នេះ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី ​២៨ ​មិថុនា ​ជា​កំហិត​។​​

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ហួស​កាល​កំណត់​នេះ​សហគ្រាស​ធានា​រ៉ាប់រង​ ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ពិន័យ​នានា​អនុលោម​តាម​កិច្ច​ព្រមពៀង​នេះ​។ ​

សហគ្រាស​ធានា​រ៉ាប់រង ​ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​​អស់​ ត្រូវ​បញ្ជូន​របាយការណ៍​​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​ ដែល​ត្រូវ​រាយការណ៍​ជា​​ទម្រង់​បុគ្គល ​ហើយ​ការ​បញ្ជូន​​របាយការណ៍​ព័ត៌មាន​គណនី​ជា​ទម្រង់ Pool ​report ​ដែល​​បាន​ធ្វើ​រួច​ហើយ​របស់​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ទាំង​​អស់ ​អគ្គនាយកដ្ឋាន​ពន្ធដារ​​ស្នើ​ឲ្យ​បញ្ជូន​ជា​ទម្រង់​បុគ្គល​វិញ​។ នេះ​បើ​​តាម​GDT៕