ភ្នំពេញ: ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ បាន​អះអាង​ថា វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) ​បាន​បើកភ្លើង​បៃតង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​សំណើ​សុំ​កញ្ចប់​ថវិកា​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដោយ​កាកសំណល់​សំរាម​នៅ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ការបង្ហាញ​បំណង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ឡុង ឌីម៉ង់ ជាមួយ​លោក បាន គីមូន អតីត​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) ​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​។

លោក ឡុង ឌីម៉ង់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក គីមូន ប្រធាន GGGI បាន​គាំទ្រ​កម្ពុជា​ចំពោះ​គម្រោង​វិនិយោគ​នេះ​ដោយ​បាន​សន្យា​ថា​នឹង​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការផ្តល់​ដំណោះស្រាយ​លើ​ការគ្រប់គ្រង​សំរាម​ប្រកបដោយ​ចីរភាព​នៅ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ ក្រុងភ្នំពេញ​។

លោក​ថ្លែងថា​៖ «​វិទ្យាស្ថាន GGGI មាន​កញ្ចប់​ថវិកា​មួយចំនួន​អាចជួយ​កម្ពុជា​យើង​លើ​ការគ្រប់គ្រង​កាក​សំណល់​សំរាម​ដោយ​បំប្លែង​ជា​ថាមពល​ស្អាត​។ គាត់​បាន​ប្រាប់​ឲ្យ​កម្ពុជា​ធ្វើ​សំណើ​មក GGGI ហើយ​គាត់​នឹង​ពិនិត្យ​ពិចារណា​លើ​កិច្ចការ​នេះ​។ ខ្ញុំ​ក៏បាន​ដាក់​របាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​យើង​រួចរាល់​ហើយ ដើម្បី​ពិនិត្យ និង​ពិចារណា​»​។

លោក​បន្តថា​៖ «GGGI ក៏​រីករាយ​សហការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការផ្តល់​ប្រឹក្សា​យោបល់​ជំនួយ​បច្ចេកវិទ្យា និង​ជា​គោលនយោបាយ​បន្ថែមទៀត​លើ​ការគ្រប់គ្រង​កាកសំណល​សំរាម​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា លោក​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​វិទ្យាស្ថាន​កំណើន​បៃតង​សកល ដែល​ផ្តល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​សំណើសុំ​កញ្ចប់​ថវិកា​សម្រាប់​គម្រោង​នេះ​។

លោក​បន្ថែមថា កន្លងមក​ក្រសួង​ធ្លាប់បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​សិក្សា​លើ​ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​សំរាម​ដែរ ប៉ុន្តែ​ដោយសារ​ការផលិត​ថាមពល​បំប្លែង​ពី​សំរាម​មានតម្លៃ​ខ្ពស់​ពេក ធ្វើឲ្យ​រដ្ឋាភិបាល​គ្មាន​លទ្ធ​គ្រប់គ្រាន់​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​វិនិយោគ​។ តម្លៃ​អគ្គិសនី​ពី​រោងចក្រ​ដុត​សំរាម​ដែល​ក្រុមហ៊ុន​បាន​សិក្សា​កន្លងមក​នៅក្នុង​រង្វង់​ចន្លោះ​ពី ​១៤ ទៅ ១៥ សេន​ក្នុង ១ ​គីឡូវ៉ាត់ម៉ោង​។

លោក​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​វិនិយោគ​លើ​រោងចក្រ​ផលិត​ថាមពល​ដោយ​កាកសំណល់​សំរាម​។ លោក​បាន​ប៉ាន់ប្រមាណ​ថា គម្រោង​វិនិយោគ​នេះ​នឹងត្រូវ​ចំណាយ​ទុនវិនិយោគ​ច្រើន​រហូត​ដល់​រាប់រយ​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​អគ្គិសនី​កម្ពុជា​កំពុង​រៀបចំ​ឲ្យ​មានការ​ដេញថ្លៃ​លើ​គម្រោង​វិនិយោគ​នេះ​»​។

របាយការណ៍​របស់​ក្រសួង​បរិស្ថាន​កាលពី​ចុងឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា បរិមាណ​សំរាម​សរុប​នៅ​កម្ពុជា​ក្នុង ១ ថ្ងៃ​មាន​ជាង ១ ម៉ឺន​តោន ឬ​ស្មើនឹង​ជិត ៤ លាន​តោន​ ក្នុង ១ ឆ្នាំ​។ សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង ១ ​ថ្ងៃ សំរាម​មាន​ប្រមាណ ៣ ​ពាន់​តោន​។

ទិន្នន័យ​បង្ហាញថា សំរាម​ទាំងនោះ ៦៥ ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​៕ LA