ភ្នំពេញ: អង្គការ GIZ របស់​អាលឺ្លម៉ង់ និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ជួបពិភាក្សា​គ្នា ដើម្បី​ស្វែងរក​យន្ត​ការជួយ​សម្រួល​ដល់​ការនាំចេញ​ទំនិញ និង​នាំចូល​វត្ថុធាតុដើម​សម្រាប់​គាំទ្រ​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា តាមរយៈ​គម្រោង​ការគាំទ្រ​សមាហរណកម្ម​អាស៊ាន​បូក​កម្ពុជា (ARISE plus Cambodia)​។ នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ SME នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជា​ព័ត៌មាន​បឋម​ក្រសួង​នឹងធ្វើ​ការជ្រើសរើស​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​សក្តានុពល​ឲ្យ​ចូលរួម​ក្នុង​គម្រោង​នេះ ហើយ​ចូលរួម​បង្កើត​ជា​យន្តការ​រួម​គ្នា​ឲ្យ​ស្រប​ជាមួយ​នឹង​នាយកដ្ឋាន​ពន្ធគយ ដើម្បី​សម្រួល​ដល់ SME ធ្វើការ​នាំចេញ​ទំនិញ និង​ចូល​សម្ភារ និង​វត្ថុធាតុដើម​បម្រើ​ដល់​អាជីវកម្ម​របស់​ពួកគេ​ប្រកប​ដោយ​រលូន​»​។

លោក​បន្តថា គម្រោង ARISE plus Cambodia ជាការ​ផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​ពី​សហភាព​អឺរ៉ុប និង BMZ អនុវត្ត​ដោយ GIZ របស់​អាលឺ្លម៉ង់​ដែល​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ២០២៣ ដែលមាន​ចំនួន ៩,៣៥ លាន​អឺរ៉ូ (១០,៥ ​លាន​ដុល្លារ​)​។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រសួង​ចំនួន​ ៣ រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​ក្រសួង​ពាណិជ្ជកម្ម​ជា​តំណាង​ទទួល​ហិរញ្ញប្បទាន​នេះ​កាល​ឆ្នាំមុន​។

លោក​បន្ថែមថា ក្រសួង​ឧស្សាហកម្ម​នឹង​ទទួលបាន​ចំណែក​ខ្លះ​ពី​ហិរញ្ញប្បទាន​នេះ ដោយ​ផ្តោតលើ​ការសម្រួល​ដល់​ការនាំចេញ និង​នាំចូល​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ប៉ុន្តែ​លោក​និយាយថា ថវិកា​ប្រើប្រាស់​សម្រាប់​គម្រោង​នេះ​វា​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ផែនការ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ប្រសិនបើ​ទទួល​បាន​ជោគជ័យ​ក្នុង​ការអនុវត្ត​វិស័យ SME នឹង​ទទួល​បាន​ផលប្រយោជន៍​ផ្ទាល់​ក្នុង​ការពង្រីក​អាជីវកម្ម​តាមរយៈ​ការពង្រឹង​សមត្ថភាព ពង្រឹង​​គុណភាព​ផលិតផល​ពួកគាត់​ដែល​អាច​នាំទៅ​ទីផ្សារ​អន្តរជាតិ​»​។

លោកស្រី Christine Bower ប្រធាន​គម្រោង ARISE plus ថ្លែង​ក្នុងជំនួប​ជាមួយ​ក្រសួង​នេះ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «​តាម​ការរំពឹង​ទុក​គម្រោង​នេះ​នឹង​សម្រេចបាន​ ៣ ​ចំណុច​សំខាន់​រួមមាន ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​ពន្ធគយ ការសម្រួល​ពាណិជ្ជកម្ម ស្តង់ដា និង​ការពង្រឹង​គុណភាព​ស្ថាប័ន ការអនុវត្ត​បទ​ប្បញ្ញត្តិ​រួមទាំង​បង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន ជាពិសេស​វិស័យ SME»​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញថា កម្ពុជា​មាន​សហគ្រាស​សរុប ៥១៣ ៧៥៩ ក្នុង​នោះ​ជាង ៩៧ ​ភាគរយ​ជា​សហគ្រាស​ខ្នាតតូច និង ២,២ ភាគរយ​ជា​សហគ្រាស​ខ្នាត​ធំ​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន GIZ បានផ្តល់​ជំនួយ​ចំនួន ៤,៥ លាន​ដុល្លារ​ដល់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លើ​គម្រោង​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ​តាម​ Online៕LA