ភ្នំពេញៈ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាល្លឺម៉ង់ GIZ បាន​បញ្ចប់​នូវ​ការ​ចងក្រង​គោលការណ៍​ណែនាំ​ស្តីពី​ការនាំចេញ​ផ្លែឈើ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​ដែល​នឹង​ដាក់​បង្ហោះ​សម្រាប់​ការប្រើប្រាស់​ជា​សាធារណៈ​នៅលើ​គេហទំព័រ​នៅ​ខែ​សីហា​នេះ​។

ដើម្បី​លើក​កម្ពស់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ប្រទេស​ចិន GIZ រួម​ជាមួយ​ក្រសួង​កសិកម្ម និង​កសិករ​បាន​រៀបចំ​គោលការណ៍​ណែនាំ​ស្តីពី​ការនាំចេញ​ផ្លែឈើ ដើម្បី​ឲ្យ​កសិករ​អាច​នាំ​ចេញ​ផលិតផល​របស់​ពួកគេ​ស្រប​តាម​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​។

លោក Florian Miss អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សម្រាប់​គំនិត​ផ្តួចផ្ដើម​អនុតំបន់​របស់ GIZ ប្រចាំ​នៅ​អាស៊ី​បាន​ថ្លែង​ក្នុង​អំឡុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​ថា គោលការណ៍​ណែនាំ​ស្តីពី​ការនាំ​ចេញ​នេះ​នឹង​អាច​ឲ្យ​កសិករ​យល់ដឹង​ព័ត៌មាន ដើម្បី​សម្រេច​បាន​តាម​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​៖ «​យើង​ផ្ដល់​ព័ត៌មាន និង​នីតិវិធី​ដែល​ផ្ដោត​លើ​គោលការណ៍​នាំ​ចេញ​ចាំបាច់ និង​ស្ដង់ដារ​អនាម័យ​ដែល​ជា​រឿយៗ​កំពុង​ខ្វះខាត​នៅក្នុង​ចង្វាក់​តម្លៃ​កសិកម្ម​របស់​កម្ពុជា​»​។

លោក​បន្ថែម​ថា​គោលការណ៍​ណែនាំ​ដែល​រៀបចំ​ឡើង​នេះ​គឺ​សម្រាប់​ផលិតផល​មួយ​ចំនួន​ដូចជា ផ្លែស្វាយ ផ្លែ​ចេក និង​ផ្លែ​មៀន​។ លោក​បន្ត​ថា​៖ «​គោលការណ៍​ណែនាំ​នេះ​នឹង​បង្ហោះ​លើ​គេហទំព័រ GIZ នៅ​ខែ​នេះ ហើយ​យើង​មាន​ទំនាក់​ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​សំណួរ​ពី​ក្រុមហ៊ុន​នាំចេញ ឬ​កសិករ​»​។

ប្រទេស​កម្ពុជា និង​ចិន​កាលពី​សប្ដាហ៍​មុន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​លើ​ការនាំ​ចេញ​ផ្លែ​ចេក​ស្រស់​ទៅ​ចិន​ជា​វិធានការ​មួយ​ដែល​មន្ដ្រី​បាន​ថ្លែង​ថា ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ផលិតផល​កសិករ​របស់​កម្ពុជា​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា គោលការណ៍​ណែនាំ​ស្តីពី​ការនាំចេញ​ដែល​រៀបចំ​ឡើង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កសិករ ឬ​ក្រុមហ៊ុន​នាំ​ចេញ​ដែល​កំពុង​ស្វែងរក​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​។

លោក​បន្ត​ថា​៖ «​កសិករ​ដើមទុន​តូច​របស់​យើង ត្រូវការ​រៀន​ពី​របៀប ដើម្បី​ឆ្លើយតប​តាម​លក្ខខណ្ឌ​នៃ​ការនាំ​ចេញ ដូច្នេះ​ព័ត៌មាន​នឹង​បង្ហាញ​ពួកគេ​ពី​របៀប​ក្នុង​ការធ្វើ​ផង​ដែរ​»​។

លោក វណ្ណហន បាន​ថ្លែង​ថា​ប្រទេស​ចិន​មាន​ការ​រឹតបន្តឹង​លើ​តម្រូវការ​វិញ្ញាបនបត្រ SPS សម្រាប់​ការនាំ​ចូល​ទាំងអស់ ហើយ​កសិករ​ក្នុង​ស្រុក​ជាច្រើន មិន​ទាន់​ទទួល​យក​ស្ដង់ដារ​ចាំបាច់ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ការយល់​ពីគ្នា​ទៅវិញ​ទៅមក ហើយ​សហការ ដើម្បី​ធានា​ថា ទំនិញ​ទៅ​ដល់​ទីផ្សារ ដូច្នេះ​គោលការណ៍​ណែនាំ​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ការជួយ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​នេះ​»៕LA