ភ្នំពេញ: អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បាន​ផ្តល់​ជំនួយ​ចំនួន ៤,៥ ​លាន​ដុល្លារ​ ដល់​គម្រោង​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ ៤ រួមមាន​កម្ពុជា​ផងដែរ​។

សម្រាប់​កម្ពុជា​ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សុន សេងហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង GIZ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សិក្ខាសាលា​ស្តីពី «​គេហទំព័រ​ថ្នាក់ជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។ ទាំង​តំណាង GIZ និង​ភាគី​កម្ពុជា​មិន​បាន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នឹង​ទទួល​បាន​នៅក្នុង​ចំណោម​ជំនួយ​សរុប​នេះ​ទេ​។

ជំនួយ​នេះ​ស្ថិតក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​អាស៊ាន អាល្លឺម៉ង់​ស្តីពី​ការពង្រឹង​រចនាសម្ព័ន្ធ​សម្រាប់​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​តំបន់​អាស៊ាន​។

លោក ឡោ សត្យា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា គម្រោង​នេះ​មាន​រយៈពេល​ ៣ ​ឆ្នាំ​ដែល GIZ បាន​ផ្តល់​ជំនួយ ៤,៥ លាន​ដុល្លារ​សម្រាប់​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម​។

ជំនួយ​នេះ​ផ្តល់​លើ​ផ្នែក​បច្ចេកទេស ព័ត៌មាន និង​បទប្បញ្ញត្តិ​នានា​ទាក់ទង​នឹង​សហគ្រាស​ដែល​សហគ្រិន​អាច​រកបាន​សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​របស់​ពួកគេ​ដែល​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួល​បាន​សេវាសាធារណៈ​ផ្នែក​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​ទៅលើ​ដំណើរការ​អាជីវកម្ម និង​ការទទួល​បាន​ចំណេះដឹង​លើ​បច្ចេកទេស បច្ចេកវិទ្យា​ថ្មីៗ​ការទទួល​បាន​សេវាកម្ម​ផ្សេងៗ និង​បណ្តាញ​ទំនាក់ទំនង​ធុរកិច្ច​។ នេះ​បើ​យោងតាម​លោក ឡោ សត្យា​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​អាច​ជួយ​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​លទ្ធភាព​ចូល​ទៅក្នុង​ទីផ្សារ​អន្តរជាតិ ព្រមទាំង​សម្របសម្រួល​បរិបទ​គោលនយោបាយ និង​បទប្បញ្ញត្តិ​ក្នុង​បរិយាកាស​ធុរកិច្ច​ថ្នាក់​តំបន់​»​។

លោក សុន សេងហួត បាន​ឲ្យ​ដឹងថា​តាមរយៈ​គេហទំព័រ​ថ្នាក់ជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​កម្ពុជា​នេះ វា​នឹង​ផ្តល់​ព័ត៌មាន សេវាកម្ម បណ្តាញ​ទំនាក់ទំនង លទ្ធភាព​ជ្រៀតចូល​ក្នុង​ទីផ្សារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​ខ្ពស់​របស់ SMEs​។

លោក​ថ្លែងថា​៖ «​ការចាប់ផ្តើម​ការងារ​រៀបចំ​ប្រព័ន្ធ​ផ្តល់ព័ត៌មាន ការប្រឹក្សា​យោបល់ និង​រចនាសម្ព័ន្ធ​ដែល​សមស្រប​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រកួតប្រជែង​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​បរទេស​»​។

លោក Gunter Riethmacher នាយក​អង្គការ GIZ ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន និង​សេវាកម្ម​ផ្សព្វផ្សាយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ក្របខ័ណ្ឌ​នៃ​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ២០២៥​។

លោក​បន្ថែម​ថា គម្រោង​ក៏នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​មជ្ឈមណ្ឌល​សហគ្រាស​ធុន​តូច និង​មធ្យម​អាស៊ាន ការពង្រឹង​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការលើកកម្ពស់​សេវាកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ថ្នាក់ជាតិ​សម្រាប់​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​រវាង GIZ ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លើ​គម្រោង​សហគ្រាស​ធុន​តូច និង​មធ្យម​អាស៊ាន​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២១ ដើម្បី​បង្កើត​គំនិត​ក្នុង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​កម្ពុជា និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​គម្រោង​»​។

បើ​តាម​លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ឲ្យ​ដឹងថា តាម​ការស្ទង់មតិ​លើ​វិស័យ SME ចំនួន​ ៧១ ​ស្ថាប័ន បង្ហាញ​ថា ពួកគេ​ត្រូវការ​ជំនួយ​លើ​ស្តង់ដា​អនាម័យ ស្វែងរក​ទីផ្សារ ការអភិវឌ្ឍ​សេវាកម្ម និង​ការ​វេចខ្ចប់ បច្ចេកវិទ្យា ធនធានមនុស្ស និង​​កម្លាំង​ពលកម្ម ការទទួល​បាន​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម និង​ការបង់ពន្ធ​ជាដើម​៕ LA