ក្រុងញូវយ៉កៈ ក្រុមហ៊ុន General Motors (GM) នឹង​ប្ដឹង​ក្រុមហ៊ុន Fiat Chrysler Automobiles (FCA) ដោយ​ចោទប្រកាន់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​នេះ​ពី​បទ​សូកប៉ាន់​មន្ដ្រី​សហជីព​រថយន្ត​ដែល​បានផ្ដល់​ឲ្យ​ក្រុមហ៊ុន FCA នូវ​អត្ថប្រយោជន៍​មិន​ស្មើភាព​នៅក្នុង​ការចរចា​ការងារ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន GM បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។

បណ្ដឹង​នេះ​យោង​ទៅ​តាម​ការសារភាព​កំហុស​ដោយ​អតីតមន្ដ្រី FCA ដែល​បាន​សូកប៉ាន់​អតីតមន្ដ្រី​សហជីព​ការងារ UAW នៅក្នុង​រឿងក្ដី​រយៈពេល​វែង​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​បណ្ដុះបណ្ដាល​បុគ្គលិក UAW ហើយ​ធ្វើឲ្យ​ខូច​មុខមាត់​សហជីព​នេះ​។

បណ្ដឹង​នេះ​បាន​ធ្វើឡើង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី UAW បញ្ចប់​ការធ្វើ​កូដកម្ម​រយៈពេល​វែង​ក្នុង​ក្រុមហ៊ុន GM​។ សហជីព​នេះ​បច្ចុប្បន្ន​បានជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុង​ការចរចា​ការងារ​ជាមួយ FCA ដែលជា​ក្រុមហ៊ុន​ចុងក្រោយ​មួយ​ក្នុង​ចំណោម «​ក្រុមហ៊ុន​រថយន្ត​ធំជាងគេ​ទាំង ៣» នៅក្នុង​ទីក្រុង Detroit ដែល​ត្រូវ​ចរចា បន្ទាប់ពី​កម្មករ​បាន​ផ្ដល់​អនុម័ត​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន GM និង Ford​។

ក្រុមហ៊ុន GM បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​៖ «FCA គឺជា​អ្នកផ្តល់​ការឧបត្ថម្ភ​យ៉ាង​ដ៏ច្បាស់​ដល់​ការធ្វើ​ខុស​ជាទូទៅ ដោយ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ក្នុង​ការសូកប៉ាន់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្បទាន និង​ប្រយោជន៍​ក្នុង​ការចរចា ការអនុវត្ត និង​រដ្ឋបាល​នៃ​កិច្ចព្រមព្រៀង​ការងារ​នៅពេល​ណាមួយ​»​។

ក្រុមហ៊ុន GM ចោទប្រកាន់​វិធានការ​របស់ «​ក្រុមហ៊ុន FCA ថា​ធ្វើឲ្យ​ខូច​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ចរចា​រួម​នៅ​ឆ្នាំ​ ២០០៩» ព្រមទាំង «​ការចរចា ការអនុវត្ត និង​រដ្ឋបាល​នៃ​កិច្ចព្រមព្រៀង​នៅក្នុង​ឆ្នាំ​ ២០១១ និង​ឆ្នាំ​ ២០១៥»​។

FCA បាន​ច្រានចោល​បណ្ដឹង​នេះ​ថា «​គ្មាន​អង្គសេចក្តី​» និង​បាន​ឲ្យ​ដឹងថា ជាការ​ធ្វើឡើង​ដើម្បី​រំខាន​ដល់​គម្រោង​ច្របាច់​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន PSA ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង ព្រមទាំង​ការចរចា​ដែល​កំពុង​ដំណើរការ​ជាមួយ UAW៕ LA