The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - GM ប្រកាស​ផែនការ​វិនិយោគ ៧០០ លាន​ដុល្លារ ​នៅ​រដ្ឋ​អូហាយ៉ូ

GM ប្រកាស​ផែនការ​វិនិយោគ ៧០០ លាន​ដុល្លារ ​នៅ​រដ្ឋ​អូហាយ៉ូ

Content image - Phnom Penh Post
លោកស្រី Barra ​ថ្លែង​ពេល​ប្រកាស​ពី​ការ​​វិនិយោគ​នៅ Orion។ AFP

GM ប្រកាស​ផែនការ​វិនិយោគ ៧០០ លាន​ដុល្លារ ​នៅ​រដ្ឋ​អូហាយ៉ូ

ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​​ General Motors ​(GM​) កាល​​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ផែនការ​​វិនិយោគ​ ៧០០ ​លាន​ដុល្លារ ​នៅ​​រដ្ឋ​អូហាយ៉ូ និង​លក់​រោងចក្រ​ដែល​​ត្រូវ​បាន​បិទ​ទ្វារ​របស់​ខ្លួន​​​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​​ផលិត​​រថយន្ត​ដឹក​​ប្រើ​អគ្គិសនី។

ការ​ប្រកាស​នេះ​ទទួល​បាន​ការ​​សាទរ​​​ពី​​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​បាន​រិះគន់​​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​មួយ ដោយសារ​តែ​ការ​កាត់​បន្ថយ​ការងារ​​ប្រជាជន​អាមេរិក​។​

លោក​ ត្រាំ សរសេរ​នៅ​លើ​ Twitter ដែល​បង្ហាញ​ព័ត៌មាន​លម្អិត​​មុន​ពេល​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ថា៖ «​នេះ​ជា​ព័ត៌មាន​ដ៏​អស្ចារ្យ​សម្រាប់​រដ្ឋ​អូហាយ៉ូ»។

ភា្លមៗ​​បន្ទាប់​ពី​ការ​សរសេរ​លើ​ Twitter របស់​លោក​ ​ត្រាំ ក្រុមហ៊ុន​ GM បាន​​បញ្ជាក់​ថា ខ្លួន​កំពុង​​ពិភាក្សា​ជា​មួយ​​​ក្រុមហ៊ុន Workhorse ដែល​​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Cincinnati ដែល​​ផ្ដោត​​​លើ​ការ​ផលិត​រថយន្ត​ដឹក​អគ្គិសនី ដើម្បី​លក់​​​​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​​ Lordstown រដ្ឋ​​អូហាយ៉ូ​ទៅ​​ឲ្យ​ក្រុមហ៊ុន​នេះ។ រោងចក្រ​នេះ​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​ប្រហែល​ ១ ៤០០ ​នាក់​ មុន​ពេល​​​បញ្ឈប់​​ផលិតកម្ម​​កាល​ពី​ខែ​មីនា​។​

លោកស្រី Mary Barra អគ្គ​នាយក​ក្រុមហ៊ុន GM បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ​ក្រុមហ៊ុន​ GM នឹង «​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​កើន​ឡើង​ការងារ​ផលិតកម្ម​នៅ​អាមេរិក​ ដែល​រួម​ទាំង​នៅ​រដ្ឋ​អូហាយ៉ូ ​ហើយ​យើង​​មើល​ឃើញ​ការ​អភិវឌ្ឍ​នេះ​ថា​ជា​ភាព​ឈ្នះ​ឈ្នះ​ដ៏​​មាន​សក្ដានុពល​សម្រាប់​មនុស្ស​គ្រប់​គ្នា​»។​

កាល​ពី​ខែ​វិច្ឆិកា ​ក្រុមហ៊ុន GM បាន​បិទ​ទ្វារ​រោងចក្រ​​ចំនួន ៥ ​នៅ​អាមេរិក​ដែល​រួម​ទាំង​រោងចក្រ​ដំឡើង​រថយន្ត​នៅ​រដ្ឋ​មីឈីហ្គែន និង​រដ្ឋ​អូហាយ៉ូ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម ​១៥ ​ភាគរយ ​​របស់​ខ្លួន​ទូទាំង​ពិភព​លោក ដែល​​​ប៉ះពាល់​ទៅ​ដល់​បុគ្គលិក​​ប្រហែល ​១ ៤​០០០ ​នាក់ និង​ជា​វិធានការ​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ ត្រាំ ខឹង​យ៉ាង​ខ្លាំង។​

ប៉ុន្តែ​កាល​ពី​ខែ​មីនា ​ក្រុមហ៊ុន​ផលិត​រថយន្ត​​នេះ​បាន​ប្រកាស​ផែនការ​ក្នុង​ការ​វិនិយោគ ​១,៨ ​ពាន់​លាន​ដុល្លារ​​​​ ក្នុង​ប្រតិបត្តិការ​នៅ​អាមេរិក ដែល​បង្កើត​ការងារ​ថ្មី ​៧០០ ​​នាក់។ ​ប្រហែល​ ៣០០ ​លាន​ដុល្លារ នឹង​ត្រូវ​បាន​រៀបចំ​សម្រាប់​ការ​ផលិត​រថយន្ត​​អគ្គិសនី​ក្នុង​រោងចក្រ Orion របស់​​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​មួយ​នេះ​​នៅ​រដ្ឋ​មីឈីហ្គែន ដែល​បង្កើត​ការងារ​ ៤០០ ​នាក់​។​

កាល​ពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​ GM ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​បំណង​វិនិយោគ​ ៧០០​ លាន​ដុល្លារ​​លើ​រោងចក្រ​ចំនួន ៣ នៅ​ទីក្រុង​​របស់​រដ្ឋ​អូហាយ៉ូ ដែល​បង្កើត​​ការងារ​ ៤៥០ ​នាក់។ ការ​វិនិយោគ​នោះ​នឹង​អាច​ឲ្យ​​ក្រុមហ៊ុន​ GM ពង្រីក​ការ​ផលិត​ម៉ាស៊ីន​ម៉ាស៊ូត​សម្រាប់​រថយន្ត​ដឹក​​ធុន​ធ្ងន់​ រថយន្ត​ដឹក​ជញ្ជូន​ទំនិញ និង​គ្រឿង​បន្លាស់​ផ្សេង​ទៀត​។​

GM ​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ តើ​ការ​វិនិយោគ​​តម្លៃ​ ៧០០ ​លាន​ដុល្លារ​នេះ ​គឺ​ជា​ផ្នែក​មួយ ឬ​បន្ថែម​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា​នោះ​ទេ​៕​ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។