The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - GMAC: កម្ពុជា​នឹងមាន​លទ្ធភាព​​នាំចេញ​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​អង់គ្លេស

GMAC: កម្ពុជា​នឹងមាន​លទ្ធភាព​​នាំចេញ​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​អង់គ្លេស

Content image - Phnom Penh Post
លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។ ហេង ជីវ័ន

GMAC: កម្ពុជា​នឹងមាន​លទ្ធភាព​​នាំចេញ​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​អង់គ្លេស

ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កម្ពុជា​ នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន​ ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ចក្រភព​អង់គ្លេស​ (UK) ខណៈ​ប្រទេស​នេះ​នឹង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP) ​របស់​ UK ចាប់ពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២១​។

យោងតាម​របាយការណ៍​របស់ GMAC ផ្ញើ​ទៅ​សមាជិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សេចក្ដី​យោង​ត្រូវបាន​ធ្វើឡើង​ចំពោះ​មួយផ្នែក​នៃ​អន្តរកាល Brexit គឺ​ច្បាប់​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​ ១០ ​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

UK បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ (EU) ​ហើយ​រយៈពេល​អន្តរកាល បន្ទាប់ពី​ Brexit បញ្ចប់​នៅ​ឆ្នាំនេះ​។ ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២១ ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​សិទ្ធិ​នឹង​អាច​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) UK​។

GMAC បានឱ្យដឹងថា GSP របស់​ UK ដំបូង​នឹង​ផ្ដល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​បណ្ដា​ប្រទេស​ដូចគ្នា​នឹង GSP របស់ EU ផងដែរ​។ GSP របស់ UK នឹងមាន​ក្របខ័ណ្ឌ​ ៣ គឺ​ក្របខ័ណ្ឌ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ក្របខ័ណ្ឌ​ទូទៅ និង​ក្របខ័ណ្ឌ​លើកកម្ពស់​។

GMAC ថ្លែងថា​៖ «​ប្រទេស​កម្ពុជា ​ត្រូវ​បាន​ចាត់ថ្នាក់​ដោយ​អង្គការ​សហប្រជាជាតិ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ធ្លាក់ចូល​ទៅក្នុង​ក្របខ័ណ្ឌ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។ អាស្រ័យ​ហេតុនេះ​កម្ពុជា​នឹង​ទទួលបាន​សិទ្ធិ​រួច​ពន្ធ និង​មិន​គិត​កូតា​លើ​ការនាំ​ចេញទៅ​ទីផ្សារ​ UK គ្រប់​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ និង​គ្រាប់រំសេវ​។ នេះ​ស្មើគ្នា​នឹង​ផែនការ​អនុគ្រោះ​ពាណិជ្ជកម្ម​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពេញលេញ​ស្ថិតក្រោម GSP របស់ EU»​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដូច​ការចាត់ថ្នាក់​នៅក្នុង​អង្គការ​សហប្រជាជាតិ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​នឹង​ទទួលបាន GSP របស់ UK សម្រាប់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ពេញលេញ​សម្រាប់​ការនាំចេញ​ទំនិញ​ដោយ​រួច​ពន្ធ និង​មិន​គិត​កូតា ដូច​អ្វីដែល​ប្រទេស​នេះ​ទទួលបាន​ពី EBA របស់ EU ​ផងដែរ​។

លោក​ថ្លែងថា​៖ «UK ​គឺជា​ទីផ្សារ​ធំជាងគេ​នៅក្នុង EU ដែលមាន​ចំនួន​ចន្លោះ​ពី​ ២៥ ​ទៅ​ ៣០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ទៅ​កាន់​ EU​។ ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ​ខែមករា ឆ្នាំ​ ២០២១ យើង​នឹង​នាំចេញ​ផលិតផល​របស់​យើង​ស្ថិតក្រោម GSP របស់ UK ជា​កន្លែង​ដែល​យើង​អាច​បង្កើន​ការនាំចេញ​កាន់តែច្រើន​សម្រាប់​ទីផ្សារ​មួយ​នេះ​»​។

លោក​បញ្ជាក់ថា GMAC នឹងធ្វើ​ការងារ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សមភាគី​ UK ដើម្បី​បញ្ជាក់​ការផ្លាស់ប្តូរ​មួយចំនួន​ក្នុង​នីតិវិធី​រដ្ឋបាល ប្រសិនបើ​មាន ដូចជា​ការបញ្ជាក់​ប្រភព​ដើម​ទំនិញ និង​កាលបរិច្ឆេទ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព (​កាលបរិច្ឆេទ​នៃ​ការនាំចេញ ឬ​កាលបរិច្ឆេទ​នៃ​ការមកដល់​) ​។

យោង​តាម​ទិន្នន័យ​បាន​ពី​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង UK សម្រេចបាន​ជាង​ ១,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ១,១៦ ​ពាន់​លាន​ដុល្លារ​ទៅ​ UK កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ហើយ​ការនាំ​ចូល​ពី UK ​មាន​តម្លៃ​ ៤៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ១១២ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ ១ ​ឆ្នាំ​មុន​នោះ​។

គណៈកម្មការ​អឺរ៉ុប​កាល​ខែសីហា ឆ្នាំ​ ២០២០ ​នេះ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ ៤០ មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន ២៧ នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ​។ យោងតាម​ខ្លឹមសារ​ដែល​បាន​ចុះផ្សាយ​កន្លងមក​។

ប៉ុន្តែ​ជា​បន្តបន្ទាប់ រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​អំពី​រំលោភសិទ្ធិ​មនុស្ស ហើយ​អះអាង​ថា ខ្លួន​បាន​អនុវត្ត​តាមច្បាប់​។

ការព្យួរ​ដោយ​ផ្នែក​នេះ​នឹង​ប៉ះពាល់​ជាក់លាក់​ទៅលើ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង​មួយចំនួន និង​ប៉ះពាល់​ទាំងស្រុង​ទៅលើ​សម្ភារ​សម្រាប់​ធ្វើដំណើរ និង​ស្ករស​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប​ចេញផ្សាយ​កន្លង​មក​។

អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​របស់​កម្ពុជា​មាន​ចំនួន​ ៤៥ ​ភាគរយ​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​។ ការនាំ​ចេញទៅ​អឺរ៉ុប​ជា​ទីផ្សារ​ចាយប្រាក់​អឺរ៉ូ​រួម​សម្រេច​បាន​ ៤,៩ ​ពាន់​លាន​អឺរ៉ូ​ (៥,៥ ​ពាន់​លាន​ដុល្លារ​) កាលពី​ឆ្នាំ ​២០១៨ កើនឡើង​ជិត ​២ ​ដង​ដល់​ ២,៥ ​ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៣​។

ការនាំចេញ​ចំនួន​ច្រើន​ ៩៥,៧ ​ភាគរយ​ បាន​ចូលទៅ​ទីផ្សារ​អឺរ៉ុប​ស្ថិតក្រោម​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ (EBA)​។ ជារួម​កម្ពុជា​គឺជា​ប្រទេស​ប្រើប្រាស់​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ឈានមុខ​គេ​ទី​ ២ ​នៅ​ពីក្រោយ​ប្រទេស​បង់ក្លាដែស​៕LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍