ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) កាលពីម្សិលមិញបានលើកឡើងពីបន្ទុកថ្មីមួយទាក់ទងនឹងការអនុវត្តច្បាប់លើរថយន្តកុងតឺន័រដែលមានប្រវែងលើសពី ១៦ ម៉ែត្រ ដោយបញ្ជាក់ថាវិធានការនេះបានធ្វើឲ្យការចរាចរណ៍ទំនិញវត្ថុធាតុដើមបម្រើក្នុងវិស័យកាត់ដេរមានការកកស្ទះ និងប៉ះពាល់ដាល់ចង្វាក់ផលិតកម្ម។
សមាគមទាំង ២ បានសុំអន្តរាគមន៍ពីក្រសួងតំណាងរដ្ឋាភិបាលដើម្បីផ្តល់ការអនុញ្ញាតឲ្យរថយន្តដែលមានប្រវែងដល់ ១៧ ម៉ែត្រអាចចរាចរបាន និងរថយន្តសណ្ដោងសឺមីរ៉ឺម៉កដឹកកុងតឺន័រ ៤៥ ហ្វីតដែលមានកម្ពស់ ៤,៥ ម៉ែត្រអាចធ្វើចរាចរណ៍តាមផ្លូវសាធារណៈបានរហូតដល់ការកំណត់ណាមួយ។
ក្នុងលិខិតចំហផ្ញើសុំអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ GMAC បានរៀបរាប់ថាសមាជិកជាច្រើនបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហារថយន្តដឹកជញ្ជូនដែលមានប្រវែងលើសពី ១៦ ម៉ែត្រ និងកុងតឺន័រដែលមានប្រវែង ៤៥ ហ្វីត។ រថយន្ត និងកុងតឺន័រទាំងនោះជាច្រើនត្រូវបានចាប់ឃាត់ទុក (តាមច្បាប់) ដោយអាជ្ញាធរនាំទៅដល់ការរាំងស្ទះនៃចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មក៏ដូចជាការនាំចេញ។
GMAC បានលើកឡើងថា៖ «បញ្ហានេះបង្កជាការគំរាមកំហែងថ្មីមួយទៀតដល់វិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូបដែលកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងលើទីផ្សារពិភពលោក និងពេលវេលាផលិតដែលអ្នកបញ្ជាទិញដាក់ឲ្យកាន់តែខ្លីទៅៗ»។
តាមការប៉ាន់ស្មានពី GMAC លើតួលេខនៃប្រភេទកុងតឺន័រ និងលក្ខខណ្ឌរបស់រថយន្តបច្ចុប្បន្នដែលកំពុងផ្ដល់សេវាដល់វិស័យឯកជនផ្នែកនាំចេញនាំចូល ការអនុវត្តតាមច្បាប់ជាធរមានតឹងរ៉ឹងដូចក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះនឹងធ្វើឲ្យប៉ះពាល់ ៥០ ភាគរយនៃសកម្មភាពនាំចេញ នាំចូលរបស់រោងចក្រ។
លិខិត GMAC ដដែលក៏បានស្នើសុំឲ្យមានការពិចារណាលើលទ្ធភាពក្នុងការកែសម្រួលប្រកាសចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១០ ឲ្យមានលក្ខណៈកាន់តែស្របតាមនិយាមអន្តរជាតិដែលអាចឲ្យរថយន្តសណ្ដោងសឺមីរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រប្រវែង ៤០ ហ្វីត និង ៤៥ ហ្វីតអាចធ្វើចរាចរបាន។
លិខិតដដែលបញ្ជាក់ថា៖ «ច្បាប់របស់កម្ពុជាមានលក្ខណៈសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា តែអាចមានលក្ខណៈខុសគ្នាខ្លះពីបទដ្ឋានអនុវត្តជាអន្តរជាតិដែលកម្ពុជាគួរធ្វើការសម្របសម្រួលក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងពីម្សិលមិញថា ការអនុវត្តវិធានការនេះមានការប៉ះពាល់ធ្ងន់ធ្ងរដោយសារឡានជាច្រើនអត់ហ៊ានចរាចរទេ ហើយក្រុមហ៊ុនដឹកជញ្ជូនមិនហ៊ានទទួលការកក់ពីរោងចក្រ ដោយសារឡានពួកគេអត់មានអនុលោមភាពទៅតាមច្បាប់។
លោកបន្តថា៖ «យើងទទួលស្គាល់ថា នេះជាក៏ជាកំហុសរបស់វិស័យឯកជនដែរដែលមិនបានគោរពតាមលក្ខខណ្ឌច្បាប់ជាធរមាន។ យើងទទួលស្គាល់មិនមែនជាកំហុសរបស់ស្ថាប័នអនុវត្តច្បាប់ទេ។ តាមពិតឡានដែលមិនអនុលោមតាមច្បាប់នោះមិនមានការកែច្នៃនោះទេ វាជាឡានដែលសុទ្ធតែមានបណ្តោយដែលគោរពតាមស្តង់ដារអន្តរជាតិ ស្តង់ដារអាមេរិក ស្តង់ដារអឺរ៉ុប តែមិនសមស្របនឹងស្តង់ដារប្រទេសយើងដែលកំណត់ត្រឹម ១៦ ម៉ែត្រ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារដឹកបញ្ជូនទំនិញកម្ពុជាពីម្សិលមិញបានជួបប្រជុំសុំអន្តរាគមន៍ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន។
លោកបញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ដែលមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញប្រវែងមិនលើសពី ១៦ ម៉ែត្រចរាចរបាន បានប៉ះពាល់ដល់រថយន្តដែលកំពុងដំណើរការសរុបប្រមាណ ៦៦ ភាគរយ។
លោកបន្តថា សមាគមបានស្នើសុំទៅលោករដ្ឋមន្ត្រីឲ្យមានការអនុញ្ញាតឲ្យចរាចររថយន្តប្រវែង ១៦,៨ ម៉ែត្រសម្រាប់រថយន្តកុងតឺន័រធម្មតា និង ១៧,៥៥ ម៉ែត្រសម្រាប់រថយន្តដែលដឹកកុងតឺន័រ ៤៥ ហ្វីត។
លោកថ្លែងថា៖ «ដំណោះស្រាយណាមួយនៅមិនទាន់សម្រេចនៅឡើយទេ [ក្នុងកិច្ចប្រជុំម្សិលមិញ] ព្រោះបញ្ហានេះមិនអាចដោះស្រាយត្រឹមក្រសួងបានទេ តែឯកឧត្តមទេសរដ្ឋមន្ត្រីនឹងធ្វើរបាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល អ៊ីចឹងយើងរង់ចាំការសម្រេចពីសំណាក់ប្រមុខរដ្ឋាភិបាល។
លោកបន្តថា៖ «បើសិនជាមានការសម្រួល អនុញ្ញាតតាមអ្វីដែលយើងស្នើសុំនេះ យើងនឹងដោះស្រាយបញ្ហាវិញបានហើយ ព្រោះយើងនឹងអាចមានឡានដល់ទៅ ៩០ ភាគរយហើយដែលនឹងអនុលោមតាមច្បាប់»៕LA