ភ្នំពេញៈ លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ កំពុង​សិក្សា​លើ​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើមពី​ប្រទេស​ចិន ដើម្បី​វាយតម្លៃ​តម្រូវការ​បច្ចុប្បន្ន បន្ទាប់ពី​កុងតឺន័រ​ជិត​ ២០០ បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ចន្ទ​។

លោក ស៊ូអៀង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា GMAC នឹងធ្វើ​ដំណើរ​ទៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​គណនា​នាវា​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​។ លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ត្រួត​ពិនិត្យថា តើ​កុងតឺន័រ​ប៉ុន្មាន​ចូលមក​? ​ដើម្បី​វាយតម្លៃ​ការប្រើប្រាស់​របស់​រោងចក្រ​នានា​ដែល​យើង​កំពុង​បន្តការងារ​នោះ​»​។

ទន្ទឹមនឹង​នេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការមកដល់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នឹង​ជួយ​សម្រាល​ដល់​បន្ទុក​មួយ​ចំនួន និង​ជា​បណ្ដើរៗ ខណៈ​ស្ថានការណ៍​វីរុស​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ចិន​បាន​ស្ងប់ស្ងាត់​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ការផ្គត់ផ្គង់​នឹង​កាន់តែ​ធំ និង​កាន់តែ​រហ័ស ដែល​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​របស់​យើង​ដល់​កម្រិត​អតិបរមា​»​។

លោក កាំង ម៉ូនីកា បញ្ជាក់ថា​៖ «​វា​មិនទាន់​ច្បាស់​នោះទេ តើ​រោងចក្រ​អ្វី​ត្រូវបាន​ផ្អាក​ការផលិត​ជា​បណ្ដោះអាសន្ន​នោះ​។ យើង​មិនទាន់​ដឹង​ផលិតផល​ណាមួយ​នឹង​ចូលមក​នោះទេ​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ GMAC កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ដោយមាន​អន្តរាគមន៍​ពី​ភាគី​រដ្ឋាភិបាល​ចិន វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​បានមក​ដល់ SAP កាលពី​ថ្ងៃ​ចន្ទ និង​កុងតឺន័រ​ទាំងអស់​ត្រូវ​បាន​ទម្លាក់​ចុះ​ជាបន្ទាន់​ពី​នាវា និង​ដាក់​នៅ​កន្លែង​ផ្ទុកទំនិញ​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​យើង​រំពឹងថា នាវា​ ១២ ​គ្រឿង​ដឹកជញ្ជូន​វត្ថុធាតុដើម​នឹង​មកដល់ SAP ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃអាទិត្យ​»​។

«​វត្ថុធាតុដើម​ត្រូវបាន​ដឹកជញ្ជូន​មក​រោងចក្រ​នៅក្នុង​តំបន់​ផ្សេងៗ​ដែល​​រួមទាំង​ទីក្រុង​ភ្នំពេញ​ផងដែរ​»​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា រោងចក្រ ៥០ បាន​ផ្អាក​ប្រតិបត្តិការ ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​។ រោងចក្រ​ ៧ ​នៅពេលនេះ​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញ បន្ទាប់ពី​ការមកដល់​កុងតឺន័រ​ទាំងនេះ​។

លោក ហេង សួរ ថ្លែងថា​៖ «​នាវា​ទាំងនេះ​អាចជា​នាវា​តូច ប៉ុន្តែ​ជួយ​ដល់​រោងចក្រ​ក្នុងស្រុក​ឲ្យ​ចាប់ផ្ដើម​ការផលិត​ឡើង​វិញ​»​។

រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ​ដោយសារ​តែ​កុងតឺន័រ​ជិត​ ២០០ បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បន្ធូរបន្ថយ​កង្វះ​វត្ថុធាតុដើម​នៅក្នុង​វិស័យនេះ​។

លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក PAS បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា នាវា​ដឹក​កុងតឺន័រ ៤ ​បាន​ចូលដល់​កំពង់ផែ​នេះ​បាន​នាំមក​វត្ថុធាតុ​ដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា នាវា​ប្រហែល ១៥ ​គ្រឿង​ដែល​ដឹកជញ្ជូន​វត្ថុធាតុដើម​នឹង​មកដល់​រាល់​សប្ដាហ៍​។ លោក​បាន​បន្តថា​៖ «​ផែនការ​នឹង​បង្កើន​ចំនួន​ការដឹកជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ដើម្បី​ជួយ​សម្រាល​ដល់​កង្វះខាត​នៅទីនេះ​»៕ LA