
ភ្នំពេញៈ ដោយមានជម្រើសបី សម្រាប់គម្រោងដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដេរពីរដងដល់ ១៦០ ដុល្លារនៅត្រឹមឆ្នាំ ២០១៨ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានជ្រើសរើសយកជម្រើស ទី៤ គឺគ្រាន់តែដំឡើងប្រាក់ឈ្នួលដល់ត្រឹម ១៣០ ដុល្លារ។
ក្នុងលិខិតមួយដែលសមាគមរោងចក្រកាត់ដេរ ផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃពុធ បានឲ្យដឹងថា សមាគមរោងចក្រកាត់ដេរ និងស្បែកជើងបានថ្លែងថា ពួកគេនឹងយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១០ ដុល្លារ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំទៀត ខណៈដែលប្រាក់ឈ្នួលអប្បបរមា របស់កម្មករនាពេលបច្ចុប្បន្ន មានត្រឹមតែ ៨០ ដុល្លារអាមេរិកប៉ុណ្ណោះ។
លិខិតដែលបានផើ្ញកាលពីថ្ងៃអង្គារ ជាថ្ងៃតែមួយដែលក្រុមការងារនៃក្រសួង ការងារ រួមមានមន្រ្តី តំណាងសហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ពីផែនការបីខុសៗគ្នាដើម្បីបង្កើនប្រាក់ឈ្នួលដល់ ១៦០ ដុល្លារ នៅត្រឹមឆ្នាំ ២០១៨។ នៅថ្ងៃអង្គារនោះ ក្រុមការងារ បានស្នើរដ្ឋាភិបាលបង្កើនប្រាក់ឈ្នួល ក្នុងរយៈពេល ៥ ឆ្នាំ ដោយបន្ថែម ១៦ ដុល្លារ ជាប្រចាំឆ្នាំ រហូតដល់ឆ្នាំ ២០១៨ ដោយផ្អែកលើកត្តាដូចជា សេដ្ឋកិច្ច អតិផរណា ឬបង្កើនប្រាក់ឈ្នួលអប្បបរមាដល់ ១៦០ ដុល្លារនៅឆ្នាំក្រោយតែម្ដង។
លោក ខេន លូ អគ្គលេខាធិការសមាគម រោងចក្រកាត់ដេរបានឲ្យដឹងថា ខណៈដែលតួលេខរបស់សមាគមរោងចក្រកាត់ដេរខុសពីតួលេខរបស់ក្រុមការងារ វាមិនមែនខុសពីជំហររបស់ពួកគេនោះទេ។ លោក លូ បានថ្លែងកាលពីថ្ងៃពុធថា៖ «នោះគឺជាជំហរផ្លូវការដើម។ ប៉ុន្តែ យើងបានជួបប្រជុំច្រើនលើកជាមួយនឹងរដ្ឋាភិបាលហើយហាក់បីដូចជា បានឈានដល់ការយោគយល់គ្នាមួយចំនួន»។
បន្ទាប់ពីបានព្រមព្រៀងបង់ប្រាក់តិចជាងពាក់កណ្តាលនៃប្រាក់ឈ្នួលអប្បបរមាដែលក្រុមការងារបានស្នើឡើង លិខិតនោះបានបន្តស្នើសុំរដ្ឋាភិបាលអនុវត្តគោលនយោបាយមិនត្រាប្រណីចំពោះកូដកម្មខុសច្បាប់ ហើយស្នើធ្វើការពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសហជីពឲ្យបានឆាប់ៗ។
សេចក្តីថ្លែងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដោយឡែកមួយ ដែល ភ្នំពេញ ប៉ុស្តិ៍ បានទទួលកាលពីថ្ងៃពុធបានចោទថា កម្មករពីរនាក់នៅរោងចក្រ Apple Apparel (Cambodia) ដែលមិនចូលរួមក្នុងកូដកម្មនៅទីនោះ ត្រូវបានគេចង និងវាយដំជាទម្ងន់នៅថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍នោះគាំទ្រឲ្យរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។
លិខិតមួយទៀតដែលចុះហត្ថលេខា ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា គឺជាអនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថលេខាដោយមន្រ្តីរដ្ឋាភិបាល និងអង្គការពលកម្មអន្តរជាតិដែលអនុញ្ញាតឲ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បន្តធ្វើការនៅកម្ពុជាសម្រាប់រយៈពេល ៣ ឆ្នាំទៀត។
លោកស្រី Maurizio Bussi នាយកអាស៊ីបូព៌ា អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិក របស់អង្គការពលកម្មអន្តរជាតិ បានថ្លែងថា៖ «វាជាសញ្ញាល្អនៃការចូលរួមថ្នាក់ជាតិ ជាការប្តេជ្ញាថ្នាក់ជាតិ»។
កម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជា បានប្រកាសកាលពីខែ តុលា អំពីគម្រោងរបស់ពួកគេក្នុងការចាប់ផ្តើមចេញផ្សាយផ្នែកមួយចំនួននៃរបាយការណ៍ស្តីពីការត្រួតពិនិត្យរោងចក្រ។ ប៉ុន្តែលោកស្រី Maurizio Bussi បានបន្តថា កម្មវិធីបានបង្កើត ដែលពួកគេនឹងផ្សាយជាសាធារណៈអំពីការរំលោភបំពានលើស្តង់ដារពលកម្មអន្តរជាតិ និងសុខភាព។
ក្រុមមេដឹកនាំសហជីពឯករាជ្យនានាបានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះ ហើយពួកគេបានមូលមាត់គ្នា ដោយធ្វើការទាមទារឲ្យដំឡើងប្រាក់ខែគោលដល់កម្មករឲ្យបានយ៉ាងតិច ១៥៤ ដុល្លារ នៅក្នុងឆ្នាំ ២០១៤ ខាងមុខនេះខណៈដែលប្រាក់ខែគោលបច្ចុប្បន្នរបស់កម្មករបាន ៨០ ដុល្លារ៕ TK
រាយការណ៍បន្ថែមដោយ SHANE WORRELL