The Phnom Penh Post Search

Search form

GMAC ដាក់ញត្តិ​ស្នើ​សុំ​ឲ្យ​អាមេរិក​លើក​ពន្ធ​ស្បែក​ជើង

Content image - Phnom Penh Post
ស្បែក​ជើង​ដែល​ដាក់​តាំង​លក់​នៅ​ហាង​មួយ​នៅ​ភ្នំពេញ។ ផា លីណា

GMAC ដាក់ញត្តិ​ស្នើ​សុំ​ឲ្យ​អាមេរិក​លើក​ពន្ធ​ស្បែក​ជើង

ភ្នំពេញៈ តំណាង​វិនិយោគិន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​កាលពី​ម្សិលមិញ​ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក ស្នើ​ឲ្យ​មាន​ការ​ពិចារណា​លើក​លែង​ពន្ធ​នាំចូល​លើ​ផលិតផល​ស្បែក​ជើង​ពី​កម្ពុជា ដោយ​បញ្ជាក់ថា​ការ​ទទួល​បាន​សិទ្ធិ​ពិសេស​នេះ​នឹង​ជួយ​បង្កើន​ភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​គោល​នយោបាយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ប្រចាំឆ្នាំ​របស់​ខ្លួន ដូច្នេះ​ហើយ​សមាគម​ក៏​បាន​សម្រេច​ដាក់​ញត្តិ​ទៅ​អាមេរិក​នា​ពេល​នេះ​។

GMAC បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​មួយ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សម្រួល​នូវ​ការ​រៀបចំ​លិខិត​គតិយុត្ត​ពាក់ព័ន្ធ​នានា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​សំណើ​នេះ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង GMAC បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា មាន​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​បង្ហាញ​ពី​លទ្ធភាព​ដែល​អាមេរិក អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្តល់ GSP ផ្នែក​ផលិតផល​ស្បែក​ជើង​មក​កម្ពុជា ខណៈ​អាមេរិក​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ពង្រីក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក​បន្ត​ថា សមាគម​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​អាមេរិក​ផ្ទាល់​ក៏បាន​ផ្តួច​ផ្តើម​គំនិត​ស្នើសុំ GSP សម្រាប់​ផលិតផល​ស្បែកជើង​នេះ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​មុន​ឬ​ក្រោយ GMAC សង្ឃឹម​ថា ញត្តិ​នេះ​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដោយ​ពិចារណា​លើ​ការ​កែលម្អ​ឥត​ឈប់ឈរ​ទៅ​លើ​លក្ខខណ្ឌ​ការងារ​នៅ​ កម្ពុជា ជា​ពិសេស​ភាព​ប្រសើរ​ឡើង​នៃ​ប្រាក់​ឈ្នួល ជាមួយ​នឹង​ការ​កែលម្អ​បន្ថែម​ទៀត​នៃ​សុខុមាលភាព​របស់​កម្មករ​»​។

ឧស្សាហកម្ម​ផលិត​ស្បែក​ជើង​គឺជា​ឧស្សាហកម្ម​សំខាន់​មួយ​របស់​កម្ពុជា​បន្ទាប់​ឧស្សាហកម្ម​ផលិត​សម្លៀក​បំពាក់​។ បើ​យោង​តាម​ទិន្នន័យ​ពី GMAC កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​ដោយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ៧០០ លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។

កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​១២២ ផ្សេង​ទៀត​ដែល​ទទួល​បាន GSP ពី​អាមេរិក ដែល​ជា​ប្រព័ន្ធ​មួយ​អនុញ្ញាត​ឲ្យ​មាន​មុខ​ទំនិញ​ជាង​ ៥ ០០០ មុខ​អាច​នាំ​ចូល​ទៅ​អាមេរិក​ដោយ​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​។

យ៉ាង​ណា​ក៏​ដោយ លោក ម៉ូនីកា ថ្លែង​ថា អត្ថ​ប្រយោជន៍ GSP ដែល​មាន​ស្រាប់​នៅ​មាន​កម្រិត​នៅ​ឡើយ​សម្រាប់​កម្ពុជា​ដោយ​សារ​ថា ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​ផលិត​បាន​មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​លើក​លែង​ពន្ធ​ទេ​។

លោក​បញ្ជាក់​ថា​៖«​ក្នុង​ចំណោម​ផលិតផល ១០០ ភាគរយ​គាត់​បាន​ឲ្យ GSP ៩៧ ភាគរយ​ទៅ​ហើយ តែ​វា​ជា​ផលិតផល​ដែល​យើង​មិន​ទាន់​អាច​ផលិត​បាន​នៅ​ឡើយ ឧទាហរណ៍​ដូច​ជា ឡាន ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ឬក៏​ម៉ាស៊ីន​ភ្លើង​អី​ជាដើម​»​។

លោក​បន្ត​ថា​៖«​ផលិតផល​សំខាន់ៗ​ដែល​យើង​ផលិត​បាន​មាន​ដូច​ជា​សម្លៀក​បំពាក់ និង​ស្បែក​ជើង ហើយ​ផលិតផល​ទាំង​នេះ​មិន​ស្ថិត​ក្នុង​បញ្ជី​ទទួល​បាន​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក​ទេ​»​។

កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៦ អាមេរិក បាន​សម្រេច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ (​ដូច​ជា​កាបូប​យួរដៃ កាបូប​ស្ពាយ​ជាដើម​) ដោយ​អាច​ឲ្យ​នាំ​ចូល​ទៅ​ទីផ្សារ​អាមេរិក​ដោយ​មិន​ជាប់​ពន្ធគយ​។

កាលពីមុន​ ការនាំ​ចូល​ផលិតផល​ទាំង​នេះ ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធគយ​នៅ​ចន្លោះ​ពី​៤,៥ ភាគរយ​ដល់ ២​០ ភាគរយ អាស្រ័យ​តាម​ប្រភេទ​ទំនិញ​នីមួយៗ​។ ការផ្តល់​អនុគ្រោះ​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ធ្វើដំណើរ​ទៅ​អាមេរិក​កើន​ឡើង និង​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ចូលមក​វិនិយោគ​បន្ថែម​ជា​បន្តបន្ទាប់​។

ទោះ​យ៉ាង​ណា GMAC ក៏​លើក​ឡើង​ដែរ​ថា ការ​សម្រេច​ផ្តល់ GSP សម្រាប់​ផលិតផល​ស្បែក​ជើង​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយ​សារ​វា​ជា​ប្រធានបទ​រសើប​ទាក់ទង​នឹង​ប្រភព​ចំណូល​ពន្ធ​របស់​អាមេរិក​។

លោក Miguel Chanco អ្នក​វិភាគ​ជាន់​ខ្ពស់​ប្រចាំ​តំបន់​អាស៊ាន ​របស់ Economist Intelligence Unit (EIU) បាន​លើក​ឡើង​ថា បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន ដូចជា ​ប្រទេស​ហ្វីលីពីន បាន​និង​កំពុង​ស្វែងរក​ក្នុង​ការ​ទទួល​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ប្រភេទ​ដូចគ្នានេះ​ពី​អាមេរិក​ផង​ដែរ​។

លោក​បន្តថា ការ​ទទួល​បាន GSP លើ​ផលិតផល​ស្បែក​ជើង នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ស្បែក​ជើង​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន​។

លោក​បាន​ថ្លែងថា​៖«​វា​ពិតជា​មិនមាន​ការ​ខាតបង់​អ្វី​នោះទេ​ក្នុង​ការ​ជំរុញ​នៅ​ពេល​នេះ ​ឬ​ឆ្នាំ​ក្រោយ ឬ​ឆ្នាំក្រោយ​មួយទៀត​។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ សមាគម [GMAC] នេះ​កំពុង​ធ្វើតាម​របៀប​ដែល​ស្ថាប័ន​ពាណិជ្ជ​មួយ​គួរតែ​ធ្វើ ក្នុង​ការ​ស្វែងរក​អត្ថប្រយោជន៍​ដល់​សមាជិក​របស់​ខ្លូន​»​។

លោក​បាន​បន្តថា​៖«[​ប្រសិន​បើ​ជោគជ័យ​] ភាព​បត់បែន​នៃ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ការ​កើន​ឡើង ដែល​នឹង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​ខ្លាំង​ពេក​តែ​លើ​ការ​ផលិតកម្ម​សម្លៀក​បំពាក់​»​។

ប៉ុន្តែ​ទន្ទឹម​នេះ​ដោយ​សារ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​លោក Miguel លើក​ឡើង​ថា ផ្លែផ្កា​ចេញពី​លទ្ធផល​នៃ​ការ​អំពាវនាវ​ដើម្បី​ឲ្យ​អាមេរិក​ធ្វើការ​កែប្រែ​ច្បាប់​របស់​ខ្លួន​ទាក់ទង​នឹង ​GSP លើ​ផលិតផល​ស្បែក​ជើង​នេះ​អាច​ស្ថិត​ក្នុង​ក្តី​មន្ទិល​នៅ​ឡើយ​។

លោក​បាន​ថ្លែងថា​៖ «​វត្តមាន​របស់​គណបក្ស​ប្រឆាំង នៅ​ទីក្រុង​វ៉ាស៊ីនតោន​ហាក់​មាន​ឥទ្ធិពល​ខ្លាំង​ផង​ដែរ ហើយ​ខ្ញុំ​យល់​ថា ពួក​គេ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​សមាជិក​សភា​អាមេរិក​ឲ្យ​ផ្អាក​ការ​សម្រេច​ចិត្ត​ផ្តល់​សិទ្ធិ​ពាណិជ្ជកម្ម​ណា​មួយ​សិន លុះ​ណា​តែ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​សិន​»៕ LA

អត្ថបទគួរចាប់អារម្មណ៍