ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​រួម​ជាមួយ​ដៃគូ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង Switch Garment ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១១ ខែ​កញ្ញា​នេះ​ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ តាមរយៈ​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព និង​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថាមពល​ស្អាត​។

លោក លី តេកហេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​និង​ជា​ប្រធាន​គម្រោង Switch Garment បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា GMAC នឹង​អនុវត្ត​គម្រោង​នេះ​រួមគ្នា​ជាមួយ​នឹង​​វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) និង​អង្គការ Geres Cambodia​។

លោក​បន្តថា ក្នុង​ឱកាស​ប្រកាស​គម្រោង​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​មាន​ការចូលរួម​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ពិតជា​មាន​សារៈសំខាន់ ដោយ​វា​នឹង​ជួយ​ឲ្យ​សមាជិកសមាគម​អាច​យល់ដឹង​ពី​ការប្រើ​បច្ចេកវិទ្យា​ថ្មី និង​ឧបករណ៍​ថ្មីៗ​ដែល​ធ្វើឲ្យ​គាត់​ប្រើប្រាស់​អគ្គិសនី​អស់​តិច ចំណាយ​តិច ប៉ុន្តែ​ទទួល​បាន​ផលប្រយោជន៍​ច្រើន​។ យើង​ក៏បាន​គិតគូរ​ពី​ផលប៉ះពាល់​បរិស្ថាន​ផងដែរ​»​។

លោក​បន្ថែមថា គម្រោង​នេះ​មាន​គោលបំណង​បង្កើន​ភាពប្រកួតប្រជែង និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា តាមរយៈ​ផលិតកម្ម​ប្រកប​ដោយ​ចីរភាព និង​បង្កើន​ការវិនិយោគ​លើ​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ដូចជា ប្រសិទ្ធភាព​ការប្រើប្រាស់​បច្ចេកវិទ្យា ការផ្លាស់ប្តូរ​ទៅ​ប្រើ​ថាមពល​កកើត​ឡើងវិញ និង​ការគ្រប់គ្រង​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​និយាយថា​៖ «​យើង​នឹង​មាន​ការបណ្តុះបណ្តាល​ដល់​សមាជិក​ពី​ផ្នត់គំនិត​នៃ​ការប្រើប្រាស់​ថាមពល​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ព្រោះ​រោងចក្រ​មួយចំនួន​មិនទាន់​មាន​អ្នកជំនាញ​យល់ដឹង​ពី​ផ្នែក​នេះ​ទេ ហើយ​ការប្រើប្រាស់​ថាមពល​ក៏​នៅ​មិនទាន់​ត្រឹមត្រូវ​តាម​បច្ចេកទេស​ឧស្សាហកម្ម​ដែរ​»​។

លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា ក្រសួង​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រោងចក្រ​កាត់ដេរ​ឲ្យ​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​យន្តការ​របស់​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​អគ្គិសនី​ទាប ថ្លៃដើម​ផលិត​ទាប ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ប្រកួតប្រជែង ហើយ​យន្តការ​បញ្ចុះតម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​ក៏​ជា​ការរួមចំណែក​ផងដែរ​»​។

យោង​តាម​ស្ថាប័ន Switch Asia គម្រោង​គំរូ​សេដ្ឋកិច្ច GGGI បាន​ប៉ាន់ប្រមាណ​ថា បើ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​កាត់ដេរ​កើន ២០ ​ភាគរយ នោះ​វា​នឹង​ធ្វើ​លទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល​កើន ៣១ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០៣០ ដែល​នឹង​ធ្វើឲ្យ​ចំណេញ​ពី​ការប្រើ​ថាមពល​ធម្មតា​ដល់ ២ ​ពាន់​លាន​ដុល្លារ​។

Switch Asia បន្តថា ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចុះ​នូវ​សមត្ថភាព​ប្រកួតប្រជែង​ធៀប​នឹង​ប្រទេសមួយ​ចំនួន​ដូចជា បង់ក្លាដែស មីយ៉ាន់ម៉ា និង​វៀតណាម ដោយសារ​តែ​ថ្លៃ​ថាមពល​ខ្ពស់ ក៏ដូចជា​ការកើនឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ផលិតភាព និង​ភ័ស្តុភារកម្ម​។

យោង​តាម​លោក តេកហេង គម្រោង​នេះ​មាន​រយៈពេល ៤ ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៤ ដែលជា​ជំនួយ​របស់ Switch Asia នូវ​ថវិកា​ចំនួន ២ ៩៩៥ ៧៤៨ ​អឺរ៉ូ​៕ LA